(ភ្នំពេញ)៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងស្រោចស្រង់ជាថ្មីនូវអាយុជីវិត សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ និងស្រោចស្រង់ប្រទេសជាតិ ទាំងមូលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃអាទិត្យនេះស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះចេញពីរបបខ្មែរក្រហម ហើយកម្ពុជាបានធ្វើដំណើរទៅលើមាគ៌ារបស់ខ្លួន ប្រកបដោយភាពភ្លឺត្រចះត្រចង់ និងអនាគតប្រកបដោយក្តីសង្ឃឹមទៅមុខ។
សេចក្តីថ្លែងការណ៍របស់ទូតអាមេរិកបានបញ្ជាក់ថា៖ «នៅក្នុងខួបលើកទី ៣៩ឆ្នាំ នៃថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ស្ថានទូតអាមេរិកចងចាំទៅដល់ប្រជាជន ២លាននាក់ ដែលបានបាត់បង់ជិវិត អំឡុងនៃរបបវាលពិឃាត និងមនុស្សរាប់លាននាក់ទៀត ដែលរងទុក្ខវេទនា។ យើងសូមសម្តែងក្តីអបអរសាទចំពោះភាព វាងវៃ ក្លាហាន និងការតស៊ូអំនត់អត់ធន់ ដែលបានផ្សារភ្ជាប់ ជាមួយប្រជាជនកម្ពុជា ក្នុងការងើបចេញពីរបបដ៏ខ្មៅងងឹត ហើយព្យាយាមកសាងប្រទេសជាតិរបស់ពួកគេឡើងវិញ ព្រមទាំងបន្តដំណើរទៅរកការផ្សះផ្សាជាតិ»។
សូមជំរាបថា ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពងជារៀងរាល់ឆ្នាំ។ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៣៩ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៨) យ៉ាងមហោឡារិកក្រោមវត្តមានមហាជន ជាង៤៥,០០០ម៉ឺននាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ និងក្រោមអធិបភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត។ ពិធីនេះក៏នឹងមានការ អញ្ជើញចូលរួមពីបណ្តាមន្រ្តីអង្គទូតបរទេសប្រចាំនៅកម្ពុជាផងដែរ៕