(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកអំពីដំណាក់កាលដ៏សែនដំបាកមួយ ក្រោយពីវាយផ្តួលរំលំរបបប៉ុលពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ សម្តេចរំលឹកថា ដំណាក់កាលនោះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង ដោយដៃម្ខាងខិតខំ ស្តារសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញពីលេខសូន្យ និងពីបាតដៃទទេ ហើយដៃម្ខាងទៀតត្រូវប្រយុទ្ធទប់ស្កាត់ មិនឲ្យរបប ប៉ុល ពត វិលមកវិញបាន។
សម្តេចតេជោ ហ៊ុន សែន បានរំលឹករឿងនេះ ក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍ លើកទី ៣៩ នៃទិវាជ័យជម្នះ ៧ មករា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «គួររំឭកថា ក្រោយពីរបប ប៉ុល ពត ត្រូវផ្តួលរំលំ កងទ័ពបាក់បែករបស់ពួក ប៉ុល ពត បានរត់ទៅប្រមូលផ្តុំ នៅតាមព្រំដែនភាគខាងលិច ហើយត្រូវបាន ប្រទេសមួយចំនួន ជួយគាំទ្របន្តដង្ហើមឲ្យរស់ ដើម្បីបង្កសង្រ្គាម សំដៅទន្ទ្រាន និងផ្តួលរំលំរដ្ឋអំណាច នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា»។
សម្តេចបានបន្តថា «នេះជាដំណាក់កាលមួយទៀត ដ៏សែនលំបាកជាទីបំផុត ដែលគណបក្សប្រជាជនកម្ពុជាត្រូវដឹកនាំ ដោយដៃម្ខាងខិតខំ ស្តារសេដ្ឋកិច្ច សង្គម និងជីវភាព រស់នៅរបស់ប្រជាជនឡើងវិញពីលេខសូន្យ និងពីបាតដៃទទេ ហើយដៃម្ខាងទៀត ត្រូវប្រយុទ្ធទប់ស្កាត់ មិនឲ្យរបប ប៉ុល ពត វិលមកវិញបាន មិនតែប៉ុណ្ណោះ កម្ពុជាដ៏ក្រីក្របំផុតនៅពេលនោះ ត្រូវទទួលរងនូវការហ៊ុមព័ទ្ធ ទាំងខាងនយោបាយ និងសេដ្ឋកិច្ច យ៉ាងអយុត្តិធម៌ថែមទៀត ពីសំណាក់ប្រទេសមួយចំនួន ដែលបានរួមគ្នាប៉ុនប៉ងកម្ចាត់ សាធារណរដ្ឋប្រជាមានិតកម្ពុជា»។
សាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើងនៅកម្ពុជា ដោយរណសិរ្សសង្គ្រោះ បន្ទាប់ពីការរំលំនៃកម្ពុជាប្រជាធិបតេយ្យ ដែលជា រដ្ឋាភិបាល របស់ប៉ុល-ពត។ សាធារណរដ្ឋប្រជាមានិតកម្ពុជា បានបរាជ័យដើម្បីឱ្យបានការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដោយសារតែ អន្តរាគមន៍ការទូត របស់ប្រទេសមួយចំនួន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ប្រសិនបើពេលនោះយើងមិនអាចរាំងស្កាត់បាននូវការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ទេនោះ យើងពិតជាពុំអាចមានជីវិត និងមានអ្វីៗមកដល់ថ្ងៃនេះបានឡើយ ។ ប៉ុន្តែជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងកម្លាំងមហាសាមគ្គី របស់ប្រជាជន ប្រទេសជាតិបានឆ្លងផុតនូវគ្រោះគំរាមកំហែងទាំងអស់នោះដោយជោគជ័យ ដោយបានប្រឹងប្រែងងើបឈរឡើងវិញ ហើយបោះជំហាន ទៅមុខមួយជំហានម្តងៗប្រកបដោយការប្តេជ្ញាខ្ពស់បំផុត សម្រេចបានសមិទ្ធផលលើគ្រប់វិស័យយ៉ាងធំធេង ដែលមានអត្ថន័យដ៏ជ្រាលជ្រៅ ជាប្រវត្តិសាស្រ្តសម្រាប់ការស្ថិតស្ថេរ គង់វង្ស និងរីកចម្រើនរបស់ប្រជាជាតិខ្មែរ៕