(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចេញមកថ្លែងបញ្ជាក់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅតាមតំណាក់កាល ក្រោមការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដើម្បីបំពេញតម្រូវការជាក់ស្ដែងសម្រាប់ជីវភាពប្រចាំថ្ងៃ ក្នុងនោះចាប់ពីឆ្នាំថ្មី២០១៨ តទៅ ប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែ១៧០ដុល្លារ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
លើសពីនេះ លោកស្រី អាន ផល្លា បានគូសបញ្ជាក់ថា ក្រៅពីការផ្ដល់អត្ថប្រយោជន៍ជូនកម្មករ-កម្មការិនី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ផ្ដល់អត្តប្រយោជន៍ផ្សេងៗទៀតដូចជា៖ ការទទួលសេវាពិនិត្យសុខភាព និងព្យាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃផងដែរ។ ការទទួលបាននេះ មិនមែនសម្រាប់តែកម្មករ-កម្មការិនីនោះទេ សូម្បីសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ប្រធានភូមិ ជំនួយការភូមិ និងកីឡាករ-កីឡាការិនី ក៏ទទួលបានសេវាដ៏ចម្បងនេះដូចគ្នា។ សម្រាប់កម្មករ-កម្មការិនី ដែលសម្រាលកូនហើយ ទទួលប្រាក់ជំនួយក្នុងអត្រា១២០ភាគរយ រយៈពេល៣ខែ ហើយអំឡុងពេលមានផ្ទៃពោះនោះ កម្មការិនីក៏ទទួលបានការអនុញ្ញាតឲ្យចេញពីធ្វើការមុនម៉ោងយ៉ាងតិច១៥នាទី តាមការសំណូមពរ របស់សម្ដេចតេជោ ហ៊ុន សែន។ កម្មការិនីដែលបម្រើការងារទាំងក្នុង និងក្រៅប្រព័ន្ធ ប្រសិនបើសម្រាលបានកូនម្នាក់ ទទួលបានថវិកាពីសម្ដេចតេជោ ហ៊ុន សែន ចំនួន៤០ម៉ឺនរៀល បើកូនភ្លោះ២នាក់ ទទួលបានថវិកា៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ ទទួលបានថវិកាចំនួន ១លាន២០ម៉ឺនរៀល ព្រមទាំងអត្ថប្រយោជន៍មួយចំនួនទៀត។
តំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ ក្នុងពេលដឹកនាំមន្ត្រី ដើម្បីរួមដំណើរចូលរួមជាមួយលោកជឹម ភ័ត្រា អនុប្រធានក្រុមយុវជន «ក១២» ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួន តំណាងឲ្យប្រធានក្រុមយុវជន «ក១២» លោក ទ្រី ត្រាយ ក្នុងការចុះជួបសួរសុខទុក្ខ សំណេះសំណាល និងផ្ដល់អំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ជូនដល់កម្មករ កម្មការរិនី ប្រមាណជាង១០០នាក់ ដែលមកពីរោងចក្រ «ថបហ្វម» ក្រោយឃ្លាំងសាំងសូគីមិច នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកស្រីប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ បានថ្លែងថា ចំពោះរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលពីមុនកម្មករ-កម្មការិនីត្រូវបង់ខ្លួនឯងនោះ ចាប់ពីឆ្នាំ២០១៨ តទៅ គឺនិយោជកជាអ្នករ៉ាប់រងបង់ជំនួសវិញ ដែលត្រូវទូទាត់ជាមួយរាជរដ្ឋាភិបាល តាមរយៈការកាត់កងពន្ធ។ អាជ្ញាធរមានភារកិច្ចចុះត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី ដើម្បីធានាការកាត់បន្ថយការចំណាយរបស់កម្មករ-កម្មការិនី។ រាជរដ្ឋាភិបាល និងសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែសហការគ្នាបន្តដោះស្រាយបញ្ហាពលករ ដែលកំពុងបម្រើការងារនៅក្រៅប្រទេស។ ការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនក្រុងភ្នំពេញ ដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំ ដែលអត្ថប្រយោជន៍នេះ មិនត្រឹមតែកម្មករនិយោជិតទេ ព្រះសង្ឃ កីឡាករ-កីឡាការិនី សិស្សានុសិស្ស ក៏ទទួលបានសេវាដ៏សំខាន់នេះផងដែរ។
លោកស្រីបន្តថា ក្រៅពីអត្ថប្រយោជន៍ទាំងនេះ កម្មករនិយោជិតក៏បាន និងកំពុងទទួលនូវអត្ថប្រយោជន៍ មួយចំនួនទៀតដូចជា ការបញ្ចុះថ្លៃប្រើប្រាស់ទឹក អគ្គិសនី និងការរក្សាថ្លៃជួលផ្ទះ។ លើសពីនេះ រាជរដ្ឋាភិបាល ក៏កំពុងខិតខំរៀបចំបែបបទ និងការងារពាក់ព័ន្ធ ដើម្បីដាក់ចេញរបបសោធននិវត្តន៍ជូនកម្មករ-កម្មការិនី នៅឆ្នាំ២០១៩ ខាងមុខផងដែរ។
លោកស្រីថា រាជរដ្ឋាភិបាលកម្ពុជា ក៏មិនព្រងើយកន្តើយដែរ ចំពោះការងារស្វែងរក និងទំនាក់ទំនងជាមួយប្រទេស និងក្រុមហ៊ុនបញ្ជាទិញទំនិញពីកម្ពុជា ពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម ដើម្បីឲ្យពួកគេរក្សា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា សំដៅបង្កើនឱកាសការងារ និងប្រាក់ចំណូលជូនកម្មករ-កម្មការិនីកម្ពុជា៕