(កណ្តាល)៖ ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ប្រជាជនប្រមាណ២ពាន់នាក់ នៅស្រុកណ្តាលស្ទឹង ខេត្តកណ្តាល បានចូលរួមប្រារព្ធពិធី អង្គមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជម្នអះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៨) ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍កត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ ជាតិប្រចាំស្រុកកណ្តាលស្ទឹង។
នាយឧត្តមសេនីយ៍ បានថ្លែងនៅក្នុងពិធីនោះយ៉ាងដូច្នេះថា «ក្នុងស្មារតីនេះ យើងទាំអស់គ្នាប្តេជ្ញាដាច់ខាត ក្នុងការការពារសន្តិភាពដែលយើង សម្រេចបានមកដោយលំបាកបំផុត ឲ្យរឹងមាំ ស្ថិតស្ថេរ គង់វង្សជានិច្ច ទោះបីជាត្រូវបង់ដោយតម្លៃណាក៏ដោយ»។
នៅក្នុងឱកាសនោះ អង្គពិធីទាំងមូលក៏បានតាមដានស្តាប់អានសន្ទរកថា សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែង នៅក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍ លើកទី៣៩ នៃទិវាជ័យជម្នះ៧មករា នៅមជ្ឈមណ្ឌលកោះពេជ្រ។ ជ័យជម្នះ៧មករា បានសង្គ្រោះអាយុជីវិត ប្រជាជន ដែលនៅសេសសល់ពីការកាប់ សម្លាប់បានទាន់ពេលវេលា, បាននាំមកជូនប្រជាជនវិញនូវ សិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ ទាំស្រុងក្នុងរបប ប៉ុល ពត, បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលបានកសាងពូនជ្រំ នៅក្នុងប្រវត្តិសាស្ត្រ រាប់ពាន់ឆ្នាំ មកហើយរបស់ខ្លួននោះ បានរស់ឡើងវិញ និងបានរួមវិភាគទានដ៏សកម្មដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ ជ័យជម្នះ៧មករា បានផ្តល់កំណើត ទី២ដល់ប្រជាជនកម្ពុជា និងបានផ្តល់ក្តីសង្ឃឹម ចំពោះអនាគត របស់ប្រទេសជាតិនេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានកម្លាំណាអាចមកបំភ្លៃ បំផ្លើស និងបំផ្លាញបានឡើយ។
នាយឧត្តមសេនីយ៍កត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់បន្ថែមថា «៣៩ឆ្នាំកន្លងមកនេះ គឺ៣៩ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជំនះ។ ការខិតខំពុះពាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៣៩ឆ្នាំមកនេះ បានកែប្រែមាតុភូមិកម្ពុជា ពីគំនរផេះផង់ឲ្យរស់ឡើងវិញ និងរីកចម្រើនលូតលាស់ប្រកបដោយមោទនភាពបំផុត ដែលបានពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ឲ្យយើងឈានទៅសម្រេចនូវគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។ ត្រូវជឿជាក់លើការខិតខំរបស់គណបក្សប្រជាជន ហើយគប្បីចងចាំថា គឺកត្តាផ្ទៃក្នុងរបស់ជាតិយើងដែលជាកត្តាកំណត់ជ័យជំនះ ពុំមែនបរទេសជាអ្នកកំណត់សម្រេចបានទេ»៕