(ភ្នំពេញ)៖ ក្រុមចោរឆក់ដ៏សកម្មចំនួន៤នាក់ ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការប្រដេញរហូតបង្រ្កាបបានភ្លាមៗ នៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្រោយពីបានធ្វើសកម្មភាពឆក់កាបូប ពីស្រី្ដវ័យចំណាស់ម្នាក់ អាយុ៧៤ឆ្នាំ។
ការចុះប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់ដ៏ សកម្ម៤នាក់ខាងលើនេះ បានធ្វើឡើងដោយមានកម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងការិយាល័យអនុវត្ដដីកា និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ខណៈកំពុងល្បាត ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
លោក ជីវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ខណៈកម្លាំងកំពុងចុះល្បាតនៅចំណុចខាងលើ ក៏បានប្រទះឃើញ ជនសង្ស័យចំនួន០៤នាក់ មានមធ្យោបាយម៉ូតូចំនួន២គ្រឿង ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខភ្នំពេញ ១GI-៩៦៣១ និងម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៦ (មិនចាំស្លាកលេខ) បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ។
ខណៈពេលនោះ កម្លាំងរបស់សមត្ថកិច្ច បានធ្វើការប្រដេញតាម រហូតមកដល់ចំណុចខាងក្រោយក្រុមហ៊ុន ស៊ុយស៊ូគី ស្ថិតនៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏ធ្វើការបង្ក្រាបជាក់ស្ដែង បានជនសង្ស័យចំនួន២នាក់រួមមាន៖
ទី១៖ ឈ្មោះ លី ហួ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ, ទី២៖ ឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ និងដកហូតបានម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខភ្នំពេញ ១GI-៩៦៣១ ព្រមទាំងការបូបរបស់ជនរងគ្រោះ ក្នុងនោះមានទូរស័ព្ទចំនួន១គ្រឿង និងប្រាក់មួយចំនួន ប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្ន ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕