(ភ្នំពេញ)៖ កម្ពុជា កាលពី ៣៩ឆ្នាំមុនគឺគ្រាន់តែជាមនុស្សនៅសល់តែដង្ហើមចង្រឹតដែលរៀបនឹងស្លាប់ប៉ុណ្ណោះ ព្រោះរបបខ្មែរក្រហម ប៉ុល ពត ដែលបានឡើងកាន់ អំណាចចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩ បានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ ទាំងអស់ស្ទើរគ្មានសល់។ ប្រជាជនកម្ពុជាស្លូតត្រង់ជាងបីលាននាក់បានស្លាប់បាត់បង់ជីវិតដោយការធ្វើទារុណកម្ម សម្លាប់ អត់អាហារ និងគ្មានថ្នាំសង្កូវព្យាបាល។ 

ចំណែកជនរងគ្រោះដែលរួចរស់ជីវិតពីអំពើយង់ឃ្នងព្រៃផ្សៃនៃរបបខ្មែរក្រហមបានរស់នៅក្នុងឈាមនិងទឹកភ្នែក វិបត្តិផ្លូវចិត្ត និងការរងទុក្ខសោក ដោយសារតែស្លាកស្នាមរបួសផ្លូវកាយ និងផ្លូវចិត្តពីរបបដ៏អមនុស្សធម៌នេះ និងខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសកម្ពុជាដ៏កម្សត់នេះឡើងវិញ។

ថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីសង្គ្រោះជាតិ និងប្រជាជនចេញពីក្រញ៉ាំដៃបីសាចខ្មែរក្រហម បានរួមគ្នាជាមួយបងប្អូនជនរងគ្រោះ ដែលនៅរស់រានមានជីវិត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញចេញពីគំនរផេះផង់ដោយដៃម្ខាងខិតខំការពារជាតិ និងទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតខិតខំកសាងជាតិឡើងវិញ។ ជាតិនិងប្រជាជនកម្ពុជាជាង ៣០ ឆ្នាំមុន ពិតជាអភ័ព្វណាស់ដែលរងគ្រោះដោយអំពើ ប្រល័យពូជសាសន៍ខ្មែរក្រហមហើយ ខិតខំរើបម្រះប្រឆាំងនឹងរបបមហាប្រល័យនេះ សង្គ្រោះជាតិ និងប្រជាជនឱ្យរស់រានមានជីវិតវិញ ប៉ុន្តែត្រូវបានទទួលរងនូវការដាក់សម្ពាធនយោបាយ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ ពីសំណាក់ក្រុមបស្ទឹមប្រទេសប្រឆាំងនឹងការរស់រានមានជីវិតឡើងវិញរបស់កម្ពុជា។

ទោះជាក្រុមជនអគតិមួយចំនួនយកថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩ ជាសត្រូវ និងបាន ប្រមាថមាក់ងាយដល់ស្មារតីនៃថ្ងៃសង្គ្រោះជាតិនិងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ ព្រមទាំងបានលាបពណ៌ប្រឆាំងនឹងអ្នកសង្គ្រោះជាតិពិត ប្រាកដដោយសារតែក្តីច្រណែនឈ្នានីស ងប់ងុលនឹងមហិច្ឆតាអំណាចយ៉ាង ណាក្តី ក៏ស្មារតី ៧ មករា នៅតែដក់ជាប់ក្នុងចិត្ត ប្រជាជនគ្រប់រូប។ ថ្ងៃទី៧ មករា បានក្លាយជាថ្ងៃរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា ជាថ្ងៃរស់ឡើងវិញនៃ ខឿនសេដ្ឋកិច្ចជាតិ សង្គម វប្បធម៌ សិក្សាធិការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ ប្រភេទ។ ដោយសារតែថ្ងៃរំដោះ ៧ មករា បានផ្តល់ឱកាសដល់ភាគីខ្មែរផ្សេងៗគ្នា ក្នុងជម្លោះប្រដាប់អាវុធក្នុងសង្គ្រាមស៊ីវិល កើតចេញពីឥទ្ធិពលនៃសង្គ្រាមត្រជាក់រវាងប្លុកកុម្មុយនិស្ត និងប្លុកសេរី ឱ្យមកអង្គុយជុំគ្នាដើម្បីដោះស្រាយជម្លោះដែលបង្កឡើងដោយអ្នកនយោបាយជំនាន់មុន។

បើគ្មានការវាយរំដោះប្រទេសពីខ្មែរក្រហមនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទេ ក៏បិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ឥសីប្រស់កម្ពុជាឱ្យរស់ឡើងវិញ មិនអាចជួបគ្នាដើម្បីផ្តួចផ្តើមឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ដែរ និងក៏មិនអាចមានឱកាសបញ្ចប់សង្គ្រាមស៊ីវិល បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិមាតុភូមិក្រោមការ អនុវត្តនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ បើគ្មានថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទេ ក៏កម្ពុជាគ្មានឱកាសកសាងជាតិដូចសព្វថ្ងៃនេះ និងក៏ទំនងគ្មានវត្តមានកម្ពុជានៅលើឆាកអន្តរជាតិ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺដូចសព្វថ្ងៃនេះដែរ។

ដោយសារតែកម្ពុជាត្រូវបានរំដោះចេញពីក្រុមបំផ្លិចបំផ្លាញជាតិ ក្បត់ជាតិនិងក្បត់ប្រជាជនរបស់ខ្មែរក្រហមនេះហើយ ទើបកម្ពុជាពេលនេះមានឱកាសគ្រប់ គ្រាន់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ និងមានកំណើនសេដ្ឋកិច្ចប្រមាណជាង ៧% ក្នុងរយៈពេល ២០ ឆ្នាំជាប់ៗគ្នា។ ជីវភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់
គ្រប់ប្រភេទ កម្មករកម្មការិនី និងប្រជាពលរដ្ឋខ្មែរទូទៅមានការរីកចម្រើន។ កម្ពុជាបានចាកចេញពីប្រទេសក្រីក្រតោកយ៉ាក ហើយបានក្លាយជាប្រទេសដែលមានចំណូលធម្យមកម្រិតទាប និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ក្រឡេកមើលកម្ពុជាកាលពី ៣៩ ឆ្នាំមុន គឺប្រៀបបាននឹងមនុស្សបាត់ព្រលឹង ទីក្រុងភ្នំពេញ និងទីប្រជុំជនស្ងាត់ជ្រងុំជាទីក្រុងខ្មោច មានផ្ទះប៉ុន្តែគ្មានមនុស្ស រស់នៅ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទត្រូវបានបំផ្លិចបំផ្លាញ ធនធានមនុស្ស អ្នកវិទ្យាសាស្ត្រ បញ្ញាវ័ន្តគ្រប់ប្រភេទនៅសេសសល់តិចតួចពីការកាប់សម្លាប់រង្គាល របស់ខ្មែរក្រហម។ កម្ពុជាកាលពី ៣៩ ឆ្នាំមុន គឺជាកម្ពុជាដែលលំបាកលំបិន បំផុត និងខិតខំប្រឹងរស់ដោយខ្លួនឯង អ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះដើម្បីបង្កើតមូលដ្ឋានកសាងជាតិឡើងវិញ។ ដោយសារតែការដាក់គោលនយោបាយដ៏ត្រឹមត្រូវ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កម្ពុជាបច្ចុប្បន្នគឺជាកម្ពុជាពោរពេញទៅដោយសន្តិភាព ស្ថេរភាព និងពោរពេញដោយការអភិវឌ្ឍ។ កម្ពុជាពេលនេះមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីសម្រេច និងចាត់ចែងលើជោគវាសនារបស់ខ្លួនដោយខ្លួនឯង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ទេចកលល្បិច ទុច្ចរិតរបស់ក្រុមអ្នកនយោបាយក្បត់ជាតិមួយចំនួនដែលបានឃុបឃិតជាមួយ បរទេសប៉ុនប៉ងបំផ្លាញសន្តិភាពដែលកម្ពុជារកបានដោយពិបាក និងការអភិវឌ្ឍ ដែលកម្ពុជាកំពុងតែមាននេះ។

៣៩ ឆ្នាំក្រោយការដួលរំលំរបបខ្មែរក្រហមបំផ្លាញជាតិ បំផ្លាញប្រជាជន ជាតិនិងប្រជាជនកម្ពុជាពិតជាមិនត្រូវការរបបដ៏ខ្មៅងងឹតនេះវិលត្រឡប់វិលវិញឡើយ។ សន្តិភាព ស្ថេរភាពជាតិ ឯករាជភាពជាតិ បូរណភាពទឹកដី ការអភិវឌ្ឍគឺជាអ្វីដែលប្រជារាស្ត្រខ្មែរប្រាថ្នា និងបានប្តេជ្ញាការពារយ៉ាងប្តូរផ្តាច់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជា មាននេះឱ្យបាន ស្ថិតស្ថេរជាយូរអង្វែងសម្រាប់មនុស្សជាច្រើនជំនាន់បន្តទៀត ព្រោះការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមិនអាចប្រព្រឹត្តទៅបានក្រោមភ្នក់ភ្លើងសង្គ្រាម ស្នូរគ្រាប់កាំភ្លើង និងការទម្លាក់គ្រាប់បែកបានឡើយ។ ក្នុងខួប អនុស្សាវរីយ៍លើកទី ៣៩ នៃថ្ងៃ ៧ មករា សូមឱ្យស្មារតីថ្ងៃរំដោះនេះស្ថិតនៅក្នុងក្រអៅបេះដូងមនុស្សគ្រប់រូបៗ និងសូមស្មារតី ៧ មករា ជានិមិត្តរូបនៃសាមគ្គីជាតិ មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈ!

ដោយ ចៅ ចាក់ស្មុក រាជធានីភ្នំពេញ, ថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៨