(កំពត)៖ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ខណៈជិះម៉ូតូឌុបគ្នាលឿន មិនពាក់មួកសុវត្ថិភាព ភ្លាត់ស្នៀត ដួលបោកក្បាល ទៅនិងថ្នល់ នៅលើកំណាត់ផ្លូវឡើងភ្នំបូកគោ ចំណុចអូរដំរីងាប់ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ កាលពីវេលាម៉ោង០៥៖២០នាទីល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨។

មន្ត្រីនគរបាលចរាចរ ស្រុកទឹកឈូ បានឲ្យដឹងថា ជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ ឈ្មោះ សូ ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត និងអ្នករួមដំណើរ ឈ្មោះ វី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត បានស្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះទាំង២ ជិះម៉ូតូឌុបគ្នា ម៉ាកសង់សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1i-8114 ម៉ូតូខូចខាតធ្ងន់។

មន្ត្រីនគរបាលដដែលបន្តថា មុនកើតហេតុ គឺជនរងគ្រោះទាំង២នាក់នេះ បានជិះម៉ូតូឌុបគ្នា ចុះពីលើភ្នំបូកគោ ត្រឡប់មកផ្ទះវិញ ដោយប្រើប្រាស់នូវល្បឿនលឿន ហើយមិនពាក់មួក សុវត្ថិភាពទៀត លុះមកដល់ចំណុចកើតហេតុ ក៏ភ្លាត់ស្នៀតដួលខ្លួនឯង បោកក្បាលទៅនឹងថ្នល់ ក៏ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ បែបនេះតែម្តងទៅ។

ក្រោយហេតុការណ៍ សមត្ថកិច្ចចុះ មកធ្វើកោសល្យវិច្ច័យ ហើយបានប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅផ្ទះ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ រីឯជនរងគ្រោះវិញ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំពោះម៉ូតូ ត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារវិញ៕