(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជិត៣ពាន់នាក់ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណជាង២០០នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវត្តបរសេដ្ឋចាស់ ឃុំបរសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃចំនួន២,១៦១នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។
ក្នុងនោះបានពិនិត្យព្យាលបាលជំងឺកុមារ៣១៩នាក់, ជំងឺស្រ្តី២៦២នាក់, ជំងឺផ្លូវចិត្ត១៧០នាក់, ជំងឺឫសដូងបាត២៧៥នាក់, ជំងឺសន្លាក់ឆ្អឹង៩៨នាក់, ជំងឺរលាកសួត១១២នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៧៩នាក់, ជំងឺភ្នែក៦៧នាក់, ជំងឺសើរស្បែក៩២នាក់, ជំងឺទឹកនោមផ្អែ១៧៤នាក់, ជំងឺមាត់ធ្មេញ៦៦នាក់, អេកូសាស្ត្រ១៧៧នាក់ និងជំងឺទូទៅ១០៧០នាក់ និងព្យាបាលរបួស។
ប្រជាពលរដ្ឋ២រូប ដែលមកពីស្រុកបសេដ្ឋដូចគ្នា សុទ្ធតែសំណូមពរ ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យចុះមកភូមិឃុំរបស់គាត់ ឲ្យបានញឹកញាប់ ដែលនេះអាចសបញ្ជាក់ឲ្យឃើញពីការស្រឡាញ់ ក្នុងដឹកនាំរបស់ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយនេះ។
លោក ជា សុខគឿន ជាពលរដ្ឋម្នាក់ក្នុងចំណោម ប្រជាពលរដ្ឋប្រមាណជិត៣ពាន់នាក់ ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានពិនិត្យ និងព្យាបាល ហើយបន្ថែមពីនោះ គឺផ្តល់ថ្នាំដោយមិនគិតថ្លៃទៀត។ លោកសុខគឿន បាននិយាយថា គាត់មានជំងឺឈឺសន្លាក់ដៃជើង ឧស្សាហ៍ចុករោយ ហើយនេះជាលើកទី១សម្រាប់លោក។
បន្ថែមពីនេះ លោក សុខគឿន ជាពលរដ្ឋម្នាក់ដែលធ្លាប់ឆ្លងកាត់របបប្រពូជសាសន៍ខ្មែរក្រហម ដោយគាត់បានរៀបរាប់ពីទុក្ខលំបាកក្នុងរស់នៅក្នុងរបប ប៉ុល ពត គឺរស់នៅដោយរងទុក្ខវេទនា ហើយរូបគាត់ក៏បានប្រៀបធៀប ពីសម័យនោះមកនឹងបច្ចុប្បន្ន គឺមានភាពខុសគ្នាយ៉ាងដាច់ស្រឡះ ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន គឺមានការអិភិវឌ្ឍន៍ ពីមួយដំណាក់កាល ទៅមួយដំណាក់កាល។
ចំណែកអ្នកស្រី ឈិត ចាន់ធឿន ដែលមានជំងឺរបេង បានបង្ហាញសេចក្តីរីករាយយ៉ាងខ្លាំង នៅពេលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានអញ្ជើញមកដល់ក្នុងស្រុកភូមិរបស់គាត់ ដោយព្យាបាលមិនគិតថ្លៃ។ អ្នកស្រីបានបន្ថែមថា ការមកដល់ពីក្រុមគ្រូពេទ្យ បានធ្វើឲ្យគាត់ចំណេញយ៉ាងច្រើន ទាំងពេលវេលា និងថវិកា។
អ្នកស្រី ឈិត ចាន់ធឿន ក៏បានរៀបរាប់ទាំងអួលដើមកថា «ពីសម័យមុនខ្ញុំរស់នៅពិបាកណាស់ មិនដូចសម័យនេះទេ មានសព្វគ្រប់ មានទាំងផ្លូវថ្នល់ ជាពិសេសនោះគឺថ្ងៃនេះ មានក្រុមគ្រូពេទ្យមកព្យាបាលដោយមិនគិតលុយ ខ្ញុំពិតជារីករាយណាស់»។
សូមបញ្ជាក់ថារយៈពេល៦១ខែ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,២៦៩នាក់ ចុះពិនិត្យ និងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៣៤លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន២៦១,៣៨៧នាក់។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបថា ដំណើរចុះទៅខេត្តកំពតរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ ធ្វើឡើងចំខួប៥ឆ្នាំ ឈានចូលឆ្នាំទី៦ នៃការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រក៏ល្អមួយនេះឡើង។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕