(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ រួមជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឯកភាពគ្នាបង្កើតឲ្យមានទីស្នាក់ការផ្ដល់ លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស ចំនួន៣កន្លែងផ្សេងគ្នា ហើយបានប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ដើម្បីសម្រួល និងពន្លឿនការផ្ដល់សេវាជូនពលករកម្ពុជា ដែលទៅធ្វើការនៅ ប្រទេសថៃ។
គួរបញ្ជាក់ថា លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេសនេះ មានសារសំខាន់ណាស់ ព្រោះវាអាចឲ្យពលករ កម្ពុជាធ្វើការ ដោយស្របច្បាប់ នៅប្រទេសថៃ ហើយគ្រាន់តែកាន់បណ្ណនេះ ពួកគេអាចធ្វើដំណើរបានគ្រប់រាជធានី-ខេត្ត ក្នុងប្រទេសថៃផងដែរ។ ចំណែកឯទីស្នាក់ការផ្ដល់លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេស ទាំង៣កន្លែងនោះ គឺមាននៅរាជធានីភ្នំពេញ ក្នុងផ្សារស្ទឹងមានជ័យថ្មី (ជាន់ទី២) នៅខេត្តបាត់ដំបង និងនៅខេត្តបន្ទាយមានជ័យ។
ពិធីបើកដំណើរជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ លោក សេង សក្តា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ នៅផ្សារស្ទឹងមានជ័យថ្មី។
លោក សេង សក្តា បានឲ្យដឹងថា គោលបំណងនៃការបង្កើតទីស្នាក់ការផ្ដល់លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេសនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលករ ដែលចង់ទៅបំពេញបែបបទឯកសារទៅធ្វើការនៅប្រទេសថៃ ហើយជាកន្លែងមួយច្បាស់លាស់ ក្នុងការបំពេញបែបបទនីតិវិធី សម្រាប់ឲ្យបានឯកសារស្របច្បាប់ទៅធ្វើការនៅបរទេស។
លោកអគ្គនាយកបានបន្តថា បើគិតទាំង៣កន្លែងនេះ មន្ត្រីអាចធ្វើលិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេសជូនពលករ បានប្រមាណ៣ពាន់នាក់ ក្នុងមួយខែ ហើយបណ្ណទាំងនេះមានសុពលភាព ៥ឆ្នាំ និងគ្មានការពន្យារពេលនោះទេ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានបញ្ជាក់ថា ការងារនេះក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការទប់ស្កាត់បញ្ហាពលករចាញ់ បោកមេខ្យល់ ចំណាកស្រុកខុសច្បាប់ ការចំណាយថវិកាច្រើន ខ្ជះខ្ជាយពេលវេលា និងទប់ស្កាត់ការចេញទៅធ្វើការនៅក្រៅប្រទេស គ្មានឯកសារស្របច្បាប់ ពោលនឹងជួយដោះស្រាយបញ្ហាជូនប្រជាពលករបានច្រើន។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ដើម្បីធ្វើលិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេសនេះបាន ប្រជាពលរដ្ឋកម្ពុជា ត្រូវបំពេញតាម លក្ខខណ្ឌគតិយុត្តមួយចំនួន ដូចជា ត្រូវមានកិច្ចសន្យាការងារពីនិយោជកថៃ តាមរយៈទីភ្នាក់ងារដែលបញ្ជូនពួកគេទៅធ្វើការងារនៅទីនោះត្រូវមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (បើមានអត្តសញ្ញាណបណ្ណគំរូថ្មីរឹតតែល្អ) បើគ្មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទេ ត្រូវមានសេចក្ដីចំលងសំបុត្រ បញ្ជាក់កំណើត ឬសំបុត្របញ្ជាក់កំណើតច្បាប់ដើម ភ្ជាប់ជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលច្បាស់លាស់ត្រឹមត្រូវ។ ត្រង់ចំណុចនេះ លោកបញ្ជាក់ទៀតថា បើពលករមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅឡើយទេ ពួកគាត់អាចទំនាក់ទំនងជាមួយមន្ត្រីជំនាញនៅក្នុង ទីស្នាក់ការផ្ដល់លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជាធ្វើការនៅបរទេសនេះ ដើម្បីឲ្យមន្ត្រីទាំងនោះ ទំនាក់ទំនងនាំទៅធ្វើអត្តសញ្ញាណបណ្ណ ជូនថែមទៀតផង។
តំណាងក្រសួងទាំងពីរ ក៏បានសំណូមពរដល់ទីភ្នាក់ងារជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករទៅថ្វើការនៅក្រៅប្រទេសផងដែរ កុំឲ្យកំណត់ថ្លៃសេវាខ្ពស់ហួសពេក ព្រោះរាជរដ្ឋាភិបាលបានរិះរក និងធ្វើគ្រប់វិធីដើម្បីសម្រួល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ កម្មករ ពលករជាដើម ប៉ុន្តែបើផ្នែកឯកជនមិនជួយសហការក្នុងការសម្រួលជូនប្រជាពលរដ្ឋ ក៏ដូចជាពលករទេនោះ ការខិតខំគ្រប់បែបយ៉ាងនឹង មិនអាចទទួលបានការស្វាគមន៍ និងគាំទ្រពីប្រជាពលរដ្ឋនោះឡើយ។
គណៈអធិបតីទាំងពីរ ក៏បានណែនាំផ្ដាំផ្ញើដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនផងដែរ ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានដិតដល់ កុំមានការព្រងើយកន្តើយ កុំប្រើពាក្យសម្ដីគំរោះគំរើយដាក់ប្រជាពលរដ្ឋឲ្យសោះ ហើយរួបរួមសាមគ្គីគ្នា សហការគ្នាឲ្យបានជិតស្និទ្ធ ដើម្បីសម្រេចការងារទាំងឡាយឲ្យមានប្រសិទ្ធភាព និងតម្លាភាព៕