(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា គណបក្សដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋដឹកនាំរាជរដ្ឋាភិបាល ៤អាណត្តិមកហើយនោះ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ នឹងប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៣៩ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៨) យ៉ាងមហោឡារិកក្រោមវត្តមានមហាជន ជាង៤៥,០០០ម៉ឺននាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិធីអបអរសាទរថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្រោចស្រង់ជាថ្មីនូវអាយុជីវិត សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ និងការស្រោចស្រង់ប្រទេសជាតិទាំងមូលនេះ នឹងធ្វើឡើងក្រោមអធិបភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីអនុប្រធានគណបក្សទាំងពីរ គឺសម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង និងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត។ ពិធីនេះក៏នឹងមានការអញ្ជើញចូលរួមពីបណ្តាមន្រ្តីអង្គទូតបរទេសប្រចាំនៅកម្ពុជាផងដែរ។

ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពងជារៀងរាល់ឆ្នាំ។ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បុរសដែលបានពលីកម្មសព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិកម្ពុជា តែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ជាការបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។

សូមរំលឹកថា ប្រទេសកម្ពុជាក្រោយការធ្វើរដ្ឋប្រហារទម្លាក់ប្រមុខរដ្ឋសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ពីអំណាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសេនាប្រមុខ លន់ នល់ និងព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ព្រមទាំងគូកនជាច្រើននាក់ទៀត ក្រោមបង្អែករបស់សហរដ្ឋអាមេរិកនោះ បានធ្វើឲ្យកម្ពុជាធ្លាក់ខ្លួនផុងចូលក្នុងភ្លើងសង្រ្គាមជាបន្តបន្ទាប់ប្រទេសជាតិ និងប្រជាជន ត្រូវរងទុក្ខវេទនាខ្លោចផ្សាជាទីបំផុត។ ប្រជាជន ដែលនឿយណាយនិងសង្រ្គាមរ៉ាំរ៉ៃនេះ បានរីករាយជាខ្លាំងក្រោយពេលឃើញរបបសាធារណរដ្ឋរបស់សេនាប្រមុខ លន់ នល់ ត្រូវបានវាយផ្តួលរំលំដោយក្រុម ប៉ុល ពត អៀង សារី ខៀវ សំផន និង នួន ជា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករាជធានីភ្នំពេញរំពឹងថា ការរំដោះយកប្រទេសពីសេនាប្រមុខ លន់ នល់ ដោយក្រុមខ្មែរក្រហម នឹងធ្វើឲ្យសង្រ្គាមត្រូវចប់ ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។ ក្តីរំពឹងត្រូវបានរលាយសាបសូន្យក្រោយពេលរបបថ្មីបានដាក់ចេញគោលនយោបាយបណ្តេញប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជននានាឲ្យទៅរស់នៅ និងធ្វើស្រែចម្ការនៅតាមតំបន់ភូមិភាគនានាស្ថិតនៅស្រុកស្រែចម្ការ។

ប្រជាពលរដ្ឋត្រូវបានដាក់ឲ្យរស់នៅ និងធ្វើការជាក្រុមជាសហករនៅតាមទីជនបទ និងបង្ខំឲ្យស៊ីរួមដេករួម ព្រមទាំងបង្ខំឲ្យធ្វើការងារហួសកម្លាំងពន់ពេកប្រមាណ ហូបចុកមិនគ្រប់ទីបំផុតប្រជាពលរដ្ឋខ្មែរជិត ៣លាននាក់ត្រូវបានស្លាប់ ដែលក្នុងនោះមួយចំនួនធំ ត្រូវបានសម្លាប់ក្រោមការចោទប្រកាន់ថាជាជនក្បត់អង្គការ។

ទុក្ខវេទនារបស់ប្រជាពលរដ្ឋក្នុងរបបអាវខ្មៅត្រូវបានបិទបញ្ចប់ បន្ទាប់ពីកម្លាំងអ្នកស្នេហាជាតិ កម្លាំងតស៊ូរបស់យុទ្ធជនក្លាហានកម្ពុជា រួប រួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ ក្រោមការជួយគាំទ្រពីកងទ័ពវៀតណាម បើកការវាយផ្តួល និងដណ្តើមប្រទេសចេញពីកណ្តាប់ដៃរបស់ ប៉ុល ពត បានទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

ផ្តើមចេញពីជ័យជម្នះនេះ បានធ្វើឲ្យកម្ពុជា មានឱកាសរើបម្រាស់ និងឈានជើងជាបន្តបន្ទាប់រហូតផ្តើមមានកិច្ចចរចាស្វែងរកសន្តិភាពរវាងសម្តេចព្រះមុខរដ្ឋ នរោត្តម សីហនុ និងបុរសរដ្ឋសម្តេចតេជោ ហ៊ុន សែន។ តាមរយៈការចរចាក្រោមការជួយជ្រោមជ្រែងពីប្រទេសឥណ្ឌូននេស៊ី និងប្រទេសបារាំងផងនោះ កិច្ចព្រមព្រៀងសន្តិភាពមួយរវាងខ្មែរគ្រប់ជម្លោះ (រដ្ឋាភិបាលរដ្ឋកម្ពុជា និង ចលនាកងទ័ពក្នុងព្រៃជាយដែនត្រីភាគី) ត្រូវបានសម្រេចចេញជារូបរៀង ២៣ តុលា ១៩៩១។កិច្ចព្រមព្រៀងសន្តិភាពនេះ បានបើកផ្លូវឲ្យកម្ពុជាបង្កើតបានជាថ្មីនូវព្រះរាជាណាចក្រកម្ពុជា និងយាងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ឲ្យមកគង់ប្រថាប់ក្នុងប្រទេសកម្ពុជាជាថ្មី។ បើទោះបីកម្ពុជាទទួលបានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងវត្តមានកងទ័ពអង្គការសហប្រជាជាតិនៅកម្ពុជា ដើម្បីសម្របសម្រួលបញ្ចប់សន្តិភាពដោយចំណាងលុយជាង ២ពាន់លានដុល្លារ តែសង្រ្គាមតាមទល់ដែនមិនអាចបញ្ចប់ទាំងស្រុងនោះឡើយ ព្រោះតែកងទ័ពខ្មែរក្រហម ដែលសេសសល់នៅតាមទល់ដែនថៃក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន មិនព្រមគោរពនូវកិច្ចព្រមព្រៀងនេះឡើយ ហើយតែងបង្កឲ្យមានការផ្ទុះអាវុធជាបន្តបន្ទាប់។

ទីបំផុតតាមរយៈនយោបាយឈ្នះឈ្នះ របស់បុរសខ្លាំងតេជោ សែន បានយកជីវិតជាដើមទុនប្រថុយចូលជំរុំគូប្រយុទ្ធចរចាជាមួយមេដឹកនាំខ្មែរក្រហមក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចរចាយកកងទ័ពខ្មែរក្រហមមកជ្រកក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ និងបានបិទបញ្ចប់សង្រ្គាមរវាងខ្មែរ និងខ្មែរទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ក្រោយបិទបញ្ចប់សង្រ្គាមទាំងស្រុងនេះ ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍប្រទេសយ៉ាងពេញលេញ ហើយធ្វើឲ្យភាពរីកចម្រើនបានលូតលាស់ជាបន្តបន្ទាប់ផងដែរ។ បច្ចុប្បន្នក្រោមម្លប់សន្តិភាពកម្ពុជា ទទួលបានទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែច្រើន កម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ សមិទ្ធផលជាតិជាច្រើនត្រូវរំលេចឡើងនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នបានរើខ្លួនចេញពីប្រទេសក្រីក្រ ប្រទេសគ្មានអ្វីសោះ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កម្ពុជា ក៏កំពុងកសាងកិត្យានុភាពលើឆាកអន្តរជាតិ តាមគោលនយោបាយការបរទេសរបស់ខ្លួនឲ្យល្បីរន្ទឺផងដែរ៕