(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្ដចំនួន៤,៤៦៣គ្រឿង រកឃើញល្មើសច្បាប់៦៩៤គ្រឿង (ម៉ូតូ៨៦ភាគរយ) អប់រំ២៥២គ្រឿង និងផាកពិន័យ៤៤២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៧ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៧៨៩គ្រឿង អប់រំ១២៦គ្រឿង និងផាកពិន័យចំនួន៥៤៩គ្រឿង។
ដោយឡែកសម្រាប់ក្របខណ្ឌ ក្នុងរាជធានីភ្នំពេញ របាយការណ៍ខាងលើបញ្ជាក់ថា បានឃាត់យានយន្តបើកបរបញ្ច្រាសទិស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ ចំនួន៧២៨គ្រឿង ដែលសុទ្ធសឹងជាម៉ូតូ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៤,៧៥៣គ្រឿង រកឃើញយានយន្តល្មើស ៥,៨៤៥គ្រឿង (ម៉ូតូ៨១ភាគរយ) ក្នុងនោះអប់រំ២,២៥៧គ្រឿង និងផាកពិន័យ ៣,៥៨៨គ្រឿង (ម៉ូតូ៩៦ភាគរយ)៕