(ភ្នំពេញ)៖ ថ្ងៃខួប ៣៩ឆ្នាំនៃការវាយផ្តួលរំលំរបបផ្តាច់ការរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលនោះ បានប្រកាសយ៉ាងខ្លៀវក្លាថា លទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាមិនបាន ដើរថយក្រោយ ឬធ្លាក់ចុះនៅឡើយ តែត្រូវបានថែរក្សា និងពង្រឹងឲ្យកាន់តែរឹងមាំស្របតាមគោលការណ៍នីតិរដ្ឋ ដើម្បីជាប្រយោជន៍របស់ជាតិ និងប្រជាជន។
សម្តេចប្រមុខបក្សកាន់អំណាចថា មានតែប្រជាធិបតេយ្យក្លែងក្លាយតែប៉ុណ្ណោះ ដែលត្រូវបានលុបបំបាត់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «គណបក្សប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នូវរបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ជាតិ។ គណបក្សនឹងចូលរួមប្រកួតប្រជែងដោយសេរី និងស្មើភាពជាមួយបណ្តាគណបក្សនយោបាយដែលធ្វើសកម្មភាពស្របច្បាប់នៅកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ នៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ»។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្ត ដែលបន្តផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា។ សម្តេចបានហៅប្រទេសទាំងនោះថា ជាប្រទេសបានយល់ច្បាស់អំពីសភាពការណ៍ពិត និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។
ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ៣៩ឆ្នាំនៃការនាំមកវិញនូវការរស់ឡើងវិញរបស់ប្រជាពលរដ្ឋ និងជាតិកម្ពុជាទាំងមូលនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអះអាងផងដែរថា គណបក្សប្រជាជនកម្ពុជា នឹងបន្តជំរុញអនុវត្តរាល់វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អនៃគ្រប់ស្ថាប័នសាធារណៈគ្រប់ថ្នាក់ និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មើភាព ដើម្បីធានាប្រសិទ្ធភាពនៃរាល់ការងារ លុបបំបាត់បាតុភាពអសកម្មផ្សេងៗ ពង្រឹងយុត្តិធម៌ សមធម៌ក្នុងសង្គម រក្សាសណ្តាប់ធ្នាប់សាធារណៈ និងផ្តល់សេវាសាធារណៈកាន់តែកៀកនឹងប្រជាជន។
បើតាមសម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា ក៏នឹងបន្តប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនឲ្យសម្រេចបានសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យ ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងកង្វល់ផ្សេងៗរបស់ប្រជាជន ព្រមទាំងបន្តជំរុញអនុវត្តនូវវិធានការគោលនយោបាយនានា សំដៅកែលម្អ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
ក្នុងពិធីដែលមានមហាជនចូលរួមជិត៥ម៉ឺននាក់នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាជនកម្ពុជាទាំងមូលបង្កើនស្មារតីឯកភាពជាតិ និងសាមគ្គីជាតិ ដើម្បីការពារសន្តិភាព ការពាររាល់សមិទ្ធផលដែលបានសម្រេចមកដល់ពេលនេះ និងបន្តអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើន និងខ្លាំងក្លាឡើង សក្តិសមនឹងការប្រសិទ្ធនាមថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ» ដែលប្រជាជនលើពិភពលោកចង់ស្គាល់ ចង់មកទស្សនា និងផ្តិតយករូបភាពទាំងឡាយដែលជានិមិត្តរូបនៃអរិយធម៌ដ៏រុងរឿងរបស់ប្រជាជាតិកម្ពុជា៕