(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះថា សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០១៧ សម្រេចបាននូវកំណើន៦.៩ភាគរយ ដែលជាកំណើនដ៏រឹងមាំ ខណៈប្រាក់ចំណូនជាមធ្យមសម្រាប់ប្រជាជនម្នាក់ៗ បានកើនឡើងដល់១,៤៣៥ដុល្លារ។
ថ្លែងក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍ លើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា នៅកោះពេជ្រ ជាមួយអ្នកចូលរួមជាង៤ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដ៏រឹងមាំ បានធានាឲ្យកម្ពុជា បន្តសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀត ក្នុងដំណើរការអភីវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាបានសម្រេចកណើន៦.៩ភាគរយ ក្នុងឆ្នាំ២០១៧។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើន នៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជាទេសចរណ៍ និងអចលនទ្រព្យជាដើម។ ជាមួយគ្នានេះ កម្ពុជាកំពុងផ្លាស់ប្តូរ រចនាសម័្ពន្ធសេដ្ឋកិច្ច ពីប្រទេសពឹងពាក់វិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា កម្រិតជីវភាពរបស់ប្រជាជនកម្ពុជា កាន់តែមានភាពល្អប្រសើរឡើងជារៀងរាល់ឆ្នាំ ដោយចំណូលជាមធ្យមសម្រាប់ម្នាក់បានកើនពី ១,០៤២ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ដល់ប្រមាណ១,៤៣៥ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។ អត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ពី៥៣.៥ភាគរយក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥ភាគរយ ក្នុងឆ្នាំ២០១៤ និងបន្តធ្លាក់ចុះថែមទៀត ខណៈដែលគម្លាតនៃប្រាក់ចំណូលរបស់ប្រជាជន ក៏មានការធ្លាក់ចុះជាលំដាប់ផងដែរ។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «ការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងបរិការណ៍អតិផរណាទាប និងអត្រាប្តូរប្រាក់មានស្ថិរភាព បានធ្វើឲ្យប្រជាជនកម្ពុជា គ្រប់ស្រទាប់ជាន់ថ្នាក់នៅទូទាំងប្រទេស កាន់តែមានឱកាសក្នុងការស្វែងរកការងារ និងក្នុងការបង្កើនប្រាក់ចំណូល ដោយក្នុងនោះមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការអនុវត្តនូវគោលនយោបាយ ដំឡើងប្រាក់បៀវត្សក្នុងគោលដៅជាង១លានរៀល នៅឆ្នាំ២០១៨»។
សូមជម្រាបថា កំណើតសេដ្ឋកិច្ចដ៏រឹងមាំរយៈពេល២០ឆ្នាំជាប់ៗគ្នា ក្នុងអត្រា៧ភាគរយក្នុងមួយឆ្នាំៗនោះ ប្រទេសកម្ពុជា ត្រូវបានធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ផ្តល់រហស្សនាមថាជា «កូនខ្លាសេដ្ឋកិច្ចអាស៉ី» ខណៈដែលធនាគារពិភពលោក (World Bank) បានអះអាងផងដែរថា ប្រទេសកម្ពុជា គឺជាប្រទេសជាប់ចំណាត់ថ្នាក់ទី៦ ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ច លំដាប់ខ្ពស់ជាងគេបំផុតក្នុងលោក។
ជាមួយគ្នានេះ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំង២នេះ បានអះអាងថា សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៧ និង ២០១៨នៅតែរឹងមាំ និងរីកលូតលាស់ខ្លាំង។ ធនាគារពិភពលោកបានបញ្ជាក់ថា នៅឆ្នាំ២០១៧ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា ៦.៨ភាគរយ និងឆ្នាំ២០១៨ មានកំណើន ៦.៩ភាគរយ។ ចំណែកឯធនាគារអភិវឌ្ឍន៍អាស៊ីវិញ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា៧ភាគរយ៕