(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានលើកឡើងថា ដោយសារស្មារតីចងចាំគុណបំណាច់ដ៏ធំធេង នៃថ្ងៃជ័យជម្នះ ៧ មករា នេះហើយ បានប្រែក្លាយជាស្មារតីប្រវត្តិសាស្ត្រ នៃការរំដោះជាតិ ទៅជាកម្លាំងដ៏រឹងមាំ ស្ថិតស្ថេរក្នុងការកសាង និងការពារជាតិមាតុភូមិ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៨ ដែលមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង៤,០០០នាក់ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងសាលាខេត្តស្វាយរៀង។
មានប្រសាសន៍នៅក្នុងមិទ្ទិញនេះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអានសន្ទរកថាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានរំលឹកថា «ដោយសារស្មារតីចងចាំគុណបំណាច់ដ៏ធំធេង នៃថ្ងៃជ័យជម្នះ ៧ មករា នេះហើយ បានប្រែក្លាយជាស្មារតីប្រវត្តិសាស្ត្រ នៃការរំដោះជាតិនេះ ទៅជាកម្លាំងដ៏រឹងមាំ ស្ថិតស្ថេរក្នុងការកសាង និងការពារជាតិមាតុភូមិ»។
លោកស្រីបន្តថា ផ្អែកទៅលើមូលដ្ឋានមហាជ័យជម្នះនេះហើយ ទើបប្រជាជនកម្ពុជាទូទាំងប្រទេសមានអ្វីៗនៅថ្ងៃនេះ និងមានអនាគតប្រកបដោយក្តីសង្ឃឹម។
ឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ទោះបីរយៈពេលជាង៣៩ឆ្នាំ បានកន្លងផុតទៅហើយក្តី ប្រជាពលរដ្ឋកម្ពុជានៅតែចងចាំមិនអាចបំភ្លេចបានឡើយ នូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយរបស់ប្រជាជាតិ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ក៏ដូចប្រវត្តិសាស្ត្រមនុស្សជាតិ។
លោកស្រីបានបន្ថែមថា ថ្ងៃជ័យជម្នះ ៧មករា ជាថ្ងៃកំណើតទី២ និងបានប្រែក្លាយប្រទេសពីចំណុចសូន្យ ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលមានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕