(កំពង់ចាម)៖ អំណោយរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានលោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្រីសន្ធរ ផ្ដល់ជូនប្រជាពលរដ្ឋចំនួន៥០០នាក់ រស់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ការនាំអំណោយនេះ ក្នុងឱកាសដែលលោកអញ្ជើញប្រារព្ធពិធីអបអរសាទរ រំឭកខួបអនុស្សាវរីយ៍ លើកទី៣៩ នៃទិវាជ័យជំនះ ៧មករា (១៩៧៩-២០១៨) ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកានព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ដែលរៀបចំធ្វើនៅសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក អ៊ឹង លីហេង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោក ឯក ស៊ុនសុខា ប្រតិភូរួមដំណើរផងដែរ។ ពិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់។
តំណាងអាជ្ញាធរស្រុកស្រីសន្ធរ បានលើកឡើង ពិធីអបអរសាទរថ្ងៃជ័យជំនះ ៧មករា ត្រូវបានប្រារព្ធធ្វើឡើង យ៉ាងកងរំពង ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសបានចាត់ ទុកថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃប្រវត្តិសាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា ដែលបានវាយផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុលពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតនៅកម្ពុជា ដែលបាន កាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ស្លាប់ជិត៣លាននាក់ ថ្ងៃ៧មករា ១៩៧៩ បានបើកឡើងនូវទំព័រសករាជថ្មី គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោក អ៊ឹង លីហេង បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងជំរុញឲ្យមន្រ្តីរាជការ ទាំងអស់ ធ្វើការងារយ៉ាងជិតសិទ្ធ ជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យការងារមួយចំនួន មានភាពជឿនលឿនទៅមុខ និងជៀសវាងការប្រគល់ភារៈកិច្ច ទៅឲ្យថ្នាក់ក្រោមធ្វើការអនុវត្តខុស ដែល ជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋ ធ្វើការវាយតម្លៃខុស ទៅលើរាជរដ្ឋាភិបាល។
លោក ឡូវ ហ៊ឹង ក៏បានថ្លែងអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដោយសម្រេចបានសមិទ្ធិផលធំៗ ជាប្រវត្តិសាស្រ្ត គឺបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ ធ្នាប់សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋមាន ឱកាសកសាងជីវភាពរីកចម្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាកបៀវត្ស ដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។
លោកឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងថា ជ័យជំនះ ៧មករា បានសង្រ្គោះអាយុជិវិតប្រជាជន ដែលនៅសេសសល់ ពីការកាប់សម្លាប់បានទាន់ពេលវេលា បាននាំមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាព គ្រប់យ៉ាង ដែលត្រូវបានបាត់បងទាំងស្រុងក្នុង របប ប៉ុលពត បានធ្វើឲ្យរាល់តម្លៃ ទាំងខាងស្មារតី និងសម្ភារ របស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងពួនជ្រំ នៅក្នុងប្រវត្តិសាស្រ្តរាប់ពាន់ ឆ្នាំមកហើយរបស់ខ្លួនបានរស់ឡើងវិញ និងបានរួមវិភាគទាន ដ៏សកម្មដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។
ក្នុងឱកាសនោះ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្រីសន្ធរ បាននាំយកអំណោយ លោក ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋចំនួន៥០០នាក់ ឧបត្ថម្ភថវិកាសាលា ស្រុកស្រីសន្ធរ ឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធ សរុបប្រមាណ១២លានរៀល៕