(ភ្នំពេញ)៖ ថ្លែងក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជម្នះ ៧ មករា នៅកោះពេជ្រ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាមិនអាចឱនក្បាលទទួលយកការកៀបសង្កត់ណាមួយ ពីខាងក្រៅបានឡើយ ជាពិសេសមិនទុកឲ្យការប៉ុនប៉ងផ្លាស់ប្តូរ តាមរយៈបដិវត្តន៍ពណ៌កើត មានបានជាដាច់ខាត។
សម្តេចតេជោ ហ៊ុន សែន បានអះអាងទៀតថា នយោបាយបង្កើតឲ្យមានបដិវត្តន៍ពណ៌ បាននិងកំពុងបង្កនូវជម្លោះផ្ទៃក្នុង អស្ថិរភាព អសន្តិសុខ សង្រ្គាម ទុក្ខវេទនា ការរត់ភៀសខ្លួន និងការបាត់បង់ជីវិតប្រជាជនស្លូតត្រង់រាប់សែននាក់ យ៉ាងអយុត្តិធម៌បំផុត នៅប្រទេសមួយចំនួនក្នុងពិភពលោក។
ការថ្លែងបញ្ជាក់យ៉ាងច្បាស់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់មានបរទេសមួយចំនួនតូច បានគំរាមផ្តាច់ជំនួយ និងដាក់ការគៀបសង្កត់មកលើកម្ពុជា ខណៈដែលប្រទេសក៏កម្សត់មួយនេះ បានអនុវត្តន៍ច្បាប់ ដើម្បីទប់ទល់នឹងការប៉ុនប៉ងផ្លាស់ប្តូរ តាមរយៈបដិវត្តន៍ពណ៌។
សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា «មជ្ឈដ្ឋានបរទេសទាំងនោះ ដែលធ្វើជាមើលមិនឃើញតថភាពនៅកម្ពុជា កំពុងព្យាយាមបិទបាំងការបរាជ័យរបស់ខ្លួន បន្តរកវិធីដាក់ការកៀបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើតាមឆន្ទៈរបស់ខ្លួន នៅក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងតាមរយៈការគំរាមកាត់ផ្តាច់ជំនួយ និងវិធានការរឹតបន្តឹងផ្សេងៗ ដែលជាការជ្រៀតជ្រែកយ៉ាងកម្រោល មកលើដែនសមត្ថកិច្ចរបស់រដ្ឋអធិបតេយ្យមួយ ។ ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាមិនអាចឱនក្បាល ទទួលយកការកៀបសង្កត់ណាមួយ ពីខាងក្រៅបានឡើយ ជាពិសេសមិនទុកឲ្យការប៉ុនប៉ងផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ កើតមានបានជាដាច់ខាត ដែលនយោបាយបែបនេះ បាននិងកំពុងបង្កនូវជម្លោះផ្ទៃក្នុង អស្ថិរភាព អសន្តិសុខ សង្រ្គាម ទុក្ខវេទនា ការរត់ភៀសខ្លួន និងការបាត់បង់ជីវិតប្រជាជនស្លូតត្រង់រាប់សែននាក់ យ៉ាងអយុត្តិធម៌បំផុតនៅប្រទេសមួយចំនួន»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា កម្ពុជាមានមេរៀនគ្រប់គ្រាន់ហើយ ដើម្បីធានានូវដំណើរទៅមុខទៀតរបស់ខ្លួន ដោយឈរលើមូលដ្ឋានការពារឯករាជ្យ អធិបតេយ្យ និងក្តាប់ជាប់សិទ្ធិសម្រេចលើជោគវាសនារបស់ខ្លួន និងសង្ឃឹមថា មជ្ឈដ្ឋានទាំងនោះនឹងមើលឃើញការពិត ទទួលយកការពិត ហើយនៅជាមួយប្រជាជនកម្ពុជា និងឈប់បង្កើតឧបសគ្គ ចំពោះមាតុភូមិកម្ពុជាដ៏អភ័ព្វនេះតទៅទៀត។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា «កត្តាផ្ទៃក្នុងរបស់ជាតិយើង ដែលជាកត្តាកំណត់នៃជ័យជម្នះ ពុំមែនបរទេសជាអ្នកកំណត់នោះទេ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្តេជ្ញាដាច់ខាត ក្នុងការការពារសន្តិភាព ដែលយើងសម្រេចបានមកដោយលំបាកបំផុត ឲ្យរឹងមាំ ស្ថិតស្ថេរ គង់វង្សជានិច្ច ទោះបីជាត្រូវបង់ដោយតម្លៃណាក៏ដោយ ។ សន្តិភាពជាកត្តាជាសារវ័ន្ត ដើម្បីធានាដល់ដំណើររីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្តប្រកបដោយកិត្តិយសរបស់ប្រជាជនយើង ។ បើយើងបាត់បង់សន្តិភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់»៕