(កំពង់ស្ពឺ)៖ ព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរការ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទទួលជួបអង្គការហូមទ្រី និងបានធ្វើពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីវិស័យកីឡា ដែលមានរយៈពេល២ឆ្នាំ ដោយអង្គការហូបទ្រី នឹងធ្វើការផ្ដល់សំភារៈកីឡាបាល់ទាត់ ដល់កីឡាករអាយុក្រោម២០ឆ្នាំ និងផ្ដល់គ្រូបង្វឹកបាល់ទាត់ដល់រដ្ឋបាលខេត្តកំពង់ស្ពឺផងដែរ។
លោម វ៉ី សំណាង បានថ្លែងថា អង្គការហូមទ្រី ផ្តល់គ្រូបង្វឹកក្នុងប្រទេស ជាពិសេសខេត្តកំពង់ស្ពឺចំនួន២០នាក់ ដើម្បីជួយដល់វិស័យកីឡា ក្នុងខេត្តសម្រាប់ចេញទៅប្រកួតថ្នាក់ជាតិ។
លោកអភិបាលបានឲ្យដឹងទៀតថា ក្រោយពីទទួលបានការបង្វឹក និងលេងបាល់បានស្ទាត់ជំនាញក្នុងតំបន់ អង្គការហូមទ្រី និងបញ្ជូនកីឡាកររបស់យើង ទៅចូលរួមប្រកួតនៅខេត្ត ហ្វាជូរ ប្រទេសកូរ៉េ ដើម្បីផ្លាស់ប្តូរបទពិសោធន៏ ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិផងដែរ។ ដូច្នេះវិស័យកីឡាក្នុងខេត្តកំពង់ស្ពឺ លេចធ្លោរជាងមុន ខណៈខេត្តមានស្នាដៃឆ្នើមលើវិស័យសិក្សាអប់រំ និងវប្បធម៌ ចម្រៀង និងកសិកម្ម៕