(រតនគិរី)៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តរតនគិរី កម្លាំងនគរបាលស្រុកលំផាត់ កម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងកម្លាំងមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃលំផាត់ បានចុះរឹបអូសឈើសុក្រំ១១៣កំណាត់ មានមុខកាត់ចាប់៣៥សង់ទីម៉ែត្រ ដល់៦០សង់ទីម៉ែត្រ និងប្រវែងចាប់៣ទៅ៤ម៉ែត្រ ដែលឈ្មួញដឹកមកលាក់ទុកបម្រុង លើកដាក់រថយន្តយីឌុប ទៅប្រទេសវៀតណាម ត្រង់ចំណុចបង្គោល ២៥៥-២៥៦ ស្ថិតក្នុភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ គឺក្នុងដែនជម្រកគ្រប់គ្រង ដោយមន្ត្រីបរិស្ថានតែម្តង។
នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគីរី បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីបណ្តាញសម្ងាត់រួចមក លោកសុំយោបល់ពីលោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផៃនប្រឆាំងបទល្មើស និងមានការឯកភាពពីតំណាងអធ្យការ អមសាលាដំបូងខេត្តរតនគិរីផងនោះ កម្លាំងលោកបានចុះដល់គោលដៅត្រួតពិនិត្យឃើញឈើ៧គំនរ នៅក្បែរគ្នារាប់ឃើញ១១៣កំណាត់។
បន្ទាប់មកនៅថ្ងៃដដែល ឈើទាំង១១៣កំណាត់ ត្រូវបានកម្លាំងចម្រុះ បានប្រគល់ជូនមន្ត្រីបរិស្ថានដែនជម្រកលំផាត់ ចាត់ចែងបន្ត៕