(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនេះ មានអ្នកជាប់កាតព្វកិច្ច ១៩៥នាក់ បានចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ACU ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨នេះ។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្នុងចំណោមសមាជិកទាំង១៩៥ នាក់នោះមានសមាសភាព មកពីគណបក្សផ្សេងៗ មានទាំងសមាសភាពការចូលកាន់តំណែងថ្មី ព្រមទាំងអតីតសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយផងដែរដែល រួមមាន៖
១៖ ការប្រកាសរៀងរាល់២ឆ្នាំម្តង ចំនួនទទួលបាន ១៣៣រូប
២៖ ការប្រកាសរបស់គណបក្សត្រូវបានរំលាយ និងចូលកាន់តំណែងថ្មីទទួលបាន៦២ រូបដែលរួមមាន៖
* តំណាងរាស្ត្រចំនួន ១៦រូប៖
*តែងតាំងថ្មីចំនួន ១៦រូប (គណបក្សប្រជាជនកម្ពុជា ចំនួន ០៣រូប គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន១១រូប គណបក្សសញ្ជាតិខ្មែរ ចំនួន០១រូប និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ចំនួន០១រូប)
* ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ ចំនួន ៤៦រូប៖
-តែងតាំងថ្មីចំនួន ១៥រូប (គណបក្សប្រជាជនកម្ពុជាចំនួន ១៥រូប)
-បញ្ចប់ចំនួន ៣១រូប (គណបក្សសង្គ្រោះជាតិចំនួន ៣១រូប)។
អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានអំពាវនាវដល់អ្នកដែលជាប់កាតព្វកិច្ចទាំងអស់ រួសរាន់ទៅបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ក្នុងរយៈពេល៣០ថ្ងៃ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ ACU បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចតទៅ៖
* រៀងរាល់២ឆ្នាំម្តង ចំនួនទទួលបានសរុប ១ ២៧៣រូប
* ការប្រកាសរបស់សមាសភាពគណបក្សត្រូវបានរំលាយ និងការចូលកាន់មុខតំណែងថ្មី ចំនួនទទួលបានសរុប ១ ៧៤១រូបរួមមាន៖
*តំណាងរាស្ត្រចំនួន ៦១រូប និងទីប្រឹក្សាជំនួយការ ៣១រូប សរុប៩២រូប
*សមាជិក គ.ជ.ប ចំនួន ០៦រូប
-សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ ចំនួន១ ៦៤៣រូប៕