(ភ្នំពេញ)៖ ក្នុងពិធីរំលឹកខួបលើកទី៣៩ នៃទិវាជ័យជម្នះ៧មករា នៅថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ស្មារតី ៧មករា នឹងនៅតែស្ថិតស្ថេរអមតៈ ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត ហើយមានតែអ្នកចង់បំផ្លាញសង្គមជាតិកម្ពុជា ឲ្យវិលថយក្រោយ និងអ្នកភ្លេចកំណើតខ្លួនប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧មករា។ ទន្ទឹមនឹងនេះ សម្តេចប្រកាសថា មហិច្ឆតាប៉ុនប៉ង ធ្វើបដិវត្តន៍ពណ៌ របស់បក្សប្រឆាំង ដែលឃុបឃិតជាមួយបរទេស ត្រូវបានទប់ស្កាត់ ដោយជោគជ័យតាមអំណាចច្បាប់របស់កម្ពុជា។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំ និងសាធារណជនប្រមាណ៤.៥ម៉ឺននាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ស្មារតី ៧ មករា ស្ថិតស្ថេរអមតៈក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត , ស្មារតី ៧ មករា ជាពន្លឺបង្ហាញផ្លូវយើងឲ្យពុះពារជម្នះបានគ្រប់ឧបសគ្គ និងការលំបាកនៅគ្រប់កាលៈទេសៈឆ្ពោះទៅរកជ័យជម្នះ , ស្មារតី ៧ មករា ជាកម្លាំងមហាសាមគ្គីជាតិ ដែលគ្មានអ្វីអាចមកបំបែកបានឡើយ ។ យើងទាំងអស់គ្នាប្តេជ្ញាថែរក្សាពូនជ្រំស្មារតី ៧ មករា ឲ្យភ្លឺចែងចាំងជានិច្ច ដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិ និងទប់ស្កាត់កុំឲ្យសង្រ្គាម វិនាសកម្ម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ អាចកើតឡើងជាថ្មីលើមាតុភូមិរបស់យើងបាន ។ មានតែអ្នកដែលចង់បំផ្លាញសង្គមជាតិឲ្យវិលថយក្រោយទៅវិញ និងអ្នកដែលភ្លេចកំណើតរបស់ខ្លួន ភ្លេចជាតិរបស់ខ្លួន និងភ្លេចប្រជាជនខ្លួនទេ ដែលប្រឆាំងនឹង ជ័យជម្នះ ៧ មករា»។
ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលដឹកនាំដោយ សម្តេច ជា ស៊ីម, សម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន ក្រោមកិច្ចសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានទទួលជ័យជម្នះយ៉ាងពេញលេញ ទៅលើកងទ័ពខ្មែរក្រហម ដែលបានជួយសង្រ្គោះជីវិត ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ឱ្យរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ប៉ុលពត។ ប្រជាពលរដ្ឋជាច្រើន ដែលបានរួចផុតជីវិតពី របបប្រល័យពូជសាសន៍នេះ បានចាត់ទុកថ្ងៃ៧មករាថា ជាថ្ងៃកំណើតទី២របស់ខ្លួន ហើយផ្តែផ្តាំកូនចៅកុំឱ្យភ្លេចនូវថ្ងៃរំដោះនេះ ប៉ុន្តែក្រុមអ្នកប្រឆាំងមួយចំនួន នៅពុំទទួលស្គាល់ប្រវត្តិសាស្រ្តនេះទេ ហើយបែរជាវាយប្រហារលើថ្ងៃ៧មករានេះទៅវិញ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស កាលពីម្សិលមិញនេះ បានបង្ហោះនៅលើទំព័រ Facebook របស់លោក ដោយវាយប្រហារទៅលើថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរ។ លោកបានលើកឡើងថា «ថ្ងៃ ៧ មករា ១៩៧៩ គឺជាឆាកល្ខោន ដែលយួនបានរៀបចំទាំងអស់។ គេថាគេមករំដោះយើងពីខ្មែរក្រហម តែបើអត់មានយួនកម្មុយនីស្ដពីដើមទេ ក៏អត់មានខ្មែរក្រហមដែរ»។
ទោះជាយ៉ាងនេះក្តី នៅឱកាសខួបទី៣៩ឆ្នាំ នៃទិវាជ័យជម្នះ៧មករានេះ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍អបអរសាទរ ដល់ខួបថ្ងៃ៧មករា ដែលបានរំដោះពលរដ្ឋខ្មែរពីរបបវាលពិឃាត។ ស្ថានទូតអាមេរិកក្នុងសេចក្តីថ្លែងការណ៍ខ្លួនយ៉ាងដូច្នេះ៖ «នៅក្នុងខួបលើកទី ៣៩ឆ្នាំ នៃថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ស្ថានទូតអាមេរិកចងចាំទៅដល់ប្រជាជន ២លាននាក់ ដែលបានបាត់បង់ជិវិត អំឡុងនៃរបបវាលពិឃាត និងមនុស្ស រាប់លាននាក់ទៀត ដែលរងទុក្ខវេទនា។ យើងសូមសម្តែង ក្តីអបអរសាទចំពោះភាព វាងវៃ ក្លាហាន និងការតស៊ូអំនត់អត់ធន់ ដែលបានផ្សារភ្ជាប់ ជាមួយប្រជាជនកម្ពុជា ក្នុងការងើបចេញពីរបបដ៏ខ្មៅងងឹត ហើយព្យាយាមកសាងប្រទេសជាតិរបស់ពួកគេឡើងវិញ ព្រមទាំងបន្តដំណើរ ទៅរកការផ្សះផ្សាជាតិ»។
ជាមួយនឹងការលើកឡើងអំពីគុណបំណាច់ នៃថ្ងៃរំដោះ៧មករា សម្តេចតេជោ ហ៊ុន សែន បានក៏បានរំលេចអំពីសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ហើយសម្តេចថ្គោលទោសដល់ក្រុមអ្នកប្រឆាំងក្រៅច្បាប់ ដែលព្យាយាមបំផ្លាញសន្តិភាពរបស់កម្ពុជា ដែលរកមកដោយលំបាក។
សម្តេចបានបញ្ជាក់ថា «ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្តេជ្ញាដាច់ខាតក្នុងការការពារសន្តិភាពដែលយើងសម្រេចបានមកដោយលំបាកបំផុត ឲ្យរឹងមាំ ស្ថិតស្ថេរ គង់វង្សជានិច្ច ទោះបីជាត្រូវបង់ដោយតម្លៃណាក៏ដោយ ។ សន្តិភាពជាកត្តាជាសារវ័ន្ត ដើម្បីធានាដល់ដំណើររីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្តប្រកបដោយកិត្តិយសរបស់ប្រជាជនយើង ។ បើយើងបាត់បង់សន្តិភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់»។
សម្តេចតេជោ បានបញ្ជាក់ទៀតថា ពិតមែនតែអង្គការចាត់តាំងបដិវត្តន៍ពណ៌របស់គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយហើយក្តី ប៉ុន្តែឧបាយកល ដ៏ពិសពុលនៃមជ្ឈដ្ឋានអគតិខាងក្រៅ ដែលបញ្ជាពីក្រោយខ្នងរបស់ចលនាបដិវត្តន៍ពណ៌នៅកម្ពុជាមិនទាន់ផុតរលត់នៅឡើយទេ។ គេបានប្រើ វោហាស័ព្ទនានាដ៏ពីរោះ អំពីប្រជាធិបតេយ្យ សេរីភាព នីតិរដ្ឋ និងមនុស្សធម៌ ប៉ុន្តែសកម្មភាពពិតរបស់គេ គឺបានរាំងខ្ទប់លទ្ធិប្រជាធិបតេយ្យ សេរីភាព និងនីតិរដ្ឋពិតប្រាកដមិនឲ្យរីកចម្រើន ដោយជ្រើសយកបុគ្គលមួយចំនួនដែលប្រឆាំងនឹងរាជរដ្ឋាភិបាល លើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធព័ត៌មានមួយចំនួនដែលបានបំពានច្បាប់ ហើយផ្ទុយទៅវិញ គេបោះបង់ប្រជាជនកម្ពុជា និងយកប្រជាជនកម្ពុជា ធ្វើជាចំណាប់ខ្មាំង នៃនយោបាយរបស់ខ្លួន។
សម្តេចបានបន្តទៀតថា «ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាមិនអាចឱនក្បាលទទួលយកការកៀបសង្កត់ណាមួយពីខាងក្រៅបានឡើយ ជាពិសេស មិនទុកឲ្យការប៉ុនប៉ងផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ កើតមានបានជាដាច់ខាត ដែលនយោបាយបែបនេះ បាន និងកំពុងបង្កនូវជម្លោះផ្ទៃក្នុង អស្ថិរភាព អសន្តិសុខ សង្រ្គាម ទុក្ខវេទនា ការរត់ភៀសខ្លួន និងការបាត់បង់ជីវិតប្រជាជនស្លូតត្រង់រាប់សែននាក់យ៉ាងអយុត្តិធម៌បំផុតនៅប្រទេសមួយចំនួន» ។
នៅក្នុងឱកាសនេះ «សម្តេចក៏បញ្ជាក់យ៉ាងឧឡារិកថា ប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាមិនដើរថយក្រោយ ឬធ្លាក់ចុះឡើយ ផ្ទុយទៅវិញកំពុងត្រូវបានថែរក្សា និងពង្រឹងឲ្យកាន់តែរឹងមាំឡើង ដើរស្របជាមួយគោលការណ៍នីតិរដ្ឋ នៅក្នុងផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ។ គឺមានតែប្រជាធិបតេយ្យក្លែងក្លាយទេ ដែលត្រូវបានលុបបំបាត់។ គណបក្សប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នូវរបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិ»៕