(ភ្នំពេញ)៖ លោក នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា និង លោក ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ បានផ្ញើលិខិតចូលរួមរំលែកនូវមរណទុក្ខព្រមគ្នា ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ចំពោះមរណភាពរបស់ឧបាសក គង់ ខាត់ ដែលត្រូវជាបិតាក្មេករបស់សម្តេច សាយ ឈុំ ។
ក្នុងលិខិតចូលរួមរំលែកទុក្ខរបស់លោក នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា និង លោក ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា ផ្ញើជូនសម្តេច សាយ ឈុំ បានចាត់ទុកមរណភាពរបស់ឧបាសក គង់ ខាត់ គឺជាការបាត់បង់នូវ ស្វាមី បិតា ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌ និងណែនាំឲ្យកូនចៅក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់ប្រទេសជាតិ។
សូមជម្រាបថា ឧបាសក គង់ ខាត់ ដែលជាបិតាក្មេករបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាព នៅវេលាម៉ោង៥៖៣៦នាទី ទៀបភ្លឺ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ១០១ឆ្នាំ។ ឧបាសក គត់ ខាត់ ត្រូវជាបិតាបង្កើតរបស់ លោកស្រី អ៊ូ ស៊ាន ភរិយាសម្តេចសាយឈុំ ហើយការទទួលមរណភាពនេះ ដោយសារជរាពាធ។
សពរបស់មហាឧបាសក គង់ ខាត់ ត្រូវតម្កល់នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីដង្ហែសពនឹងប្រព្រឹតទៅនៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០ព្រឹក ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរី-ជើងឆ្នុក ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម៕