(ភ្នំពេញ)៖ បន្ទាប់ពីបានទស្សនាការផ្សាយផ្ទាល់ កិច្ចសម្ភាសន៍របស់តារាកំប្លែងភេទទី៣ ចំនួនពីរដួង គឺ កញ្ញា ស៊ីញស៊ីញ និងស្រីខួច តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV និង Khmertalking បង្កឲ្យផ្ទុះសំណើចសើចក្អាកក្អាយ តាំងពីដើមរហូតដល់ចប់ រួចមក អ្វីដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍នោះ គឺការបង្ហើបពីគូអនាគតរបស់កញ្ញា ស៊ីញស៊ីញ ដោយនាង បានបញ្ជាក់ច្បាស់ៗថា នាងនឹងរៀបការជាមួយ មនុស្សប្រុសពេញលក្ខណៈ ខណៈរូបនាង
គឺជាភេទទី៣ (ប្រុសធ្វើជាស្រី)។ ចំណែកឯស្រីខួចវិញ ក៏បានបង្ហើបពីគូអនាគត មិនខុសពីស៊ីញស៊ីញដែរ។
តាមរយៈការសាកសួរ របស់ពិធីករក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា ស៊ីញស៊ីញ បានទម្លាយថា ចំណង់ចំណូលចិត្តរបស់នាង គឺចាប់អារម្មណ៍ ទៅលើមនុស្សប្រុស សូម្បីតែគូអនាគត ក៏ចង់បានប្តីមនុស្សប្រុសដែរ ទោះបីជានាង ជាភេទទី៣ក៏ដោយ ពោលគឺមិនចាប់អារម្មណ៍ថា ខ្លួននឹងរៀបការ ឬចង់បានគូអនាគត ជាមនុស្សស្រីនោះឡើយ។
ជាក់ស្តែង តារាកំប្លែងដែលពូកែលេងសម្តី និងទឹកមុខ ធ្វើឲ្យទស្សនិកជន ផ្ទុះសំណើច កញ្ញា ស៊ីញស៊ីញ បាននិយាយថា «ចា៎..បង! នៅថ្ងៃអនាគតចង់បានប្តី ហើយមិនគិតថាសង្ហារ ឬមិនសង្ហារអីនោះទេ សំខាន់ឲ្យតែចេះស្រឡាញ់ និងយល់ចិត្តគ្នាទៅបានហើយ។ ចំពោះមុខរបរនៅថ្ងៃអនាគតវិញ ខ្ញុំនៅតែបម្រើសទស្សនិកជនជានិច្ច ឲ្យតែទស្សនិកជនគាំទ្រ ហើយខ្ញុំក៏ចង់បង្កើតជាសំអាងការផ្ទាល់ខ្លួន ផងដែរ!»។
ករណីដែល ស៊ីញស៊ីញ បង្ហើបប្រាប់ ពីគូអនាគតជាបុរសស្រឡាញ់បុរសដូចគ្នានេះ គឺធ្លាប់តែឃើញនៅប៉ែកបច្ចឹមប្រទេសតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ ក្នុងទ្វីបអាស៊ី ក៏មានច្រើនដែរ ដូចជាកញ្ញា ស៊ីញស៊ីញ តារាភេទទី៣ជាដើម ហើយក៏មានទស្សនិកជនជាច្រើន បាននិយាយថា នៅថ្ងៃអនាគត និងមានភេទដូចគ្នារៀបការ ជាមួយគ្នាកាន់តែច្រើន ដោយការហូរចូលវប្បធម៌ ពីប៉ែកអ៉ឺរ៉ុប។
សូមបញ្ជាក់ថា យ៉ាងណាមិញ ទោះបីជាតារាកំប្លែងទាំងពីរនាក់នេះ មានការសើចសប្បាយ រីករាយ ក៏មានប្រវត្តិជូរចត់ខ្លះដែរ ទំរាំល្បីមកដល់សព្វថ្ងៃនេះ ដោយស្រីខួច គឺជាតារាភេទទីបី ធ្លាប់ប្រកបរបបធ្វើសំណង់ និង លក់ម្ជូរពេលយប់តាមផ្លូវសាធារណៈ តាមហាងផឹកស៊ី ជាមួយសំឡេងច្រៀង និងនិយាយរឿងកំប្លែង ដែលជាទេពកោសល្យពីកំណើត ដើម្បីប្តូរនឹងការឲ្យភ្ញៀវជួយទិញម្ជូរ បានដាច់បន្ថែម និង ស៊ីញស៊ីញ វិញ ជាអតីតនិស្សិត បរិញ្ញាប័ត្រ IT ប៉ុន្តែក្រោយពីមិនអាចរកការងារធ្វើតាមមុខជំនាញ និងមានចំណូលចិត្ត ខាងសិល្បៈ មានចរិតជាមនុស្សស្រីផង ក៏សម្រេចចិត្តតែងខ្លួនជាមនុស្សស្រី ចូលសម្ដែងកំប្លែង រួមគ្នាជាភេទទីបី តាមក្លិបកំសាន្ត និងកម្មវិធី ទូរទស្សន៍នានា ក្នុងរាជធានីភ្នំពេញ៕