(ពោធិ៍សាត់)៖ នៅល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ ក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ មានរៀបចំពិធីជប់លៀងពិសាបាយបាយសាមគ្គី ដើម្បីអបអរសាទរ ខួបលើកទី៣៩ ទិវាជ័យជំនះ ៧មករា (០៧ មករា ១៩៧៩ - ០៧ មករា ២០១៨) ដោយមានការចូលរួមពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជីវករ សិប្បករ និងពាណិជ្ជករ ជិត២ពាន់នាក់ ក្រោមគំនិចផ្តួចផ្តើម របស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ថ្ងៃនេះជាថ្ងៃកំណើតទី២ គម្រប់ខួប៣៩ឆ្នាំ នៃមហាជ័យជំនះជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញបានទាន់ពេលវេលា។ ផ្អែកលើមូលដ្ឋានមហាជ័យជំនះនេះហើយ ទើបប្រជាជនកម្ពុជាទូទាំងប្រទេសមានអ្វីៗនៅថ្ងៃនេះ និងមានអនាគតប្រកបដោយក្តីសង្ឃឹម។ ឯកឧត្តមបានថ្លែងទៀតថា ក្នុងរយៈពេល៣៩ឆ្នាំមកនេះ ផ្ដើមពីជ័យជម្នះ៧មករា ប្រទេសកម្ពុជាបាននឹងកំពុងឈានទៅមុខ តាមទិសដៅដ៏ត្រឹមត្រូវ ស្របទៅតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ពីវាលពិឃាត ពីតំបន់អសនិ្តសុខ ចម្ការមីន បានប្រែក្លាយជាតំបន់សន្តិភាព ជាតំបន់ទេសចរណ៍ ដែលមានប្រជាប្រិយក្នុងអាស៊ីអាគ្នេយ៍ ហើយទទួលបានភ្ញៀវទេសចរររាប់លាននាក់ក្នុងមួយឆ្នាំៗ។
ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះវីរៈភាព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាញាណ និងលះបង់អាយុជីវិត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល ពីរណ្តៅមរណៈក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងអភិវឌ្ឍ ប្រទេសឲ្យមានការរីកចម្រើន ដូចសព្វថ្ងៃនេះ។
ការជួបជុំគ្នានៅល្ងាចនេះ ក្នុងស្មារតីចងចាំជានិច្ច នូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់បុព្វបុរស វីរយុទ្ធជន យុទ្ធនារី ស្នេហាជាតិនៅគ្រប់ជំនាន់ ដែលបានពុះពារប្រយុទ្ធ ហ៊ានធ្វើពលិកម្មយ៉ាងក្លាហានអង់អាចបំផុត ដើម្បីការពារជាតិ មាតុភូមិ និងប្រជាជនឱ្យស្ថិតស្ថេរ គង់វង្សជារៀងរហូតមក។
ជាមួយនឹងកម្មវិធីដ៏មហោឡារឹកនាល្ងាចនេះ លោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី ក៏បានរៀបចំនំខេក ដែលមានទំហ៊ុដ៏ធំ ដើម្បីអបអរខួបលើកទី៣៩ នៃទិវាជ័យជម្នះ៧មករា សម្រាប់ជូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់បានពិសារផងដែរ៕