(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា ចំនួន២លានរៀល ជូនលោកវរសេនីយ៍ឯក ឈុន ប៊ុនធី បម្រើការងារនៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ផ្នែកក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិកម្ពុជា និងជាគ្រូបង្រៀនលំហាត់របៀប បន្ទាប់ពីទទួលបានព័ត៌មានថា លោកបានកាត់ជើងស្តាំ ដោយសារមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននេះភ្លាម និងជាការគិតគូដល់មន្រ្តីនគរបាល សម្តេចក្រឡាហោម បានឧបត្ថម្ភថវិកាចំនួន១លានរៀល និងនាយឧត្តមសេនីយ៍ អគ្គស្នងការ ក៏បានឧបត្ថម្ភថវិកាចំនួន១លានផងដែរ តាមរយៈលោកផ្ទាល់តែម្តង។
សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ឈុន ប៊ុនធី បម្រើការងារនៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ផ្នែកក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិកម្ពុជា និងជាគ្រូបង្រៀនលំហាត់របៀប បានសម្រេចកាត់ជើងខាងស្ដាំចោល ក្រោយមានដំបៅជើង និងកើតទឹកនោមផ្អែមធ្ងន់ធ្ងរ។
ក្រុមគ្រួសាររបស់លោកគ្រូ ឈុន ប៊ុនធី បានប្រាប់ឲ្យដឹង នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨នេះថា បច្ចុប្បន្នលោក ឈុន ប៊ុនធី កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឍ ផ្នែកជំងឺទឹកនោមផ្អែម បន្ទាប់ពីក្រុមគ្រូពេទ្យបានសម្រេចកាត់ជើងរបស់លោកចោល កាលពីថ្ងៃទី០៤ ខែមករាកន្លងទៅនេះ។
បើតាមក្រុមគ្រួសាររបស់គ្រូនគរបាលរូបនេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺលោកបានអាចទៅបន្ដការងារទៀតនោះទេ ពោលគឺលោកបានភ្ជួរឈ្មោះនៅកន្លែងធ្វើការ។
ចាប់តាំងពីពេលនោះមក ក្រុមគ្រួសាររបស់លោកវរសេនីយ៍ឯក ឈុន ប៊ុនធី ចាប់ផ្ដើមចំណាយថវិកាកាន់តែច្រើនទៅៗ ដើម្បីព្យាបាលរូបលោក ហើយរហូតមកដល់ពេលនេះ ក្រុមគ្រួសាររបស់ក៏កំពុងជួបការលំបាកផងដែរ និងកំពុងតែអំពាវនាវដល់ថ្នាក់នគរបាល ពិសេសថ្នាក់ដឹកនាំរាជបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ដើម្បីជួយឧបត្ថម្ភក្នុងការព្យាបាលបន្ដទៀត៕