(ភ្នំពេញ)៖ ខណៈដែលមិទ្ទេញអបអរសាទរខួបលើកទី៣៩ នៃទិវាជ័យជម្នះ ៧ មករា ត្រូវបានប្រារព្ធឡើងយ៉ាងអធឹកអធ័មនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ សម្តេចពញាចក្រ ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយអ្នកចូលរួម៤៥,០០០នាក់នោះ រដ្ឋបាលខេត្ត និងមន្ទីរ ស្ថាប័ន អង្គភាពនៅតាមបណ្ដាខេត្តទូទាំងប្រទេសកម្ពុជា ក៏បានរៀបចំពិធីដ៏ឱឡារឹកនេះផងដែរ។

ជាការពិតណាស់ ក្នុងថ្ងៃនេះ កាលពី៣៩ឆ្នាំមុន ប្រព័ន្ធដង្ហើមរបស់ប្រជាពលរដ្ឋនៅកម្ពុជា ចាប់ផ្ដើមដំណើរវិញហើយ និងបានបន្តជីវិតរបស់ពួកគាត់ឲ្យរស់រានឡើងវិញ។ ទិវាជ័យជម្នះ ៧ កមរានេះ ត្រូវបានប្រជាពលរដ្ឋកម្ពុជា ចងចាំថាជាថ្ងៃកំណើតទី២ របស់ពួកគាតយ៉ាងជាក់ច្បាស់ និងជាថ្ងៃប្រវត្តិសាស្ត្រដែលត្រូវបានកត់យ៉ាងត្រឹមត្រូវ ទុកសម្រាប់ធនធានមនុស្ស ជំនាន់ក្រោយស្វែងយល់បន្ត។

ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៣៩ឆ្នាំ នៃការនាំមកវិញនូវការរស់ឡើងវិញរបស់ប្រជាពលរដ្ឋ និងជាតិកម្ពុជាទាំងមូលនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស អះអាងផងដែរថា គណបក្សប្រជាជនកម្ពុជា នឹងបន្តជំរុញអនុវត្តរាល់វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ នៃគ្រប់ស្ថាប័នសាធារណៈ គ្រប់ថ្នាក់ និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មើភាព ដើម្បីធានាប្រសិទ្ធភាពនៃរាល់ការងារ លុបបំបាត់បាតុភាពអសកម្មផ្សេងៗ ពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម រក្សាសណ្តាប់ធ្នាប់សាធារណៈ និងផ្តល់សេវាសាធារណៈកាន់តែកៀកនឹងប្រជាជន។

បើតាមសម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា ក៏នឹងបន្តប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនឲ្យសម្រេចបានសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យ ឆ្លើយតបទៅនឹង បំណងប្រាថ្នា និងកង្វល់ផ្សេងៗរបស់ប្រជាជន ព្រមទាំងបន្តជំរុញអនុវត្តនូវវិធានការគោលនយោបាយនានា សំដៅកែលម្អ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ឲ្យបានកាន់តែប្រសើរឡើងថែមទៀត។

ក្នុងពិធីដែលមានមហាជនចូលរួមជិត៥ម៉ឺននាក់នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាជនកម្ពុជាទាំងមូលបង្កើនស្មារតីឯកភាពជាតិ និងសាមគ្គីជាតិ ដើម្បីការពារសន្តិភាព ការពាររាល់សមិទ្ធផលដែលបានសម្រេចមកដល់ពេលនេះ និងបន្តអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើន និងខ្លាំងក្លាឡើង សក្តិសមនឹងការប្រសិទ្ធនាមថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» ដែលប្រជាជនលើពិភពលោកចង់ស្គាល់ ចង់មកទស្សនា និងផ្តិតយករូបភាពទាំងឡាយដែលជានិមិត្តរូបនៃអរិយធម៌ដ៏រុងរឿងរបស់ប្រជាជាតិកម្ពុជា។

ខាងក្រោមនេះ ជាកម្រងរូបភាពនៃការប្រារព្ធពិធីរំឭកខួបលើកទី៣៩ នៃទិវាជ័យជម្នះ ៧ មករា នៅតាមខេត្តមួយចំនួនដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន៖

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំការប្រារព្ធខួបទិវាជ័យជម្នះ៧មករា លើកទី៣៩

លោក ស៊ុយ សែម ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់, លោក ម៉ៅ ធនិន អភិបាលខេត្ត និងលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំការប្រារព្ធទិវាជ័យជម្នះ៧មករា លើកទី៣៩

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង ដឹកនាំការប្រារព្ធទីវាជ័យជម្នះ៧មករា លើកទី៣៩

លោក អ៊ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន ដឹកនាំការប្រារព្ធទិវាជ័យជម្នះ៧មករា លើកទី៣៩

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប, លោក ឃឹម ប៊ុនសុង  អភិបាលខេត្តសៀមរាប ដឹកនាំការប្រារព្ធទិវាជ័យជម្នះ៧មករា លើកទី៣៩

នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត ដឹកនាំការប្រារព្ធទិវាជ័យជម្នះ ៧មករា លើកទី៣៩

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំការប្រារព្ធទិវាជ័យជម្នះ ៧មករា លើកទី៣៩