(ពោធិ៍សាត់)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា មានករណីគ្រោះថា្នក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ដ Audi ស៊េរីទំនើប១គ្រឿង បុករថយន្តហ៊ីយ៉ាន់ដាយពេញទំហឹង បណ្ដាលឲ្យមនុស្សចំនួន២នាក់រងរបួស និងរថយន្ដ Audi ខូចខាតផ្ទៃមុខស្ទើរតែទាំងស្រុង។

ហេតុការណ៍គ្រោះថា្នក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងនៅត្រង់ចំណុចភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ (មុខស្នាក់ការគយ) នៅថ្ងៃច័ន្ទ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០០៖១៥នាទី។

បើតាមមន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ (ខាងរថយន្ដ Audi) ទី១៖ ឈ្មោះ ពឹង យូហួត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បញ្ជូនទៅមន្ទីរពេទ្យ ខេត្តពោធិ៍សាត់ និងទី២៖ ឈ្មោះ ម៉ៅ មនោ (អ្នកបើកបររថយន្ត) ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ រងរបួសស្រាល។

មន្ដ្រីនគរបាលមូលដ្ឋាន បានបន្ដទៀតថា ចំណែកឯអ្នកបើកបររថយន្តហ៊ីយាន់ដាយ ឈ្មោះ ញាញ់ ក្រោយពីកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។ វត្ថុតាងត្រូវរក្សាទុក នៅការិយាល័យនគរបាលផ្លូវគោក ដើម្បីបន្តនីតិវិធីតាមច្បាប់។ តាមការសន្និដ្ឋាន រថយន្តហ៊ីយាន់ដាយ មិនប្រកាន់ស្ដាំ៕