(សៀមរាប)៖ នៅរសៀលថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨នេះ សហភាពសហព័ន្ធយុជនកម្ពុជា (ស.ក.យ.ក) ខេត្តសៀមរាប បានសហការជាមួយសមាគមកីឡាបាល់ទាត់ខេត្ត បានបើកយុទ្ធនាការ សៀមរាបផ្ទះខ្ញុំ ក្រោមប្រធានបទ «កីឡា ដើម្បីសុខភាព ការប្រកួតបាល់ទាត់ពានរង្វាន់បាល់ទាត់សប្បុរសធម៌វ័យចំណាស់ អាយុលើស ៣៥ឆ្នាំ_២០១៨_លើកទីមួយ» ។
ហើយពិធីបើកការប្រកួត ពានរង្វាន់ នៃយុទ្ធនាការនេះ បានធ្វើឡើងក្នុងវត្តមានរបស់ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប និងមានវត្តមានលោក ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប និងជាប្រធានសមាគមកីឡាបាល់ទាត់ខេត្តសៀមរាប រួមនិងសហការី កីឡាករមួយចំនួនទៀត ផងដែរ ។
តំណាង ស.ស.យ.ក ខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ៖ យុទ្ធនាការនេះ ក្នុងគោលបំណងគៀងគររកថវិកា ដើម្បីជាជំនួយក្នុងការធ្វើការងារមនុស្សធម៌ និងប្រកួតជាលក្ខណៈមិត្តភាព ដើម្បីបង្កើតភាពស្និតស្នាល និងដើម្បីសុខភាព ។ ហើយយុទ្ធនាការនេះ នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍ដើមខែមករា គឺថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នេះតទៅ ។
លោកបានបន្ថែមឲ្យដឹងថា ៖ ការប្រកួតពានរង្វាន់ឆ្នាំ២០១៨នេះ នឹងប្រកួតវិញជុំ នៅទីលានបាលទាត់ ស.ស.យ.ក ក្រុងសៀមរាប ។ ការប្រកួតនោះ គឺនៅថ្ងៃសៅរ៍ និងអាទិត្យ រៀងរាល់ចុងសប្ដាហ៍ ដែលក្នុងមួយថ្ងៃត្រូវប្រកួតពីរគូរ ក្នុងមួយគូរៗ មានរយ:ពេល ៩០នាទី ដោយចាប់ផ្ដើមពីរសៀលម៉ោង ១៥ និង ០០នាទី ដល់ម៉ោង ២១ និង ០០នាទី ។
លោកក៏បានជម្រាបជូនសាធារណ:ជន ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញចូលរួម និងលើកទឹកចិត្តដល់វិស័យកីឡា និងកីឡាករ ហើយរួមគ្នាដើម្បីសកម្មភាពមនុស្សធម៌ ផងដែរ ។ ហើយក្រុមកីឡាដែលបានចូលរួមមាន ០៨ក្រុម គឺ ៖ ក្រុមបាល់ទាត់សិលាអង្គរខ្មែរ, គ្រុឌមាស, បាគង យូណាយធីត, អង្គរ ក្លាស៊ីក FC, រតន: អភិវឌ្ឍន៍ FC, បក្សីអង្គរ, អូលហ្រ្វិន, និងក្រុមបាល់ទាត់ គ្រុឌរាជ FC៕