(មណ្ឌលគិរី)៖ កម្លាំងនរគបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទលាក់ទុកគ្រាប់បែកខុសច្បាប់ ចំនួន៣គ្រាប់ ហើយទង្វើលាក់ទុកគ្រាប់បែកខុសច្បាប់នេះ អាចនឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋស្លូតត្រង់ដោយប្រការណាមួយ។
លោក សូ សុវណ្ណ ស្នងការរងនរគបាលខេត្តមណ្ឌលគិរី ទទួលផែនការព្រហ្មទណ្ឌខេត្ត បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ជុំ រស្មី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅបច្ចុប្បន្នភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងជនសង្ស័យទី២ មានឈ្មោះ ហេង សំអូន អាយុ៥២ឆ្នាំ មុខរបរកសិករជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោកបន្ថែមថា កម្លាំងនរគបាលខេត្តមណ្ឌលគិរី បានរឹបអូសវត្ថុតាងរួមមាន៖ ១៖ គ្រាប់បែកផ្លែរទៀបចំនួន១គ្រាប់, ២៖ គ្រាប់បែកផ្លែទឹកដោះគោចំនួន1គ្រាប់, ៣៖ គ្រាប់បែកផ្លែប៉ោមចំនួន១គ្រាប់, ៤៖ គីបគ្រាប់បែកចំនួន៥គូប, ៥៖ គីបឆ្នៃចំនួន៨គូប, ៦៖ ខ្សែឆ្នូនសំរាប់បញ្ឆះប្រវែង៣ម៉ែត្រ, ៧៖ ខ្សែបញ្ឆេះប្រវែង២តឹក ។
សូមបញ្ជាក់ថា នាថ្ងៃឃាត់ខ្លួនជនសង្ស័យទាំង២រូបផងដែរ កម្លាំងនរគបាលខេត្តមណ្ឌលគិរី ក៏បានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត តាមនិតីវិធី៕