(តាកែវ)៖ ប្រជាពលរដ្ឋក្រីក្រជាង៤០០គ្រួសារ មកពី៣ភូមិរួមមានភូមិស្វាយខម ភូមិតានន និងភូមិជើងលូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ ទទួលបានអំណោយពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ដែលអំណោយនេះ ជាទឹកចិត្តដ៏ថ្លៃថ្លា ដើម្បីរួមចំណែកក្នុងការជួយសង្គមជាតិ និងសម្រាលកាលលំបាកដល់ប្រជាពលរដ្ឋ។
អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន តំណាងរបស់លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ យកទៅចែកជូនដល់ប្រជាពលរដ្ឋទាំងជាង៤០០គ្រួសារ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨។
អំណោយដែលប្រជាពលរដ្ឋក្នុង១គ្រួសារៗ ទទួលបានរួមមាន៖ អង្ករ១០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ សាប៊ូ១គីឡូក្រាម ស្ករស១គីឡូក្រាម សារុង១។
ក្រោយទទួលបានអំណោយនោះ លោក ឃឹង សារ៉ាត់ បានរៀបចំនូវការពិសាអាហារសាមគ្គី រួមគ្នាជាមួយប្រជាពលរដ្ឋទាំងជាង៤០០គ្រួសារ ក្នុងបរិយាកាសប្រកបដោយក្តីរីករាយ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៣៩ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០១៨)។
លោក ឃឹង សារ៉ាត់ បានលើកឡើងថា ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំភ្លើស និងបំផ្លាញបានឡើយ។ លោកបានលើកឡើងអំពីប្រវត្តិតស៊ូ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជន និងកងយុទ្ធមិត្ត ដែលបានងើបឡើងតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ និងចាប់ផ្តើមកសាង ស្តារ និងអភិវឌ្ឍន៍ប្រទេសចាប់ពីបាតដៃទទេរ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ននេះ។
លោកក៏បានអំពាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវចូលរួមថែរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព និងសមិទ្ធផលនានា ដែលរកបានដោយលំបាកតាំងពីបាតដៃទទេរ ពោលរយៈពេល៣៩ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែង កសាងបានសមិទ្ធផលជាច្រើន ជូនប្រជាពលរដ្ឋកម្ពុជា៕