(ភ្នំពេញ)៖ នៅក្នុងខែធ្នូ ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌមានការថយចុះ១% (២៤៦/២៤៩លើក ថយ៣លើក) ក្នុងនោះបទល្មើសឧក្រិដ្ឋថយ១៩% (៤៦/៥៧លើក ថយ១១លើក) ប៉ុន្ដែបទល្មើសមជ្ឍីម កើនឡើង៤% (២០០/១៩២លើក កើន៨លើក)។ នេះបើតាមរបាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្ដការងារប្រចាំខែមករា ឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលបានបង្ហាញឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ។
របាយការណ៍ខាងលើនេះ បានបញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌ នៅក្នុងខែធ្នូ ឆ្នាំ២០១៧ បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន១៩នាក់ របួស៥៥នាក់ រងគ្រោះ៣៤នាក់ បាត់ម៉ូតូ២៤គ្រឿង រថយន្ដ៤គ្រឿង និងសម្ភារមាស-ប្រាក់មួយចំនួន។
របាយការណ៍ដដែល បានបន្ដថា ប្រភេទបទល្មើសចំនួន៨ (ឧក្រិដ្ឋ៤ប្រភេទ មជ្ឈីម៤ប្រភេទ) ដែលមានថយចុះរួមមាន៖
* លួចមានស្ថានទម្ងន់ ថយ៦លើក ស្មើ៤៦% (៧/១៣លើក)
* រំលោភសេពសន្ថវៈ ថយ៥លើក ស្មើ២៦% (១៤/១៩លើក)
* រំលោភសម្លាប់ ថយ ២លើក ស្មើ ១០០% (០/២លើក)
* ជះទឹកអាស៊ីត ថយ ១លើក ស្មើ១០០% (០/១លើក)
* មនុស្សឃាតអចេតនា ថយ ១លើក ស្មើ ១០០% (០/១លើក)
* ហិង្សាដោយចេតនា ថយ ៨លើក ស្មើ ១២% (៥៧/៦៥លើក)
* បំពានផ្លូវភេទដទៃទៀត ថយ ២លើក ស្មើ៣៣% (៤/៦លើក)
* ប្រើប្រាស់អាវុធខុសច្បាប់ ថយ១លើក ស្មើ៥០% (១/២លើក)។ ដោយឡែកឃាតកម្ម ថេរ (២២/២២លើក)។
របាយការណ៍ បានបន្ដទៀតថា ប្រភេទបទល្មើសចំនួន ៣ (មជ្ឈីម) មានការកើនឡើងគឺ៖ លួច កើន១១លើក ស្មើ១៣% (៩៤/៨៣លើក) ឆក់ កើន៣លើក ស្មើ១០% (៣២/២៩លើក) និងឆបោករំលោភទំនុកចិត្ត កើន៦លើក ស្មើ ១០០% (១២/៦លើក)។
ភូមិសាស្ដ្ររាជធានី-ខេត្តចំនួន ១២ ដែលមានបទល្មើសរួមមានការថយចុះ គឺ៖ រាជធានីភ្នំពេញ ខេត្តព្រះវិហារ តាកែវ ក្រចេះ កោះកុង មណ្ឌលគិរី កំពត កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយវៀង និងខេត្តត្បូងឃ្មុំ។ ទន្ទឹមនោះ ខេត្តចំនួន១៣ ដែលបទល្មើសមានការកើនឡើងគឺ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កណ្ដាល ព្រៃវែង ពោធិ៍សាត់ រតនគិរី សៀមរាប ព្រះសីហនុ ស្ទឺងត្រែង ឧត្ដរមានជ័យ កែប និងខេត្ដប៉ៃលិន៕