(ភ្នំពេញ)៖ ភាគីវៀតណាម បានជីកកាត់ផ្តាច់ និងបិទផ្លូវចេញចូលចំនួន៤កន្លែង នៅព្រំដែនស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីអំឡុងខែធ្នូ កន្លងទៅនេះ ដោយសារនឹងខឹងភាគីកម្ពុជា មិនព្រមធ្វើតាមសំណើខ្លួន ដែលសុំឱ្យបើកច្រកជាផ្លូវការ។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ដែលផ្សព្វផ្សាយ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨។
តាមរបាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០១៨នេះ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា៖ «សភាពការណ៍សន្តិសុខនៅតាមព្រំដែនជា ទូទៅមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្តែការកត់សម្គាល់ភាគីវៀតណាមបានជីកផ្លូវកាត់ផ្តាច់ការធ្វើដំណើរនៅច្រកចំនួន៤កន្លែង ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយមូលហេតុខឹងភាគីកម្ពុជាមិនយល់ព្រមតាមសំណើរសុំបើកជាច្រកផ្លូវការ»។
តាមការឱ្យដឹងរបស់សមត្ថកិច្ចខេត្តរតនគិរី បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ កងទ័ពការពារព្រំដែនវៀតណាមប៉ុស្តិ៍លេខ៧០៣របស់ខេត្តកន្ទូម វៀតណាម បានធ្វើរបងបិទផ្លូវ៤កន្លែង ដែលជាផ្លូវតភ្ជាប់ទំនាក់ទំនងចេញចូលរវាងប៉ុស្តិ៍ការពារព្រំដែន ដែលនៅទល់មុខគ្នាត្រង់ចំណុចបង្គោលព្រំដែនលេខ១៧, ១៨, ១៩ និង ១៩/៥។ ការបិទ៤ចំណុចខាងលើ បានធ្វើឱ្យប៉ះពាល់ដល់ ការចេញចូលទំនាក់ទំនងរវាងប៉ុស្តិ៍ការពារព្រំដែនលេខ៥០៥ នៃវរៈការពារព្រំដែនលេខ២០៣កម្ពុជា ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧០៣ នៃកងទ័ពការពារព្រំដែនខេត្តកន្ទូម វៀតណាម។
ការបិទផ្លូវនេះ ធ្វើឡើងបន្ទាប់ពី រដ្ឋបាលខេត្តរតនគិរីកម្ពុជា និងខេត្តកន្ទូមវៀតណាម បានប្រជុំពិភាក្សាបើកច្រកទ្វេភាគីចំនួន៤កន្លែង ស្ថិតនៅម្តុំបង្គោលលេខ៤/២ លេខ១០ លេខ១៣ និងលេខ១៩ ក្នុងនោះ ភាគីទាំងពីរ បានឯកភាពព្រមព្រៀងគ្នាតែ១ចំណុចគឺ ត្រង់បង្គោលលេខ១៩ប៉ុណ្ណោះ នៅសល់៣ចំណុចទៀត ភាគីខេត្តរតនគិរី មិនឯកភាពដោយសារតែចំណុចទាំង៣នោះ ស្ថិតនៅក្នុងព្រៃជ្រៅពុំមានពលរដ្ឋខ្មែរស់នៅ និងឆ្លងកាត់ចេញចូលឡើយ។
នេះជាលើកទី២ហើយ ដែលកងទ័ពការពារព្រំដែនខេត្តកន្ទូម វៀតណាម បានបិទផ្លូវធ្វើដំណើរចេញចូលចូលព្រំដែន បន្ទាប់ពីសកម្មភាពលើកទី១ បានជីកផ្តាច់ផ្លូវត្រង់បង្គោលព្រំដែនលេខ៤/២ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧៕