(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាឆ្នាំនេះជាខួបលើកទី៣៩ ដែលយើងទំាងអស់គ្នារួចផុតពីវាលពិឃាដរបបខ្មែរក្រហម ហើយរស់ក្នុងសុខសន្ដិភាពយ៉ាងត្រចះត្រចង់ ដូចសេចក្ដីថ្លែងការណ៍ស្ថានទូតអាមេរិកប្រចំាកម្ពុជាចុះថ្ងៃទី៧ មករានេះជាភស្ដុតាង។ហើយក្នុងរបបខ្មែរក្រហមនេះ បើនិយាយពីមេដឹកនំារដ្ឋនីមួយៗតែងមានទ្រឹស្ដី ដើម្បីកំណត់កម្មវិធី នយោបាយរបស់ខ្លួន។ ហេតុនេះចំពោះរបបខ្មែរក្រហមក៏ដូច្នោះដែរ ក្នុងការកាន់អំណាចពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ គឺអនុវត្ដនយោបាយសេដ្ឋកិច្ចពុំចាយប្រាក់នោះទេ បើទោះបីយើងឃើញមានការ បោះពុម្ពក្រដាសប្រាក់ប្រភេទ០,១ ០,៥ ១០ ១៥ ៥០ និង១០០រៀល ដោយចុះកាលបរិច្ឆេទឆ្នាំ១៩៧៥យ៉ាងនេះក្ដី។
ចំពោះមូលហេតុរបបខ្មែរក្រហមអនុវត្ដនយោបាយមិនចាយប្រាក់នេះ គឺប្រាកដណាស់! ដោយយោងលើទ្រឹស្ដីរបស់ទស្សនវិទូសេដ្ឋកិច្ចជនជាតិបារំាងដ៏ល្បីល្បាញគួរឲ្យខ្លាច ឈ្មោះ Pirere-Joseph Proudhon (ព្យ៉ែរ ហ្សូស៊ែត ព្រូដូន) ពីឆ្នំា១៨០៩ ដល់ ១៨៦៥ បានបោះពុម្ពផ្សាយជាស្នាដៃដ៏ធំសម្បើមមួយមានចំណងជើងថា «Solution of The Social Problem-ដំណោះស្រាយ បញ្ហាសង្គម» ក្នុងនោះលោកបានស្នើនូវទស្សនទានថា «The Bank of the People-ធនាគាររបស់ប្រជាជន» ជា«ឥណទានដោយមិនគិតថ្លៃគឺការលុបបំបាត់ប្រាក់»។
លោក ព្រូដូន បានអះអាងថា គ្រឹះនៃទ្រព្យសម្បត្ដិរបស់មនុស្សជាតិមានលក្ខណៈដូចៗគ្នាគឺស្មើភាពនឹងសេរីភាព។ បើដូច្នេះកម្មសិទ្ធិ គឺជាចោរកម្ម។
លោក រត្ន័ សណ្ដាប់ បន្ដថា ផ្ដើមចេញពីមាគ៌ានេះលោក ព្រូដូន ក៏បានស្នើទៀតថា បន្ទាប់មករដ្ឋាភិបាលក៏ត្រូវលុបចោលផងដែរ ដោយផ្អែកលើលទ្ធផលកំណែទម្រង់របស់ខ្លួនសម្រេចបានក្នុង «ការពង្រីកបញ្ចូលគ្នានៃវណ្ណៈ» ហើយមានតែវណ្ណៈពលករដែលផលិតផលពលកម្មរបស់ខ្លួនត្រូវបានដោះដូរតាមតម្លៃពិតប្រាកដ។
ចំណុចនេះសំដៅដល់ «ការបញ្ចប់វិវាទ» រវាងវណ្ណៈខ្លំាង និងវណ្ណៈខ្សោយ។ បើហេតុនេះចំពោះរដ្ឋាភិបាលបើស្ថិតនៅក៏គ្មានប្រយោជន៍អ្វីដែរ ព្រោះវណ្ណៈមូលធន និងពលកម្មត្រូវបានធ្វើឲ្យដូចគ្នា ក្នុងសង្គមដែលអាចរស់រានបានដោយខ្លួនឯង។ បើដូច្នេះគឺ «ពុំចំាបាច់ត្រូវការរដ្ឋាភិបាល» នោះទេ។
ដោយស្ថិតក្នុងទ្រឹស្ដីនេះហើយ ទើបរបបខ្មែរក្រហមមិនចាយប្រាក់នោះ ពិសេសសូម្បីអង្គការរដ្ឋាភិបាលនេះទៀតសោតក៏ដូច្នោះដែរ គឺគេស្គាល់ត្រឹមតែឈ្មោះអង្គការប៉ុណ្ណោះ។ ជាក់ស្ដែងរហូតមកដល់សព្វថ្ងៃយើងឃើញទេ! គឺមានចម្ងល់ជាច្រើនបានរាវរកនឹងចោទសួរយ៉ាងព្រោងព្រាតថា តើអង្គការជានរណា?
លោក រត្ន័ សណ្ដាប់ បន្ដទៀតថា អ្វីកាន់តែច្បាស់ថែមទៀតនោះ លោក ខៀវ សំផន ជាទូទៅគេស្គាល់ថា ជាឥស្សរជនជាន់ខ្ពស់បំផុតខ្មែរក្រហម បើពិនិត្យនិក្ខេបបទរបស់លោក ជាបណ្ឌិតនៅស្រុកបារំាងឆ្នាំ១៩៥៩ ក៏មានលក្ខណៈប្រហាក់ប្រហែលនឹងទ្រឹស្ដីលោក ព្រូដូន នេះផងដែរ ដោយក្នុងនោះលោក បានស្នើយ៉ាងក្បោះក្បាយថា «រូបិយបណ្ណត្រូវលុបបំបាត់ចោល» ហើយការជួញដូរ ឬពាណិជ្ជកម្មក្នុងស្រុក ត្រូវធ្វើតាមរយៈការដោះដូររបស់គ្នាតែប៉ុណ្ណោះ។
ហេតុនេះបើថ្លែងពីទ្រឹស្ដីលោក ព្រូដូន នេះផងដែរ គឺពុំមានប្រទេសណាអនុវត្ដន៍នោះទេ លើកលែងតែរបបខ្មែរក្រហមប៉ុណ្ណោះ។ ហើយចំពោះប្រវត្ដិនេះទៀតសោត លោក ត្រូវបានអាជ្ញាធរបារំាងនាសម័យនោះ ចាប់ដាក់គុតជាច្រើនលើក ពិសេសស្នាដៃរបស់លោកជាច្រើន សូម្បីតែរោងពុម្ពក៏គេពុំហ៊ានទទួលបោះពុម្ពដែរ។ ដោយសារតែកត្ដានេះ ចុងក្រោយលោក ព្រូដូន និងក្រុមគ្រួសារបានរត់គេចខ្លួនចេញពីពន្ធនាគារទៅប្រទេសប៊ែលហ្សិក។
ដោយឈរលើមូលដ្ឋានដូចខាងលើនេះ ជាចុងក្រោយលោក រត្ន័ សណ្ដាប់ ក៏បានទាត់ចោលផងដែរ ចំពោះទស្សនទានអ្នកប្រវត្ដិសាស្រ្ដ អ្នកនយោបាយដែលអះអាងថា គោលនយោបាយរបបខ្មែរក្រហមបានដើរតាមទ្រឹស្ដីលទ្ធិម៉ៅសេងទុង ឬប្រទេសចិននោះ។
ដោយហេតុថា សូម្បីតែពិនិត្យពីនិស្សិតខ្មែរទៅរៀននៅក្រៅប្រទេសជាអាទិ៍៖ ប្រទេសចិននិងបារំាង ក៏យើងនឹងឃើញផងដែរថា ចំពោះនិស្សិតខ្មែររៀននៅចិន គឺគ្រាន់តែចង់យកចំណេះវិជ្ជាដើម្បីកសាងខ្លួន និងប្រទេសតែប៉ុណ្ណោះ ដោយពុំមានគំនិតចង់ធ្វើជាកុម្មុយនីស្ដនោះទេ ។ តែដោយទ្បែកចំពោះនិស្សិតពីបារំាងវិញ គឺភាគច្រើនចង់ធ្វើជាកុម្មុយនីស្ដ ដូចយើងឃើញក្នុងប្រវត្ដិសាស្រ្ដពីទសវត្សរ៍១៩៧៥ រហូតមកដល់បច្ចុប្បន្ននេះជាភស្ដុតាង។ ចំពោះបញ្ហានេះ បណ្ដាមកពីប្រព័ន្ធគ្រប់គ្រងបារំាងមានលក្វណៈពិសេសពីរយ៉ាង គឺទីមួយ៖ រាល់ទាមទារអ្វីៗចេញពីបាតុកម្ម នឹងទីពីរ៖ ទស្សនកុម្មុយនីស្ដនេះឯង៕