(កណ្ដាល)៖ រថយន្តដឹកស្រូវជាង១០គ្រឿង ដែលដឹកតាំងពីខេត្តបាត់ដំបងមកនោះ ត្រូវបានក្រុមមន្រ្តី និងអាជ្ញាធរចាប់ឃាត់ទុក នៅចំណុចចូល ទៅកាន់ច្រកព្រែកស្បូវ ភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ក្រោមហេតុផលថា បានបណ្តាលឲ្យខូចផ្លូវយ៉ាងធ្ងន់ធ្ងរ។ សម្រាប់ការចាប់ឃាត់រថយន្តទាំងនេះ ត្រូវបានម្ចាស់រថយន្ត ដែលស៊ីឈ្នួលដឹកជញ្ជូនតាំងពីខេត្តបាត់ដំបងនោះ បាននាំគ្នាតវ៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ដើម្បីសុំឲ្យមន្រ្តីជួយដោះស្រាយ ពីព្រោះការស៊ីឈ្នួលដឹកជញ្ជូននេះ មិនសូវចំណេញប៉ុន្មាននោះទេ។
កាលពីពេលថ្មីៗនេះ អាជ្ញាធរស្រុក បានណែនាំ និងជូនដំណឹងដល់ម្ចាស់រថយន្តធុនធំ ដឹកផលិតផលគ្រប់ប្រភេទ ចូលទៅកាន់ច្រកព្រែកស្បូវ ដោយសារតែផ្លូវរងការខូចធ្ងន់ធ្ងរ និងស្ពានដែកបេឡេ១ កំពុងតែទ្រុឌទ្រោម។
អ្នកបើកបររថយន្តទាំងនោះ បានផ្ទុះការតវ៉ា និងសុំឲ្យអាជ្ញាធរ អនុញ្ញាតឲ្យដឹកចូលដូចមុន ដោយលើកហេតុផលថា ពួកគាត់ស៊ីឈ្នួលដឹកជញ្ជូនពី ខេត្តបាត់ដំបង មកបានកំរ៉ៃតិចតួច បើផ្ទេរ ឬសាងដាក់រថយន្តធន់មធ្យម បន្តដឹកចូលនោះ ដូច្នេះពួកគាត់ត្រូវយកកំរ៉ៃ ដែលបានពីម្ចាស់ស្រូវយក មកចំណាយ ទៅលើការដឹកជញ្ជូនបន្តនេះ ដូច្នេះមិនមានអ្វីនៅសល់នោះទេ មានតែចំណាយ លុយផ្ទះបន្ថែមទើបគ្រប់ ប៉ុន្តែបើអាជ្ញាធរអនុញ្ញាត ឲ្យដឹកជញ្ជូន ចូលដូចរាល់ដងនោះ ពួកគាត់នឹងសល់ប្រាក់ខ្លះ សម្រាប់ផ្គត់ផ្គង់គ្រួសារ។
ប៉ុន្តែទោះបីយ៉ាងណា អាជ្ញាធរនៅតែមិនព្រមតាមការសំណូមពររបស់ម្ចាស់រថយន្តទាំងនោះ ដោយតម្រូវឲ្យម្ចាស់រថយន្តរើស្រូវ នៅត្រឹមទម្ងន់កំណត់ ទើបអនុញ្ញាតឲ្យចូលទៅលក់នៅតំបន់ព្រំដែន។
ក្រុមអ្នកបើករថយន្តដឹកស្រូវ បាននិយាយថា ពួកគាត់មានរថយន្តម្នាក់មួយគ្រឿង ទៅស៊ីឈ្នួលដឹកស្រូវឲ្យគេពីខេត្តបាត់ដំបង មកកាន់ច្រកព្រែកស្បូវនេះ បានកំរ៉ៃតិចតួចសល់ពីហូប និងប្រេងទាល់តែដាក់លើសកំណត់តិចតួច ទើបសល់លុយខ្លះ តែបើដាក់តាមអាជ្ញាធរកំណត់ឲ្យនោះ គឺពួកគាត់គ្មានសល់អ្វីទេ ព្រោះអ្នកជួលគេគិតជាតោនមិនមែនគិតជាជើងទេ ដឹកតិចបានលុយតិច ដឹកច្រើនបានលុយច្រើន។ ប៉ុន្តែបើដឹកតិច តែការចំណាយទៅលើហូប និងប្រេងអស់ស្មើគ្នាតែដដែល។ ម្យ៉ាងវិញទៀត ចំងាយផ្លូវឆ្ងាយ ទើបពួកគាត់មិនអាចដាក់តាមការកំណត់របស់អាជ្ញាធរបាន ពួកគាត់មិនចង់ដឹកជញ្ជូនដោយខុសច្បាប់នោះទេ ប៉ុន្តែដោយសារផ្លូវឆ្ងាយ ពួកគាត់ត្រូវការចំណាយច្រើន ទើបបង្ខំចិត្តដាក់លើសបែបនេះ ដូច្នេះសូមឲ្យអាជ្ញាធរយល់យោគយល់ ដល់ពលរដ្ឋរកសព្វថ្ងៃ បានត្រឹមមួយក្រពះនោះទេ បើបិទទៀតប្រាកដជាដាច់ពោះស្លាប់ជាមិនខាន។
លោក សំ វណ្ណដា ប្រធានច្រកតំបន់ព្រែកស្បូវបាន ប្រាប់ឱ្យដឹងថា ការហាមឃាត់រថយន្តដឹកទំនិញធន់ធំ តាមច្រកនេះដោយមានការបញ្ជា និងឯភាពពីអាជ្ញាធរ ឃុំ ស្រុក ខេត្ត ដោយសារ ផ្លូវចូលទៅកាន់ច្រមនេះ វាខូច ជង្ហក់ ច្រើនកន្លែង និងដស្ពានដែកបេឡេមួយកន្លែង កំពុងរងការទ្រុឌទ្រោមយ៉ាងខ្លាំង ដូច្នេះបើអនុញ្ញាត ឲ្យពួកគាត់ដឹកចូលក្នុងទំងន់ជាង១០តោន គឺអាចប្រឈម និងគ្រោះដោយសារបាក់ស្រុត តែបើដាក់ត្រឹមទំងន់១០តោនចុះ អាចធ្វើចរាចរទៅបាន ដូច្នេះមិនមែនហាមឃាត់ពលរដ្ឋ មិនឲ្យដឹកជញ្ជូនទៅលក់នោះទេ គឺគ្រាន់តែគិតគូរពីគ្រោះកើតឡើង បង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សាធារណជន ជាអ្នកដំណើរ និងពួកគាត់ផងដែរ។
លោកថា «មិនមានអ្វីធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែតម្រូវឲ្យបងប្អូន កំពុងដឹកជញ្ជូនតាមរថយន្តធន់ធំផ្ទេរទំនិញ មកដាក់រថយន្តតូចដែលមានទំងន់ត្រូវ១០តោន គឺអនុញ្ញាតឲ្យដឹកចូលជាធម្មតា។ ប៉ុន្តែបើពួកគាត់មិនចង់រើផ្ទេរនោះ គឺពួកគាត់អាចដឹកចូលទៅលក់នៅច្រកអន្តរជាតិ់ព្រែកជ្រៃបាន»។
លោក ថន សុវណ្ណា អភិបាលរងស្រុកកោះធំ ចុះទៅដឹកនាំកម្លាំងឃាត់រថយន្តដឹកស្រូវ នោះបាននិយាយថា ពីមុនតាមផ្លូវច្រកតំបន់ព្រែកស្បូវនេះ អាជ្ញាធរមិនដែលហាមមឃាត់ រថយន្ត ដឹកទំនិញទោះដាក់ច្រើនឬតិច។ តែដោយសារពេលនេះ ផ្លូវ ខូច ជង្ហុក ច្រើន ទើបអាជ្ញាធរធ្វើការហាមឃាត់ ហើយការហាមឃាត់នេះគឺឃាត់តែរថយន្តធន់ធំទេ ចំណែករថយន្តទំងន់១០តោនចុះ គឹអនុញ្ញាត ឲ្យដឹកចូលធម្មតា។
លោកបន្តថា មុននឹងធ្វើការហាមឃាត់ ដោយមានការសំណូមពរពីប្រជាពលរដ្ឋ ដែលរស់នៅតាមផ្លវនោះ កុំឲ្យរថយន្តធន់ធំធ្វើឲ្យខូចផ្លូវ។ ក្រោយមក អាជ្ញាធរ បានជូនដំណឹងដល់អ្នកបើកបររយៈពេល កន្លះខែមកហើយ មុននិងឃាត់បែបនេះ គួរតែអ្នកដឹកទំនិញ ធ្វើតាមការណែនាំរបស់អាជ្ញាធរ។ ផ្លូវច្រកតំបន់ព្រែកស្បូវនេះ អាជ្ញាធរមានគម្រោង ជួលជុល ស្ថាបនាវិញ នៅពេលខាងមុខនេះ នឹងបើកឲ្យរថយន្តធន់ធំដឹកទំនិញ ធ្វើចរាចរឆ្លងកាត់ដូច ដើមវិះហើយ នេះគ្រាន់ឃាត់មួយរយះប៉ុណ្ណោះ ខណៈផ្លូវ និងស្ពានមិនទាន់ជួសជុលរួច។
អាជីវករទិញស្រូវ យកមកលក់ ដឹកតាមច្រកនេះប្រាប់ឱ្យដឹងដែរថា គាត់ដឹកស្រូវទៅលក់តាមច្រកតំបន់ព្រែកស្បូវ លក់បានថ្លៃជាង យកទៅលក់នៅ ច្រកជ្រៃធំ ហើយចំណាយការបង់លុយ ឲ្យសមត្ថកិច្ចអស់តិចជាង ពាក់កណ្ដាលត្រឹមតែ៥ម៉ឺនរៀល។ គាត់លើកឡើងថា រាជរដ្ឋាភិបាលបាន លើកទឹកចិត្តឲ្យកសិករ បង្កបង្កើនផល និងបានជម្រុញឲ្យអាជ្ញាធរ សម្រួលឲ្យប្រជាកសិករ នាំកសិផលទៅលក់ នៅលើទីផ្សារបានងាយស្រួល។ តែសមត្ថកិច្ច និងអាជាធរ នៅតំបន់វាលស្បូបែរជាហាមឃាត់មិនឱ្យប្រជាពលរដ្ឋដឹកស្រូវទៅលក់នៅកន្លែងមានឈ្មួញ និងលក់បានថ្លៃទៅវិញ៕