(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា ពាក់ព័ន្ធនឹងរឿងវៀតណាម កាត់ផ្តាច់ច្រក ព្រំដែនទាំង៤ខ្សែ នៅព្រំដែនខេត្តរតនគិរី នៅអំឡុងខែធ្នូនោះបញ្ហានេះមិនទាន់ធំដុំទេ ហើយគណៈបញ្ជាការខេត្តរតនគិរី កំពុងតែដោះស្រាយបញ្ហានេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជ្រុំបូកសរុបលទ្ធផលការងារ ប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅការងារអនុវត្តបន្ត ប្រចាំខែមករា ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធករណីខាងលើនេះ គណៈបញ្ជាការ ខេត្តរតនគិរី កំពុងតែដោះស្រាយជាមួយ ភាគីវៀតណាម។ ដោយឡែកសម្រាប់ករណីនេះ មិនមានបញ្ហាអ្វីធំដុំកើតឡើងនោះទេ ដោយសារភាគីវៀតណាម យល់គ្នាមិនបាន»។
លោកបានបន្តទៀតថា «សម្រាប់ផ្លូវទាំង៤ខ្សែខាងលើ ដែលភាគីវៀតណាម ស្នងកម្ពុជា ឲ្យបើកជាផ្លូវការនោះ មិនមានប្រជាជនធ្វើដំណើរ ឆ្លងកាត់នោះទេ»។
សូមបញ្ជាក់ថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ភាគីវៀតណាម បានជីកកាត់ផ្តាច់ និងបិទផ្លូវចេញចូល ចំនួន៤កន្លែងនៅព្រំដែន ស្រុកអណ្តូងមាស ខេត្តរតនគិរី ទល់នឹងខេត្តកន្ទូម វៀតណាម ដោយសារនឹងខឹងភាគីកម្ពុជា មិនព្រមធ្វើតាមសំណើខ្លួន ដែលសុំឱ្យបើកច្រកជាផ្លូវការ។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ដែលផ្សព្វផ្សាយ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨។
តាមការឲ្យដឹងរបស់សមត្ថកិច្ចខេត្តរតនគិរី បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ កងទ័ពការពារព្រំដែនវៀតណាម ប៉ុស្តិ៍លេខ៧០៣របស់ខេត្តកន្ទូម វៀតណាម បានធ្វើរបងបិទផ្លូវ៤កន្លែង ដែលជាផ្លូវតភ្ជាប់ទំនាក់ទំនងចេញចូលរវាង ប៉ុស្តិ៍ការពារព្រំដែន ដែលនៅទល់មុខគ្នាត្រង់ចំណុចបង្គោលព្រំដែន លេខ១៧, ១៨, ១៩ និង ១៩/៥។ ការបិទ៤ចំណុចខាងលើ បានធ្វើឱ្យប៉ះពាល់ដល់ ការចេញចូលទំនាក់ទំនងរវាងប៉ុស្តិ៍ការពារព្រំដែនលេខ៥០៥ នៃវរៈការពារព្រំដែនលេខ២០៣កម្ពុជា ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧០៣ នៃកងទ័ពការពារព្រំដែនខេត្តកន្ទូម វៀតណាម។
ការបិទផ្លូវនេះ ធ្វើឡើងបន្ទាប់ពី រដ្ឋបាលខេត្តរតនគិរីកម្ពុជា និងខេត្តកន្ទូមវៀតណាម បានប្រជុំពិភាក្សាបើកច្រកទ្វេភាគីចំនួន ៤កន្លែង ស្ថិតនៅម្តុំបង្គោល លេខ៤/២ លេខ១០ លេខ១៣ និងលេខ១៩ ក្នុងនោះ ភាគីទាំងពីរ បានឯកភាពព្រមព្រៀងគ្នា តែ១ចំណុច គឺត្រង់បង្គោលលេខ១៩ប៉ុណ្ណោះ នៅសល់៣ចំណុចទៀត ភាគីខេត្តរតនគិរី មិនឯកភាពដោយសារតែ ចំណុចទាំង៣នោះ ស្ថិតនៅក្នុងព្រៃជ្រៅ ពុំមានពលរដ្ឋខ្មែរស់នៅ និងឆ្លងកាត់ចេញចូលឡើយ។ នេះជាលើកទី២ហើយ ដែលកងទ័ពការពារព្រំដែន ខេត្តកន្ទូម វៀតណាម បានបិទផ្លូវធ្វើដំណើរចេញចូលចូលព្រំដែន បន្ទាប់ពីសកម្មភាពលើកទី១ បានជីកផ្តាច់ផ្លូវត្រង់បង្គោលព្រំដែនលេខ៤/២ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧៕