(ស្វាយរៀង)៖ ប្រជាកសិកររស់នៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កំពុងមានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការប្រមូលផលស្រូវប្រាំង និងវស្សាដោយមានការច្រូតកាត់ ដោយដៃ និងម៉ាស៊ីននៅចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨នេះ ដោយមានអ្នកខ្លះកំពុងសាបពង្រោះបណ្តេញទឹកបន្តទៀត។
លោក ប្រាំង ជាប្រជាកសិកររស់នៅ ភូមិឃុំខាងលើជាម្ចាស់ស្រែ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨នេះថា សម្រាប់ប្រជាពលរដ្ឋនៅទីនេះ៩៩% ជាប្រជាកសិករសុទ្ធសាធ ព្រោះតំបន់នេះជាកន្លែងកសិកម្ម អាចទាញផលចំណេញបានគួរសម ក្នុងការធ្វើស្រែ១រដូវៗ ព្រោះនៅទីនេះក្នុង១ឆ្នាំ អាចធ្វើស្រែបាន៣ដង ហើយក្នុងម្តងៗក្នុង១ហិកតា បានផលចាប់៦តោន ទៅ៨តោន និងអាចចំណេញបានខ្លះ។
លោកបានបន្តថា ចំពោះស្រូវស្រែសម្រាប់ឆ្នាំនេះ ពុំសូវបានផលទេ ព្រោះដើមឆ្នាំមេឃ មិនអំណោយផលទឹកភ្លៀង ហើយរាំងចុងរដូវ ដល់រដូវស្រូវចេញទើបភ្លៀង បុកកំហុកធ្វើឲ្យស្រូវដួលរាប ហើយលិចទឹកធ្វើឲ្យពិបាកច្រូតកាត់ និងនៅតំបន់ខ្លះរាំងស្ងួតងាប់ស្រូវ អស់មួយចំនួនទៀតផង។
លោកបានបន្តទៀតថា បច្ចុប្បន្នប្រជាកសិករនៅទីនេះ ខ្លះកំពុងច្រូតកាត់ និងខ្លះទៀត កំពុងភ្ជួររាស់សាបព្រោះស្រូវ ប្រដេញទឹកបន្តវគ្គទី២ទៀត ដោយប្រើពូជស្រូវអ៊ីអែយៈពេលតែ៨៥ថ្ងៃ បានទទួលផលម្តងទៀត ហើយនៅក្នុងការសាបពង្រោះម្តងៗ ដោយប្រើជី និងថ្នាំទៅតាមប្រភេទដីក្នុងមួយហិកតាៗ ដាក់ជីពីរ៨បាវទៅ១០បាវ និងបាញ់ថ្នាំការពារសត្វល្អិតរហូតដល់ស្រូវទុំ។
សូមបញ្ជាក់ថា ប្រជាកសិកររស់នៅខាងតំបន់ភូមិជុបព្រីង និងព្រៃវល្លិនេះ មិនពិបាកក្នុងការលក់ស្រូវនោះទេ ព្រោះមានឈ្មួញកណ្តាល និងឈ្មួញវៀតណាម ចុះមកទិញដល់ក្នុងស្រែ ហើយបានតំលៃក្នុង១kg ស្មើ៤៨០០ទៅ៥០០លុយដុង បើគិតជាលុយខ្មែរ៨០០ទៅ៩០០រៀល ហើយមិនពិបាកលក់ដូចពីមុនទេបើគឹតពីផលចំណេញអាស្រ័យផល ស៊ីសងទៅលើបងប្អូនមានដីតិចឬច្រើន៕