(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរគ្រប់រូប កុំយកថ្ងៃ ៧មករា ដែលជាថ្ងៃបញ្ចប់សង្រ្គាមនៅកម្ពុជានោះ ធ្វើជាប្រធានបទឈ្លោះគ្នា ព្រោះការឈ្លោះប្រកែកគ្នានេះ មិនមែនជាសញ្ញាល្អ ក្នុងការបង្ហាញពីការឯកភាពជាតិនោះឡើយ។
ការអំពាវនាវជាថ្មីរបស់មេបក្សយុវជនកម្ពុជានេះ ធ្វើឡើងចំថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនោះ រៀបចំពិធីយ៉ាងមហោឡារឹកនៅទូទាំងប្រទេស ដើម្បីអបអរសាទរខួបលើកទី៣៩ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០១៨)។
លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យពលរដ្ឋខ្មែរ និងអ្នកនយោបាយកុំយកថ្ងៃ៧មករា ជាប្រធានបទឈ្លោះគ្នាអី ពីព្រោះវាមិនមែនជាសញ្ញាឯកភាពជាតិនោះឡើយ ផ្ទុយទៅវិញការឈ្លោះគ្នានៃថ្ងៃ៧មករានេះ ធ្វើឲ្យខ្មែរបែកបាក់នឹងធ្វើឲ្យអ្នករងគ្រោះជំនាន់នោះ ឈឺចាប់ទៅវិញទេ។ សូមឲ្យខ្មែរគ្រប់និន្នាការនយោបាយ ចំណាយពេលស្វែងរកយុទ្ធសាស្រ្ត ដើម្បីសង្រ្គោះកសិករខ្មែរយើងវិញ ប្រសើរជាងឈ្លោះគ្នាដោយសារតែថ្ងៃ ៧មករានេះ»។
ក្នុងនាមជាអ្នកនយោបាយថ្មីមួយរូប លោក ពេជ្រ ស្រស់ បានចាត់ទុកថា ថ្ងៃរំដោះជាតិ ៧មករា គឺជាថ្ងៃដែលជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា៕