(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អធិការនគរបាលខណ្ឌទាំង១២ ឲ្យចាត់កម្លាំងនគរបាលប៉ុស្តិ៍របស់ខ្លួន ស្ទាក់ចាប់អ្នកជិះម៉ូតូនៅតាមផ្លូវតូចៗទៀត ក្នុងទឹកដីរបស់ខ្លួន ដោយសារតែយុទ្ធនាការនៅរយៈប៉ុន្មានថ្ងៃនេះ កម្លាំងនគរបាលបានធ្វើឡើងនៅលើតែធំៗប៉ុណ្ណោះ។
ការដាក់បទបញ្ជាបែបនេះ របស់នាយឧត្តមសេនីយ៍ស្នងការ បានកើតមានឡើង ដោយលោកមើលឃើញថា បញ្ហាអ្នកបើកម៉ូតូ ជាពិសេសអត់ពាក់មួកសុវត្ថិភាព នៅមានចំនួនច្រើនដដែល ហើយម៉ូតូជាច្រើនគ្រឿង ត្រូវបានចាប់ឃាត់ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «ជំរាបជូនលោកអធិការខណ្ឌទាំង១២ ក្នុងការត្រួតពិនិត្យអនុវត្ត និងរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរយៈពេលប៉ុន្មានថ្ងៃនេះ ខ្ញុំបានពិនិត្យ ដោយផ្ទាល់ខ្លួនឯង ពិនិត្យឃើញថា បទល្មើសចរាចរ អ្នកដែលបើកម៉ូតូគ្មានមួកសុវត្ថិភាព នៅតែមានចំនួនច្រើន ជាពិសេសនៅតាមដងផ្លូវតូចៗ ដែលខុសពីផ្លូវធំ ដែលកម្លាំងអធិការខណ្ឌរបស់យើង បើកប្រតិបត្តិការ ដូច្នេះខ្ញុំសូមសំណូមពរ ពិនិត្យទៅលើបទពិសោធន៍ សូមឱ្យលោកអធិការទាំង១២ បញ្ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅក្នុងភូមិសាស្រ្តរបស់ខ្លួន ចេញប្រតិបត្តិការ តាមដងផ្លូវតូចៗ ធ្វើយ៉ាងណា ឃាត់យានយន្តដែលល្មើសច្បាប់ចរាចរណ៍ឱ្យបាន»។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨នេះថា ពេញមួយថ្ងៃម្សិលមិញ កម្លាំងនគរបាលរបស់លោក បានឃាត់ម៉ូតូល្មើសច្បាប់ចំនួន៧១៨គ្រឿង នៅតាមគោលដៅនានាទូទាំងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងយុទ្ធនាការ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាល។
បើតាមនាយឧត្តមសេនីយ៍ស្នងការ ម៉ូតូល្មើសច្បាប់ចរាចរណ៍ ដែលកម្លាំងសមត្ថកិច្ចនៅតាមគោលដៅចាប់ឃាត់នោះរួមមាន៖ ទី១៖ ករណីបើកបរបញ្រ្ចាសទិសចំនួន៣៣០គ្រឿង, ទី២៖ មិនពាក់មួកសុវត្ថិភាពចំនួន៣០៧គ្រឿង, ទី៣៖ គ្មានកញ្ចក់មើលក្រោយចំនួន៦៧គ្រឿង និងទី៤៖ គ្មានផ្លាកលេខចំនួន១៤គ្រឿង។
សម្រាប់ម៉ូតូល្មើសច្បាប់ ដែលកម្លាំងសមត្ថកិច្ចចាប់ឃាត់ទុក និងបានដឹកជញ្ជូនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ទោចក្រយានយន្ត អញ្ជើញទៅបង់ការផាកពិន័យ និងបំពេញបែបបទតាមច្បាប់ ដើម្បីយកម៉ូតូត្រឡប់មកវិញ។
នាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់ថា ទី១៖ សម្រាប់ម៉ូតូដែលជិះបញ្ជ្រាស គឺត្រូវរក្សាទុកចំនួន៣ថ្ងៃ រួចហើយម្ចាស់ម៉ូតូសូមយកកាតគ្រី និងអត្តសញ្ញាណប័ណ្ណ ទៅបង្ហាញសមត្ថកិច្ច រួមទាំងការផាក ពិន័យតាមច្បាប់ នោះនឹងអាចយកម៉ូតូត្រឡប់មកវិញហើយ។ តែបើលើកទី២ ជិះបញ្ច្រាសទៀត ហើយត្រូវបានកម្លាំងនគរបាលចាប់បានម្តងទៀត នោះនឹងរក្សាទុកម៉ូតូរហូតដល់១ខែ អមដោយការបង់ផាកពិន័យទ្វេរគុណ។ តែបើចាប់បានលើកទី៣ទៀតនោះ ម៉ូតូនឹងត្រូវរក្សាទុករហូតដល់៣ខែ រួមទាំងការផាកពិន័យរហូតដល់៣ដង។
ទី២៖ សម្រាប់ម៉ូតូដែលគ្មានមួក និងកញ្ចក់ ម្ចាស់ម៉ូតូត្រូវទៅទិញមួក និងកញ្ចក់ រួចទៅបំពាក់លើម៉ូតូរបស់ខ្លួន រួមទាំងការបង់ផាកពិន័យតាមច្បាប់ ជូននគរបាលចរាចរណ៍ រួចអាចយកម៉ូតូត្រឡប់មកវិញបានហើយ។ តែបើសិនលើកទី២ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ទៀត នោះនឹងត្រូវរក្សាទុកម៉ូតូចំនួន៣ថ្ងៃ។ លើកទី៣ បើចាប់បានទៀត ត្រូវរក្សាទុកម៉ូតូចំនួន១ខែ។ លើកទី៤ បើចាប់បានទៀតនោះនឹងត្រូវរក្សាទុកម៉ូតូដល់៣ខែ ព្រមទាំងបង់ការផាកពិន័យគុណទៅតាមចំនួនដងនៃការចាប់ (លើកទី១ គុណ ១, លើកទី២ គុណ ២, លើកទី៣ គុណ ៣ និងលើកទី៤គុណ៤..)។
ទី៣៖ សម្រាប់ម៉ូតូដែលគ្មានស្លាកលេខ ម្ចាស់ម៉ូតូទៅយកសន្លឹកពន្ធ និងអត្តសញ្ញាណប័ណ្ណ ទៅបង្ហាញសមត្ថកិច្ច ដើម្បីធ្វើស្លាកលេខ ព្រមទំាំងបង់ការផាកពិន័យ។ ពេលធ្វើស្លាកលេខរួច នោះម្ចាស់ម៉ូតូអាចយកម៉ូតូត្រឡប់មកវិញហើយ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ស្នងការ បានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ និងដើម្បីជួយសង្គ្រោះ ជីវិតខ្លួនឯង ក៏ដូចជាជីវិតអ្នកដទៃផងដែរ។ ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតីភ្ញាក់ខ្លួនឡើង ដើម្បីគោរពច្បាប់ចរាចរណ៍ ជាជាងខ្លាចសមត្ថកិច្ចនៅតាមដងផ្លូវ។ «នៅពេលយើងទាំងអស់គ្នាមានឆន្ទះរួម និងមានការភ្ញាក់ខ្លួន ចូលរួមគោរពច្បាប់ចរាចរណ៍នោះ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ នឹងត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ហើយម្នាក់ៗមិនគួរត្រូវបានចាប់បង្ខំឲ្យគោរពច្បាប់នោះទេ ត្រូវចូលរួមគោរពច្បាប់ដោយខ្លួនឯង»។
តាមការសង្កេត និងតាមរបាយការណ៍មួយចំនួន បានបង្ហាញថា ប្រជាពលរដ្ឋជាច្រើននាក់ ដែលធ្វើដំណើរតាមដងផ្លូវ គឺពួកគេខ្លាចសមត្ថកិច្ចចាប់ឃាត់រថយន្ត និងម៉ូតូ ជាជាងគោរពច្បាប់ចរាចរណ៍។ ជាក់ស្តែង និងមានករណីធ្លាប់កើតឡើង គឺពលរដ្ឋខ្លះ ត្រូវបង្ខំចិត្តទៅទិញមួកពាក់ និងកញ្ចក់ដើម្បីឲ្យសមត្ថកិច្ចឃើញ និងចាប់ឃាត់ តែពេលជិះហួសកន្លែងគោលដៅរបស់សមត្ថកិច្ច គឺពួកគាត់បានដោះមួកចេញក៏មានដែរ៕