(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) និងមេបញ្ជាការកងទ័ពជើងគោក ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ.ភ.ម បានសំដែងការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយ ពលទាហាន ទាំងអស់ ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹកខេត្តបន្ទាយមានជ័យ ដែលក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ តែងបានខិតខំប្រឹងប្រែងពុះពារ គ្រប់ការលំបាក ក្នុងការបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួន ឲ្យសម្រេចបានលទ្ធផលផ្លែផ្កា ជូនជាតិមាតុភូមិ និងប្រជាជនយើង។
លោក មាស សុភា បានបញ្ជាក់ថា សមិទ្ធផលរយៈពេល៣០ឆ្នាំ ដែលថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ចាការរងនិងនាយ ពលទាហានក្នុង អង្គភាព តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានខិតខំមកទល់នឹងពេលនេះ គឺជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលសម្រេចបាន ជាការជំរុញដល់ការលើកកំពស់ សមត្ថភាពស្ថាប័ន នឹងសមត្ថភាពបុគ្គលិករបស់អង្គភាព គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាលនឹងផែនការកំណែទម្រង់ ខ.ភ.ម ដែលបានដាក់ចេញនាពេលកន្លងមក។
លោក មាស សុភា បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធីប្រារព្វអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើត អង្គភាពតំបន់ប្រតិបត្តិកាសិករងខេត្តបន្ទាយមានជ័យ (០៧.មករា.១៩៨៨-០៧.មករា.២០១៨) នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ដែលរៀបចំធ្វើនៅតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ។
នាយឧត្តមសេនីយ៍ មាស សុភា បានបន្តថា ការប្រារព្វខួបលើកទី៣០ថ្ងៃបង្កើត អង្គភាពតំបន់ប្រតិបត្តិការសឹក ខេត្តបន្ទាយមានជ័យ នាថ្ងៃនេះ គឺជាចំពេលដែល រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ នឹងប្រជាពលរដ្ឋនៅទូរទាំងប្រទេសកម្ពុជាកំពុងចូលរួមអបអរសាទរ ទិវារំលឹក ខួបអនុស្សាវរីយ៍លើកទី៣៩ថ្ងៃ០៧មករា១៩៧៩.៧មករា២០១៨ ស្របពេលដែលប្រជាពលរដ្ឋនៅទូរទាំងប្រទេស បាននឹងកំពុង សប្បាយរីករាយចំពោះភាពរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ដោយធានាបានទាំងសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សង្គម ពេញលេញ ពិសេសមោទនភាពជាតិយ៉ាងខ្លាំង។
លោក មាស សុភា បានបន្តថា ក្នុងរយៈពេល៣០ឆ្នាំនេះ អង្គភាពតំបន់ប្រតិបត្តិការសឹកខេត្ត បានឆ្លងកាត់ដំណាក់កាលជាច្រើន ទាំងការងារប្រកបដោយមោទនភាពផង ទាំងការងារប្រកបដោយភាពបទបែនលំបាក ស្មុគស្មាញនិងគ្រោះថ្នាក់ជាទីបំផុត ។ ប៉ុន្តែទោះស្ថិតក្នុងកាលៈទេសៈណាក៍ដោយ ក៍អង្គភាព នៅតែរក្សាខ្ជាប់នូវតួនាទីភារកិច្ចដែល ខ.ភ.ម ប្រគល់ជូន ដោយឈលើឧត្តមគតិ របស់ខ្លួន ខិតខំប្រឹងប្រែងជម្នះឧបសគ្គ ដោយហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាជនយើងនិងសម្រេចបានស្នាដៃជាច្រើនគួរឲ្យកត់សម្គាល់ ។
ជាមួយគ្នានោះ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការចូលរួមអបអរសាទរ ចំពោះសមិទ្ធិផលទាំងឡាយនារយៈពេល៣០ឆ្នាំកន្លងមក ដែលអតីតយោធាខេត្តបន្ទាយមានជ័យ សម្រេចបានរហូតមកទល់នឹងពេលនេះ ។
ចំពោះលោកឧត្តមសេនីយ៍ត្រី ផ្លន់ តារា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ទៀតថា យោធា ខេត្តបន្ទាយមានជ័យត្រូវបានកាត់ចេញពីខេត្តបាត់ដំបង ដោយអនុក្រឹត្យ លេខ១០ អ.ន.ក្រ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨៧ និង ត្រូវបាន ប្រកាសជាផ្លូវការ ជាយោធាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៧.មករា.ឆ្នាំ១៩៨៨ ក្រោមអធិបតីភាព សមមិត្ត ប៊ូ ថង អនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៃសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ដែលមានទីតាំងឈជើង នៅខាងលិចភ្នំដូងព្រះ ភូមិអូរអំបិល ឃុំទឹកថ្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
នាយឧត្តមសេនីយ៍ មាស សុភា ក៏បានណែនាំដល់នាយទាហានថ្នាក់ មេបញ្ជាការ មេបញ្ជាការរង ប្រធានស្ថាប័នគ្រប់កងឯកភាព ក្នុងតំបន់ប្រតិបត្តិការ សឹកខេត្ត ត្រូវខិតខំរួមគ្នា ផ្សព្វផ្សាយ បកស្រាយពន្យល់ដល់ប្រជាជន សាធារណជន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ ឲ្យបាន ទូលំទូលាយ ដើម្បីឲ្យគេបានយល់ដឹងអំពីឧបាយកលបែបផែនសកម្មភាព ដ៍ពិសពុលរបស់គណបក្សប្រឆាំង ដែលឃុបឃិត ជាមួយ បរទេសក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា តាមរយៈនៃការធ្វើបដិវត្តន៍ព៌ណ ដែលខុសពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ហើយចលនាមហាជនឲ្យចូលរួមគាំទ្រ ដល់ចំណាត់ការតាមផ្លូវច្បាប់ ចំពោះបក្សមួយនោះ ទៅតាមសំណូមពរ និង សេចក្តីត្រូវការចាំបាច់ នៃភារកិច្ចការពារជាតិ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជាឲ្យកាន់តែរីកចម្រើន៕