(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
សម្រាប់លទ្ធផល ដែលសម្តេចសង្ឃរាជ ទាំង២គណៈ បានយាងចាប់ឆ្នោត ដែលរៀបចំឡើងកាលពីព្រឹកមិញ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១, គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២, គណបក្សខ្មែររួបរួមជាតិ ទទួលបានលេខរៀងទី៣ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី៤។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៦២អាសនៈ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតនេះមានចំនួន៤គណបក្សរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតតែតំណាងរាស្រ្តក្នុងតំណែង ១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ១១,៥៧២ ពោលការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភាមិនមានការចូលរួមពីប្រជាពលរដ្ឋទូទៅនោះឡើយ៕