(កំពង់ធំ)៖ ខួប៣៩ឆ្នាំថ្ងៃជ័យជម្នះ៧មករា ថ្ងៃវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងរំលឹកថា យុទ្ធជនកម្ពុជាជាច្រើន បានលះបង់អាយុជីវិត និងពលីកម្លាំងកាយ ញើសឈាម ដើម្បីបុព្វហេតុសង្គមជាតិ រហូតដល់រំដោះប្រទេសចេញពីរបបព្រៃផ្សៃនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា «ស្មារតី ២ធ្នូ និងជ័យជម្នះ ៧ មករា ដ៏រុងរឿង ដែលបានមកពីការលះបង់អាយុជីវិត ធ្វើមហាពលីកម្ម ប្រកបដោយវីរភាពខ្ពស់របស់វីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិយើងក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ ដូចនេះ យើងត្រូវប្តេជ្ញា ថែរក្សាការពារ សមិទ្ធផលសង្គមជាតិ និងមរតកសន្តិភាពសម្តេចតេជោឲ្យស្ថិតស្ថេរ គង់វង្ស និងទប់ស្កាត់ មិនឲ្យកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយ ដូចពីអតីតកាលទៀតឡើយ»។
លោកអគ្គលេខាធិការ បានបន្តថា ក្នុងន័យរំលឹកដល់គុណបំណាច់ធំធេងរបស់វីរៈអតីតយុទ្ធជន សមាគមអតីតយុទ្ធជនកម្ពុជា ដែលបង្កើត និងដឹកនាំដោយសម្តេចតេជោ តាំងពីឆ្នាំ២០០៧ មក ពិសេសរយៈពេលជាង២ឆ្នាំចុងក្រោយនេះ បានធ្វើសកម្មភាពដោយស្ម័គ្រចិត្ត មិនគិតប្រាក់ កម្រៃ ហើយខិតខំអនុវត្តន៍សម្រេចលទ្ធផលជាផ្លែផ្កាជាច្រើន រួមចំណែកដល់ការពង្រឹងពង្រីកតួនាទីរបស់អតីតយុទ្ធជន ការកែលំអជីវភាព ការបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក ពេលជួបគ្រោះថ្នាក់ ជួបលំបាក ឬ មរណភាពជាដើម។
ក្នុងនោះសមាគមបានបើកប្រាក់មរណសង្រ្គោះឲ្យទាន់ចំថ្ងៃបុណ្យសព ធ្វើបច្ចុប្បន្នភាពរកឲ្យឃើញអ្នកទ័លក្រីក្រលំបាក ជំរុញចុះសួរសុខទុក្ខសមាជិកឲ្យបានគ្រប់ៗគ្នា តាមមូលដ្ឋាននានា។ល។ និង។ល។ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តន៍គោលនយោបាយជាតិសំរាប់អតីតយុទ្ធជន របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថានៅថ្ងៃនេះ អគ្គលេខាធិការ គន់ គីម ក៏បានប្រកាសទទួលស្គាល់លោក សុខ លូ អភិបាលខេត្តកំពង់ធំ ជាសមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានកិត្តិយសជំនួសលោក អ៊ុត សំអន ដែលផ្លាស់ប្តូរភារកិច្ចថ្មី និងទទួលស្គាល់ ឧត្តមសេនីយ៍ អ៊ុក កោសល ស្នងការនគរបាលខេត្ត ជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ជំនួស ឧត្តមសេនីយ៍ ជូ សំអាន ដែលប្តូរភារកិច្ចថ្មីផងដែរ។
នាយឧត្តមសេនីយ គន់គីម បានសម្តែងការកោតសរសើរ ចំពោះគណៈកម្មាធិការសមាគមខេត្ត ដែលបានណែនាំឲ្យបងប្អូនអតីតយុទ្ធជន ជាសមាជិកសមាគមម្នាក់ៗ សរសេរចងក្រងប្រវត្តិសង្ខេប និង បទពិសោធន៍ការងារ រួមទាំងសកម្មភាព និងការតស៊ូប្រយុទ្ធប្រឆាំងសត្រូវលើសមរភូមិ រហូតក្លាយជា ជនពិការ បាត់បង់សមត្ថភាពការងារ ឬចូលនិវត្តន៍ ជាដើម ដើម្បីបានដំកល់ទុក សំរាប់កូនចៅជំនាន់ក្រោយផង និងសម្រាប់អានក្នុងពិធីបុណ្យសព បងប្អូន ផងដែរ ដែលនោះគឺ ជាការផ្តល់កិត្តិយសឲ្យសក្តិសមនឹងគុណបំណាច់ដ៏ធំធេង របស់វីរៈអតីតយុទ្ធជន ដែលបានលះបង់ ដើម្បីភាពសុខសាន្តរបស់ប្រជាជន។
នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំឲ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្ត ត្រូវពង្រឹងកិច្ចសហការគ្រប់គ្រងនូវដីបំរុងទុកសម្រាប់គោលដៅដីសម្បទានរបស់រដ្ឋ ក្នុងទីតាំងដែលមានក្នុងខេត្តកំពង់ធំ តាមការផ្ទេរនិងប្រគល់សិទ្ធិ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនគណៈបញ្ជាការឯកភាពខេត្ត កន្លងមក ដើម្បីត្រៀមទុកផ្តល់ជូនអតីតយុទ្ធជនក្រីក្រ ទាំងនៅក្នុងខេត្តនិងបណ្តាខេត្តដទៃ ដែលត្រូវការចាំបាច់នូវដីសម្បទានសង្គមកិច្ច សម្រាប់ដោះស្រាយជីវភាព។
តាមរបាយការណ៍របស់ឧត្តមសេនីយ៍ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត បានឲ្យដឹងថា ទូទាំងខេត្តសមា គម បានរកឃើញមានអតីតយុទ្ធជនទ័លលំបាក ដែលមានដីតែមានផ្ទះទ្រុឌទ្រោមមិនសមរម្យចំនួន ៧៧ គ្រួសារ និងអ្នកដែលអត់ ទាំងដីទាំងផ្ទះ ៨៩គ្រួសារ។ ដោយឡែកតាមបញ្ជីឈ្មោះដែលក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានផ្តល់មកខេត្តកំពង់ធំ មានអតីតយុទ្ធជនក្រីក្រ បានស្នើសុំដីសម្បទានសង្គមកិច្ចមានចំនួន ៤៣៤គ្រួសារ។
តាមរយៈសំណើរបស់នាយឧត្តមសេនីយ៍ គន់ គីម ភ្លាមៗនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ផ្ទះចំនួន ៧ខ្នង ជូនសមាជិក សមាគមអតីតយុទ្ធជនក្រីក្រលើដីជាកម្មសិទ្ធិស្រាប់ បន្ថែមពីលើចំនួនផ្ទះដែលសម្តេចទាំងទ្វេ បានផ្តល់រួចកន្លងមកចំនួន ៥០ខ្នង។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានសន្យាថា នឹងខិតខំចលនាសប្បុរសជនប្រមូលមូលនិធិ ដើម្បីជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្របន្តទៀត និងពង្រឹងការគ្រប់គ្រងដីបំរុងទុករបស់រដ្ឋ នៅក្នុងខេត្តឲ្យបានម៉ឺងម៉ាត់៕