(កំពង់ធំ)៖ ក្នុងអង្គមិទ្ទិញអបអរសាទរខួបលើកទី៣៩ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០១៨) រួមជាមួយកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកបារាយណ៍ ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានលើកឡើងថា ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំភ្លើស និងបំផ្លាញបានឡើយ។
នៅចំពោះមុខសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ១,២០០នាក់ ដែលអ្នកចូលរួមក្នុងអង្គមិទ្ទិញខាងលើ លោក ថោង ខុន បានលើកឡើងអំពីប្រវត្តិតស៊ូរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន និងកងយុទ្ធមិត្ត ដែលបានងើបឡើងតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ និងចាប់ផ្តើមកសាង ស្តារ និងអភិវឌ្ឍន៍ប្រទេសចាប់ពីបាតដៃទទេរ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់បច្ចុប្បន្ននេះ។
លោក ថោង ខុន ក៏បានអំពាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវចូលរួមថែរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព និងសមិទ្ធផលនានា ដែលរកបានដោយលំបាកតាំងពីបាតដៃទទេរ ពោលរយៈពេល៣៩ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែង កសាងបានសមិទ្ធផលជាច្រើន ជូនប្រជាពលរដ្ឋកម្ពុជា។
ដើម្បីធានា និងបង្កើនភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល សំដៅបន្តយកជ័យជម្នះក្នុងការបោះឆ្នោតនៅអាណត្តិថ្មីនេះ លោកក៏បានដាក់អនុសាសន៍ដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តស្មារតី ៧ មករា ជាអមតៈ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាព ពិសេសសេវាតម្រូវការ និងសេវាសំណូមពរ និងត្រូវប្តេជ្ញាគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាពដ៏មហាសាលនេះ។
លោកក៏បានយកឱកាសនេះអំពាវនាវ ដល់ប្រជាពលរដ្ឋចូលរួមបោះឆ្នោតសកល ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់៕