(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរនៃការដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត លើកទី៣៩ឆ្នាំក្រោមការចូលរួមរបស់មហាជនជិត ៥ម៉ឺននាក់នាព្រឹកថ្ងៃអាទិត្យ ០៦រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជាបានរំលឹកថា ក្រោយពេលវាយផ្តួលរំលំនៅថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩ កងទ័ពខ្មែរក្រហមបានរត់ទៅប្រមូលផ្តុំតាមជាយដែនថៃធ្វើការតស៊ូ ដោយមានការគាំទ្រពីបរទេសមួយចំនួនផងដែរ។
របបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ខៀវ សំផន អៀង សារី និង នួន ជា ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ត្រូវបានខ្មែរប្រសិទ្ធនាមថាជារបបវាលពិឃាតដ៏ឃោរឃៅបំផុតក្នុងប្រវត្តិសាស្រ្តខ្មែរ។ របបនេះត្រូវបានខ្មែរអ្នកស្នេហាជាតិក្រោកឈរវាយផ្តួលរំលំទាំង ស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយមានការចូលរួមគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមផងដែរ។
បើទោះបីរបបដែលពលរដ្ឋខ្មែរស្អប់ខ្ពើម និងចងកំហឹងយ៉ាងខ្លាំងក្លាមួយនេះ ត្រូវបានវាយផ្តួលរំលំយ៉ាងណាក្តី នៅមានកងទ័ពសេសសល់ មួយចំនួនបានរត់ទៅសម្ងំលាក់ខ្លួនធ្វើការតស៊ូនៅតាមជាយដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិនជាដើម។ ចលនាតស៊ូក្នុងការប៉ុនប៉ងមកដឹកនាំប្រទេសជាថ្មីរបស់ពួកគេ ត្រូវបានគាំទ្រដោយប្រទេសចិន និងប្រទេសអាមេរិកថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០នេះ ក្រោយពីរំដោះបានអាយុជីវិត និងប្រទេសហើយ កម្ពុជាត្រូវតស៊ូជម្នះការលំបាកជាច្រើនទៀត។ ក្នុងនោះដៃម្ខាងត្រូវទប់ការវិលត្រឡប់របស់របបប្រល័យពូជសាសន៍ ហើយដៃម្ខាងត្រូវប្រឹងប្រែងអភិវឌ្ឍន៍ ប្រទេសដែលគេហ៊ុព័ទ្ធសេដ្ឋកិច្ច។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះ «គួររំឭកថា ក្រោយពីរបប ប៉ុល ពត ត្រូវផ្តួលរំលំ កងទ័ពបាក់បែករបស់ពួក ប៉ុល ពត បានរត់ទៅប្រមូលផ្តុំនៅតាមព្រំដែនភាគខាងលិច ហើយត្រូវបានប្រទេសមួយចំនួនជួយគាំទ្របន្តដង្ហើមឲ្យរស់ ដើម្បីបង្កសង្រ្គាមសំដៅទន្ទ្រាន និងផ្តួលរំលំរដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា។ នេះជាដំណាក់កាលមួយទៀតដ៏សែនលំបាកជាទីបំផុតដែលគណបក្សប្រជាជនកម្ពុជាត្រូវដឹកនាំ ដោយដៃម្ខាងខិតខំស្តារសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញពីលេខសូន្យ និងពីបាតដៃទទេ ហើយដៃម្ខាងទៀតត្រូវប្រយុទ្ធទប់ស្កាត់មិនឲ្យរបប ប៉ុល ពត វិលមកវិញបាន មិនតែប៉ុណ្ណោះ កម្ពុជាដ៏ក្រីក្របំផុតនៅពេលនោះ ត្រូវទទួលរងនូវការហ៊ុមព័ទ្ធទាំងខាងនយោបាយ និងសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ថែមទៀតពីសំណាក់ប្រទេសមួយចំនួន ដែលបានរួមគ្នាប៉ុនប៉ងកម្ចាត់សាធារណរដ្ឋប្រជាមានិតកម្ពុជា»។
សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា នឹងជាមេដឹកនាំចលនាវាយផ្តួលរំលំរបបខ្មែរក្រហមម្នាក់ដែរនោះ បានលើកឡើងថា ប្រសិនបើមិនអាចទប់ស្កាត់ចលនានៃការប៉ុនប៉ងវិលត្រឡប់មកដឹកនាំប្រទេសជាថ្មីបានទេ ខ្មែរមិនអាចរស់រាន ហើយក៏មិនអាចអភិវឌ្ឍន៍ប្រទេសបានដូចពេលបច្ចុប្បន្ននេះឡើយ។
សម្តេចតេជោ បានរំលឹកយ៉ាងដូច្នេះ «ប្រសិនបើពេលនោះយើងមិនអាចរាំងស្កាត់បាននូវការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ទេនោះ យើងពិតជាពុំអាចមានជីវិត និងមានអ្វីៗមកដល់ថ្ងៃនេះបានឡើយ ។ ប៉ុន្តែជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងកម្លាំងមហាសាមគ្គីរបស់ប្រជាជន ប្រទេសជាតិបានឆ្លងផុតនូវគ្រោះគំរាមកំហែងទាំងអស់នោះដោយជោគជ័យ ដោយបានប្រឹងប្រែងងើបឈរឡើងវិញ ហើយបោះជំហានទៅមុខមួយជំហានម្តងៗប្រកបដោយការប្តេជ្ញាខ្ពស់បំផុត សម្រេចបានសមិទ្ធផលលើគ្រប់វិស័យយ៉ាងធំធេងដែលមានអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្រ្តសម្រាប់ការស្ថិតស្ថេរ គង់វង្ស និងរីកចម្រើនរបស់ប្រជាជាតិខ្មែរយើង»។
ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋប្រមាណជា៤អាណត្តិកន្លងមកនេះ បានលើកឡើង ឆ្លងកាត់រយៈពេល ៣៩ឆ្នាំមកនេះបានបង្ហាញច្បាស់ថា ផ្តើមពីជ័យជម្នះ ៧ មករា ប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខតាមទិសដៅដ៏ត្រឹមត្រូវដែលស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងដើរស្របជាមួយនិន្នាការរួមក្នុងតំបន់ ក៏ដូចពិភពលោក ទោះបីជាត្រូវជួបនឹងការលំបាក និងភាពបត់បែនយ៉ាងច្រើនក្តី។
សម្តេចតេជោ បានគូសរំលេចថា កម្ពុជាពីមុនដែលជាវាលពិឃាត ជាសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ជាតំបន់អសន្តិសុខគួរឲ្យខ្លាចរអា ឥឡូវបានក្លាយទៅជាទឹកដីសន្តិភាព និងសេរីភាពដែលប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា និងជាតំបន់ទេសចរណ៍មួយប្រកបដោយភាពទាក់ទាញទាំងក្នុងតំបន់ និងពិភពលោក ដែលបានទទួលភ្ញៀវទេសចរដល់ប្រមាណ ៥ លាន ៦សែននាក់ក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ ។
លើសពីនេះទៀត កម្ពុជាពីមុនដែលធ្លាប់គ្របដណ្តប់ដោយអំណាចផ្តាច់ការរបស់ពួកឃាតករ ប៉ុល ពត និងត្រូវគេប្រមាថមើលងាយ ឥឡូវបានក្លាយទៅជាប្រទេសមួយដែលប្រកាន់ខ្ជាប់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស លើកតម្កើងសិទ្ធិ និងសេចក្តីថ្លៃថ្នូរបស់មនុស្ស អនុវត្តយ៉ាងទៀងទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ និងជារដ្ឋមានអធិបតេយ្យពេញលេញដែលមិនអាចរំលោភបំពានបាន ។
សម្តេចបានបន្ថែមថា កម្ពុជាពីមុនដែលជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធទាំងខាងសេដ្ឋកិច្ច និងនយោបាយ ឥឡូវនេះបានក្លាយទៅជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក មានចំណងមិត្តភាព និងសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយបណ្តាប្រទេស ហើយកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
ប្រមុខបក្សកាន់អំណាចសម្តេចតេជោ បន្តថា កម្ពុជាពីមុនដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិមកជួយប្រទេសរបស់ខ្លួន តែរយៈពេលជាងមួយទសវត្សកន្លងទៅនេះ បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនទៅចូលរួមក្នុងការរក្សាសន្តិភាពនៅប្រទេសជាច្រើនក្នុងក្របខ័ណ្ឌប្រតិបត្តិការនៃអង្គការសហប្រជាជាតិ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា កម្ពុជាពីមុនដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី គ្រប់ដណ្តប់ដោយភាពក្រីក្រ និងខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះបានក្លាយទៅជាប្រទេសនាំអង្ករចេញ ហើយស្ថិតនៅចំណាត់ថ្នាក់នៃប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ដោយមានអត្រាកំណើនជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ព្រមទាំងសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ ។ កម្ពុជាបានសម្រេចនូវបង្គោលចរដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន គឺបានប្រែក្លាយពីប្រទេសមានចំណូលទាបទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយកំពុងបន្តដំណើរឈានទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។
តាមរយៈសមិទ្ធផលបានលើកបង្ហាញនេះ ជាការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្រ្តនៃកម្ពុជាក្នុងរយៈពេលជិត ៤ទសវត្សរ៍ចុងក្រោយនេះ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ពីការចូលរួមដោយទឹកចិត្តស្នេហាជាតិដ៏ពុះពោររបស់ប្រជាជនគ្រប់ស្រទាប់ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កសិករ កម្មករ អាជីវករ ពលករទូទៅ និងមជ្ឈដ្ឋានជឿនលឿននានាក្នុងសង្គម ក្នុងដំណើរការស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការជួយឧបត្ថម្ភដ៏ស្មោះសពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខមហាជនយ៉ាងច្រើនកុះករ នៃពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨មេះ៕