(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្ដចំនួន៧,៣៤២គ្រឿង រកឃើញល្មើសច្បាប់១,៣៥៦គ្រឿង ផាកពិន័យ៧៧៣គ្រឿង ដែលភាគច្រើនជាម៉ូតូ, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៦ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន៣២៦១គ្រឿង អប់រំ២៧៨គ្រឿង និងផាកពិន័យចំនួន៥៣៣គ្រឿង។
ដោយឡែកសម្រាប់ក្របខណ្ឌ ក្នុងរាជធានីភ្នំពេញ របាយការណ៍ខាងលើបញ្ជាក់ថា បានឃាត់យានយន្តបើកបរបញ្ច្រាសទិស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ ចំនួន៧១៨គ្រឿង ដែលសុទ្ធសឹងជាម៉ូតូ។
ជាមួយគ្នានោះ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ ក៏បានឲ្យដឹងថា សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមករានេះ បានយានយន្ដចំនួន ៣០,២៩០គ្រឿង ក្នុងនោះអប់រំ២,០០៥គ្រឿង និងផាកពិន័យ៣,១៤២គ្រឿង (ម៉ូតូ៩៥ភាគរយ)៕