(សៀមរាប)៖ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននៅខេត្តសៀមរាប នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមា គមអតីតយុទ្ធជនកម្ពុជា បានជំរុញឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់នៅក្នុងខេត្តសៀមរាប ត្រូវខិតខំផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយសមាជិកនៅមូលដ្ឋាន។ ជាពិសេសត្រូវបែងចែកភារកិច្ចគ្នាចុះតាមគ្រួសារ តាមខ្នងផ្ទះនីមួយៗឲ្យបានជាប់ជាប្រចាំ ដើម្បីពិនិត្យ ស្ថានភាពសុខភាព និងជីវភាពរបស់បងប្អូនអតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្តាំផ្ញើឲ្យរិះរកគ្រប់វិធានការ ដើម្បីជួយដោះស្រាយរាល់បញ្ហារបស់អតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ។ ជាមួយនោះត្រូវយកចិត្តទុកដាក់ដល់ការផ្តល់សេវាឲ្យបានកាន់តែឆាប់រហ័សជាងមុន និងប្រកបដោយតម្លាភាព។
ថ្លែងទៅកាន់កិច្ចប្រជុំ ដែលមានការអញ្ជើញចូលរួមពីមេបញ្ជាការយោធភូមិភាគទី៤ លោកអភិបាលរងខេត្ត ប្រធាន អនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្ត ក្រុង ស្រុក និងលោកអភិបាល ជាប្រធានកិត្តិយសសមាគមក្រុង ស្រុកសរុប៩៦នាក់នៅថ្ងៃសៅរ៍ ៥ រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នេះ នាយឧត្តមសេនីយ គន់ គីម បានស្នើឲ្យថ្នាក់ដឹកនាំសមា គម សហការជាមួយគណៈកម្មាធិការប្រើប្រាស់និងបែងចែកដីធ្លីខេត្ត ផ្ទៀងផ្ទាត់បច្ចុប្បន្នភាពអតីតយុទ្ធជនក្រីក្រ ដែលបានស្នើសុំដីសម្បទានសង្គមកិច្ចតាំងពីឆ្នាំ២០០៩មក ដែលតាមតួលេខ មាននៅខេត្តសៀមរាបចំនួន ១,៣៧៦គ្រួសារ ហើយសរុបរាយការណ៍ពីលទ្ធផល មកអគ្គលេខាធិការដ្ឋាន ដើម្បីសមាគមពិនិត្យដោះស្រាយសំណូមពរជូនបងប្អូនអតីតយុទ្ធជន។
តាមរបាយការណ៍របស់លេខាធិការដ្ឋានសមាគមអតីតយុទ្ធជនខេត្តបានឲ្យដឹងថា ខេត្តសៀមរាប មានអតីតយុទ្ធជនក្រលំបាកជាសមាជិកសមាគម ដែលមានផ្ទះមិនសមរម្យចំនួន ៤៨៣គ្រួសារ និងអ្នកត្រូវការដីសម្បទានសម្បទានសង្គមកិច្ចចំនួន ៣១៣គ្រួសារ។
នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់ថា បងប្អូនអតីតយុទ្ធជនសុទ្ធតែជាអ្នកមានគុណបំណាច់ចំពោះជាតិ ប៉ុន្តែជីវភាពរស់នៅរបស់បងប្អូន ជាទូទៅមិនដូចគ្នាទេ។ ភាគច្រើនសុខភាពទ្រុឌទ្រោម ហើយទ័លក្រលំបាក ដែលជាក្តិកង្វល់ និងជាបន្ទុកធ្ងន់ធ្ងរ របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់សមាគម ដែលចាំបាច់ត្រូវរិះរកគ្រប់លទ្ធភាព វិធានការ និងមធ្យោបាយ ក្នុងការដោះស្រាយសំរាលទុក្ខលំបាក។ ពិសេសការផ្តល់ទីជម្រកសមរម្យជូនអ្នកមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនស្រាប់ និងស្នើសុំសម្តេចតេជោ ផ្តល់ដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន ដែលក្រលំបាកពិតប្រាកដ ដើម្បីមានផ្ទះស្នាក់នៅ និងមានដីបង្កបង្កើនផលដោះស្រាយជីវភាព។
ដោយមើលឃើញពីការលំបាកជាក់ស្តែងនាយឧត្តមសេនីយ គន់ គីម បានប្រកាស់ផ្តល់អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចសង់ផ្ទះចំនួន ៩ខ្នង ជូនអតីតយុទ្ធជនលំបាកខ្វះខាត ៩គ្រួសារ លើដីជាកម្មសិទ្ធិស្រាប់ កំពុងរស់នៅស្រុកសូទ្រនិគម៥ គ្រួសារ និង ៤គ្រួសារទៀត នៅស្រុកជីក្រែង ស្រុកប្រាសាទបាគង ស្រុកស្រីស្នំ និងស្រុកអង្គរជុំ។
មកទល់ពេលបច្ចុប្បន្ននេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលលំបាកបំផុត ក្នុងខេត្ត សៀមរាប មានចំនួន ១៦ខ្នង៕