(កំពង់ធំ)៖ ថ្លែងនៅក្នុងពិធី បើកមហោស្របសិល្បៈ ប្រឡងចម្រៀងបុរាណ-សម័យ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣៩ ទិវាបុណ្យ ៧មករា ឆ្នាំ២០១៨ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា មហាជ័យជំនះ ៧មករា ១៩៧៩ គឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រកម្ពុជា ដែលគ្មាននរណាម្នាក់ អាចបដិសេធបានឡើយ។
លោក ឆាង កង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានធ្វើរបាយការណ៍សង្ខេប អំពីការរៀបចំមហោស្រពនេះ ដែលមានរយៈពេល៣រាត្រី គឺចាប់ពីរាត្រីថ្ងៃទី០៧-០៨-០៩ ខែមករា ឆ្នាំ២០១៨ នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។
ក្នុងនោះ លោកប្រធានមន្ទីរ បានបញ្ជាក់ថា បេក្ខជន-បេក្ខនារី ដែលមកដាក់ពាក្យប្រឡងសរុបចំនួន ៨៤នាក់ បេក្ខនារី១៤នាក់ និងធ្វើការសមជម្រុះ នៅសល់ បេក្ខជន-បេក្ខនារី ចំនួន ៤៤នាក់ អ្នកចម្រៀងសម័យ មានចំនួន៣៧នាក់ បេក្ខនារី១១នាក់ អ្នកចម្រៀងបុរាណ មានចំនួន៧នាក់ បេក្ខនារី២នាក់។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងអំណរគុណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំយកចិត្តទុកដាក់ និងប្រឹងប្រែង ក្នុងការរៀបចំមហោស្រពសិល្បៈ ប្រឡងចម្រៀង សម័យ-បុរាណ ដើម្បីរួមចំណែក ធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយ និងបង្ហាញពីប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ដោយមិនមានការភ័យខ្លាច ដូចមុនទៀតទេ។
លោក សុខ លូ បានលើកឡើងថា មហាជ័យជំនះ ៧មករា ១៩៧៩ គឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រកម្ពុជា ដែលគ្មាននរណាម្នាក់ អាចបដិសេធបានឡើយ ដែលបានជួយរំដោះប្រជាជន កម្ពុជា ឲ្យរួចផុតពីការកាប់សម្លាប់ក្នុងរបប ប៉ុល ពត ប្រល័យពូជសាសន៍ជាតិឯង នាអំឡុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រសិនបើគ្មានថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ប្រជាជនកម្ពុជា ក៏គ្មានអ្វីៗដូចថ្ងៃនេះដែល។
អភិបាលខេត្តកំពង់ធំរូបនេះ បានបន្ដទៀតថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវសិទ្ធិសេរីភាព ជាពិសេស សិទ្ធិមានជីវិតរស់នៅ និងមានការស្តារ អភិវឌ្ឍប្រទេសជាតិឲ្យមានការ រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកថា ម្យ៉ាងវិញទៀត មោទនភាពរបស់ខេត្តកំពង់ធំ គឺប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ដែលជាអត្តសញ្ញាណរបស់ជាតិ ដូចពាក្យស្លោកពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កុំថ្កើង»។
លោក សុខ លូ បានផ្តាំផ្ញើ ដល់ក្មួយៗ ជាបេក្ខជន-បេក្ខនារី ដែលចូលរួមប្រឡងចម្រៀង ក្នុងមហោស្រពពេលនេះ ត្រូវខិតខំប្រឹងបញ្ចេញឲ្យអស់ ពីសមត្ថភាព និងទេពកោសល្យ ដើម្បីទទួលបាននូវចំណាត់ថ្នាក់ជ័យលាភី សម្រាប់អង្គមហោស្រព ដើម្បីក្លាយជាអ្នកបន្តវេន ពីរៀមច្បងបន្តទៀត៕