(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់សារព័ត៌មាន Fresh News នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នេះថា កម្លាំងសមត្ថកិច្ចចម្រុះ ក្នុងខេត្តភាគនិរតីមួយនេះ បានបើកប្រតិបត្តិការ តាមចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានម្នាក់ជាជនជាតិចិន ក្រោយក្រុមនេះ បានធ្វើសកម្មភាពបង្ករឿង រំលោភចូលខុសច្បាប់ កាន់កាប់អាវុធខុសច្បាប់ បង្ខំជនរងគ្រោះធ្វើកិច្ចសន្យា និងប្រើហិង្សាផ្ទះមន្ត្រីម្នាក់ បម្រើការក្នុងមន្ទីរទំនាក់ទំនងជាមួយព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច ខេត្តព្រះសីហនុ។
លោកស្នងការ ជួន ណារិន្ទ បានរៀបរាប់ថា នាយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ កម្លាំងជំនាញនៃស្នងការនគរបាលព្រះសីហនុ បានទទួលបណ្តឹងរាយការណ៍តាមរយៈទូរស័ព្ទដៃ ពីលោក វង្ស ចាន់ធី អាយុ២៨ឆ្នាំ ជាមន្ត្រីមន្ទីរទំនាក់ទំនងជាមួយព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ចខេត្តព្រះសីហនុ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុថា មានក្រុមជនប្រដាប់អាវុធមួយក្រុម បានសម្រុកចូលក្នុងផ្ទះរបស់ខ្លួន ដោយបង្ករឿង ប្រើហិង្សា កាន់កាប់អាវុធខុសច្បាប់ និងបង្ខំឲ្យម្ចាស់ផ្ទះបំពេញកិច្ចសន្យា។
ភ្លាមៗកម្លាំងជំនាញការិយាល័យស្រាល-ធ្ងន់ កម្លាំងក្រុមម៉ូតូប្រដេញ និងក្រុមអន្តរាគមន៍ពិសេស ចុះធ្វើការលោមព័ទ្ធចាប់បានជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ មានឈ្មោះ ១.យ៉ែម យុទ្ធា អាយុ២៨ឆ្នាំ ២.គង់ ពិសិដ្ឋ អាយុ២៣ឆ្នាំ ៣.តាំង វ័រ អាយុ៣៥ឆ្នាំ និងឈ្មោះ DING ZHIGANG អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅខេត្តហឺណាន ប្រទេសចិន កាន់លិខិតឆ្លងដែនលេខ G61372547។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានរឹបអូសវត្ថុតាងចាប់មួយចំនួន មានកាំភ្លើងខ្លីចំនួន២ដើម រថយន្តម៉ាករេងរ៉ូវ័រចំនួន ១គ្រឿង ពាក់ស្លាកលេខ ខេមរភូមិមិន្ទ 2.3169។ បច្ចុប្បន្នសំណុំរឿងនេះ កំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕