(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ នឹងកាត់ទោសឧកញ៉ា ជួប ច័ន្ទ ពាក់ព័ន្ធបទល្មើសចេញសែកគ្មានសាច់ប្រាក់ចំនួនមួយលានដុល្លារអាមេរិក។ ចន្លោះពេលនេះ លោក លីវ វុទ្ធី តំណាងឱ្យក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ សង្ឃឹមថាតុលាការនឹងផ្តន្ទាទោសជនជាប់ចោទឱ្យបានធ្ងន់ធ្ងរ ព្រមទាំងសងសំណង និង សំណងជំងឺចិត្តផងដែរ។
មន្ត្រីតុលាការ បញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក ហេង សុខណា ជាចៅក្រមជំនុំជម្រះ និង លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ។
គួរបញ្ជាក់ថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ ម្ដងទៀតតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីចេញសែកគ្មានសាច់ប្រាក់ចំនួនមួយលានដុល្លារអាមេរិក។
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់សម្រេចដោះលែងឧកញ៉ាជួប ច័ន្ទ ម្តងរួចមកហើយបន្ទាប់ពីយល់ឃើញថា សែកមួយសន្លឹកតម្លៃមួយលានដុល្លារដែលភាគីដើមបណ្ដឹងបានទទួលពុំមានសុពលភាពទៀតទេ ព្រោះត្រូវបានលុបជាស្វ័យប្រវត្តិដោយដីការក្សាការពារមួយរួចទៅហើយ។
ឧកញ៉ា ជួប ច័ន្ទ រងបណ្តឹងព្រហ្មទណ្ឌពីលោក លីវ វុទ្ធី តំណាងឱ្យក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់ ថាបានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ចំនួនមួយលានដុល្លារអាមេរិក កាលពីឆ្នាំ២០១៥។
លោក លីវ វុទ្ធី ជាដើមបណ្តឹង អះអាងថា ឧកញ៉ា ជួប ច័ន្ទ ជាប់ពាក់ព័ន្ធនឹងរឿងលុយកាក់រកស៊ីជាមួយគ្នា នឹងក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ លើទឹកប្រាក់ប្រមាណ៣លាន៥សែនដុល្លារអាមេរិក។ ប៉ុន្តែក្រោយមក លោកឧញ៉ា គឹម កៅ បានទារប្រាក់បំណុលនោះវិញ តែភាគីទាំងពីរ បានធ្វើកិច្ចព្រមព្រៀងមួយនៅចំពោះមុខមេធាវីទាំងសងខាងបញ្ជាក់អំពីសុពលភាពនៃទឹកប្រាក់ដែលរកសុីជាមួយគ្នា ទើបឧកញ៉ា ជួប ច័ន្ទ ចេញសែកឱ្យទៅលោកឧកញ៉ា គឹម កៅ ដែលមានទឹកប្រាក់ចំនួនមួយលានដុល្លារ លើកទី១ ដោយបានកំណត់ឱ្យម្ចាស់បំណុលទៅបើកនៅធនាគារនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។ ប៉ុន្តែកិច្ចព្រមព្រៀងបានបញ្ជាក់ថាសែកនោះពុំមានលុយទេ។
លុះពេលលោកឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែធនាគារបញ្ជាក់ដូចគ្នាថាមូលប្បទានបត្រននេះគ្មានសាច់ប្រាក់ទេ ទើបលោក លីវ វុទ្ធី តំណាងឱ្យលោកឧកញ៉ា គឹម កៅ ប្ដឹងឧកញ៉ា ជួប ច័ន្ទ តែម្ដង៕