(ភ្នំពេញ)៖ លោក ជា ចាន់តូ សមាជិកគណអចិន្ត្រយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ បានសំដែងក្ដីថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំពលីកម្មសព្វគ្រប់បែបយ៉ាង ជូនជាតិ ប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយលោកបានប្រកាសថា ប្រសិនបើកម្ពុជាគ្មានថ្ងៃ៧ មករានោះទេ នោះកម្ពុជាក៏គ្មានជីវិតថ្មី សេរីភាព សុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍស្ទើរតែគ្រប់វិស័យដូចបច្ចុប្បន្ននេះឡើយ។
ការលើកឡើងបែបនេះរបស់លោក ជា ចាន់តូ ធ្វើឡើងនាឱកាសដែលលោក រួមទាំងប្រជាពលរដ្ឋ ស្ថិតនៅស្រុកស្ទោងជិត៣ពាន់នាក់ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៩ នៃទិវាជ័យជំនៈ៧មករា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨នេះ ដែលធ្វើឡើងនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
នាឱកាសនោះលោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា ការជួបជុំគ្នាប្រារព្ធមីទិ្ទញរំឭកខួបលើកទី៣៩ នៃទិវាជ័យជំនៈ៧ មករា នៅថ្ងៃនេះពិតជាមានអត្ថន័យណាស់ ព្រោះជាថ្ងៃដែលឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់រូបបានរស់រានមានជីវិតឡើងវិញ ពីរបបរបបប្រល័យពូជសាសន៍ ប៉ុល ពត មានន័យថាថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាទិវាជ័យជំនៈប្រវត្តិសាស្រ្ដ និងជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា គ្មានបំភ្លេចបានឡើយ។
លោកបញ្ជាក់ទៀតថា ប្រសិនបើគ្មានថ្ងៃ៧ មករាទេ ក៏គ្មានជីវិតថ្មី គ្មានសិទ្ធិ, សេរីភាព និងគ្មានការកសាងសង្គមមួយមានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះទេ។ ឈរលើមូលដ្ឋាននៃជ័យជំនៈថ្ងៃ៧ មករានេះ បានរុញច្រានកម្ពុជាឲ្យចេញពីចំណុចសូន្យ ដែលបន្សល់ទុកពីរបប៣ឆ្នាំរបស់ខ្មែរក្រហមនោះ មកកាន់កម្ពុជាមួយមានសន្តិភាព និងការអភិវឌ្ឍន៍។
លោកបានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផល ដែលទទួលបានសព្វថ្ងៃនេះសុទ្ធតែកើត ចេញពីមរតក នៃជ័យជំនៈថ្ងៃ៧ មករា។ តាមរយៈការបង្កលក្ខណៈ ឲ្យយើងបានកសាង នូវសមិទ្ធផលជាច្រើនរួមមាន៖ ផ្លូវ, ស្ពាន, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធបណ្តាញ អគ្គិសនី, ទឹកស្អាត, ទូរគមនាគមន៍, ការកើនឡើងនូវរោងចក្រ សហគ្រាស, ភ្ញៀវទេសចរ, និងការបង្កើនការងារយ៉ាងច្រើន ជូនប្រជាពលរដ្ឋធ្វើថែមទៀតផងដែរ។
សូមរំលឹកថា ប្រទេសកម្ពុជាក្រោយការធ្វើរដ្ឋប្រហារទម្លាក់ ប្រមុខរដ្ឋសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីអំណាច នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសេនាប្រមុខ លន់ នល់ និងព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ព្រមទាំងគូកនជាច្រើននាក់ទៀត ក្រោមបង្អែករបស់សហរដ្ឋអាមេរិកនោះ បានធ្វើឲ្យកម្ពុជាធ្លាក់ខ្លួនផុងចូលក្នុងភ្លើងសង្រ្គាមជាបន្តបន្ទាប់ ប្រទេសជាតិ និងប្រជាជន ត្រូវរងទុក្ខវេទនាខ្លោចផ្សាជាទីបំផុត។ ប្រជាជន ដែលនឿយណាយនិងសង្រ្គាមរ៉ាំរ៉ៃនេះ បានរីករាយជាខ្លាំងក្រោយពេលឃើញ របបសាធារណរដ្ឋរបស់សេនាប្រមុខ លន់ នល់ ត្រូវបានវាយផ្តួលរំលំដោយក្រុម ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករាជធានីភ្នំពេញរំពឹងថា ការរំដោះយកប្រទេសពីសេនាប្រមុខ លន់ នល់ ដោយក្រុមខ្មែរក្រហម នឹងធ្វើឲ្យសង្រ្គាមត្រូវចប់ ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។ ក្តីរំពឹងត្រូវបានរលាយសាបសូន្យក្រោយពេលរបបថ្មី បានដាក់ចេញគោលនយោបាយ បណ្តេញប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាឲ្យទៅរស់នៅ និងធ្វើស្រែចម្ការនៅតាមតំបន់ភូមិភាគនានា ស្ថិតនៅស្រុកស្រែចម្ការ។ ទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងរបបអាវខ្មៅ ត្រូវបានបិទបញ្ចប់ បន្ទាប់ពីកម្លាំងអ្នកស្នេហាជាតិ កម្លាំងតស៊ូរបស់យុទ្ធជនក្លាហានកម្ពុជា រួបរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ក្រោមការជួយគាំទ្រពីកងទ័ពវៀតណាម បើកការវាយផ្តួល និងដណ្តើមប្រទេសចេញពីកណ្តាប់ដៃរបស់ ប៉ុល ពត បានទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕