(ភ្នំពេញ)៖ ទោះបីរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ត្រូវបានរលាយរលត់ទៅអស់រយៈពេល ៣៩ឆ្នាំទៅហើយ តែស្លាកស្នាមដំបៅនៃក្តីឈឺចាប់ និងទុក្ខវេទនាដ៏មហាសាលក្នុងរបបមួយនេះ មិនអាចរលុបចេញបេះដូង និងការចងចាំរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់របបមួយនេះបានឡើយ។

របបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ ប៉ុល ពត អៀង សារី និង ខៀវ សំផន ត្រូវបានគេប្រសិទ្ធនាមជារបបវាលពិឃាតដ៏យង់ឃ្នងនៅក្នុងប្រទេសកម្ពុជា ដោយបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ សិស្សនិស្សិត បញ្ញាវន្តជិត ៣លាននាក់។ ក្រៅពីការកាប់សម្លាប់ ក៏ដូចជាការស្លាប់ដោយសារការខ្វះចំណីអាហារ និងបញ្ហាសុខភាពជាដើមនោះ នៅមានប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារត្រូវបាននិរាសព្រាត់ប្រាស់ បន្សល់នូវក្តីសង្វេគរហូតមកដល់បច្ចុប្បន្ន។

អំពើព្រៃផ្សៃនៃការកាប់សម្លាប់ឥតមេត្តា ទុក្ខវេទនា នៃការធ្វើការយ៉ាងទារុណ ការអត់អាហារ ព្រមទាំងការធ្វើទារុណកម្មផ្សេងៗ គឺជាអនុស្សាវរីយ៍ដ៏សែនល្វីងជូរចត់ ដែលប្រជាពលរដ្ឋរស់ក្នុងរបបមួយនេះ គ្មានថ្ងៃបំភ្លេចបាននោះឡើយ។ អ្នកស្រី ឱ មុំ ដែលជាប្រជាពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោមពលរដ្ឋខ្មែររាប់លាននាក់ ដែលបានរងគ្រោះក្នុងរបបមួយនេះ បានរៀបរាប់ទាំងអួលដើមកថា អ្នកស្រី រួមនិងស្វាមី ត្រូវបាន ប៉ុល ពត ជម្លៀសចេញពីរាជធានីភ្នំពេញ ទៅរស់នៅ និងធ្វើការនៅក្នុងស្រុកជុំគិរី ខេត្តកំពត។

អ្នកស្រី មុំ បានរៀបរាប់ថា ការជម្លៀសចេញពីរាជធានីភ្នំពេញឆ្នាំដំបូងការរស់នៅហាក់មិនជាលំបាកវេទនាខ្លាំងណាស់ណានោះទេ ខណៈអ្នកស្រី អាចទ្រាំទ្រជាមួយពលកម្មក្នុងរបបនោះបានខ្លះផងដែរ។ តែមួយឆ្នាំបន្ទាប់ ក្រោយពេលគេជម្លៀសអ្នកស្រី និងស្វាមី មកកាន់តែខេត្តតាកែវវិញ ជាពេលដែលជីវិតអ្នកស្រី និងគ្រួសារត្រូវបានធ្លាក់ចូលទៅក្នុងក្តីវេទនាមិនអាចបំផ្លេចបាន ហើយក៏ជាពេលត្រូវព្រាត់ប្រាស់ គ្នាផងដែរ។

អ្នកស្រី ឱ មុំ បាននៅចាំយ៉ាងច្បាស់ពីព្រឹត្តិការណ៍នាពេលនោះទោះបីវាបានកន្លងផុតទៅជិត ៤ទសវត្សរ៍ហើយក្តី។ «ដើមដំបូងអត់ទាន់អីទេ គេនៅឲ្យយើងមានម្ហូបហូបចុកអីធម្មតាស្មានតែគួរសមដែរ។ ប៉ុន្តែនៅឆ្នាំ១៩៧៦ ខ្ញុំបានតាមប្តីខ្ញុំទៅនៅភូមិចម្រេះ ស្រុកគិរីវង់ ខេត្តតាកែវ ពេលនោះបានខ្ញុំទទួលការឈឺចាប់ធំហួសប្រមាណ គ្រួសារខ្ញុំត្រូវស្លាប់ទាំងអស់...»។

ក្រៅពីក្រុមគ្រួសារត្រូវបានគេកាប់សម្លាប់ហើយនោះ អ្នកស្រី ឱ មុំ ក៏ត្រូវបានគេចាប់យកទៅដាក់គុកផងដែរ ព្រោះតែរងការចោទប្រាកន់ថា អ្នកស្រីចង់រត់គេចខ្លួនទៅប្រទេសវៀតណាម។ «ទទួលទុក្ខវេទនាគ្រប់បែបយ៉ាង ខ្ញុំធ្លាប់គេយកទៅធ្វើបាប ធ្វើទារុណកម្ម ជាប់គុក លំបាកខ្លាំង ដោយសារគេចង់បំបែកខ្ញុំ ថាខ្ញុំហ្នឹងចង់រត់ចូលស្រុកយួន មិត្តភក្តិខ្ញុំទាំងអស់ទទួលការឈឺចាប់ ខ្ញុំបាត់យុវជន បាត់ក្រុមគ្រួសារ»។

របបដ៏សែនឃោរឃៅមួយនេះ បានធ្វើឲ្យអ្នកស្រី ឱ មុំ ព្រាត់ប្រាស់អស់ក្រុមគ្រួសារ និងសាច់ញាតិ ហើយក្រោយពេលរំដោះនៅថ្ងៃទី០៧ មករា ១៩៧៩ អ្នកស្រីត្រូវរ៉ាប់រងចិញ្ចឹមក្មួយដែលកំព្រាឪពុកម្តាយ ព្រោះរបបនេះកាប់សម្លាប់ថែមទៀតផង។ អ្នកស្រី មុំ បានថ្លែងថា អ្នកស្រីមិនអាចបំផ្លេចរបបដ៏ព្រៃផ្សៃមួយនេះបានឡើយ ហើយរាល់ពេលអ្នកស្រីធ្វើដំណើរឆ្លងកាត់ទៅខេត្តតាកែវ អ្នកស្រីតែនឹកឃើញនូវប្រវត្តិដ៏ឈឺចាប់មួយនេះជានិច្ច។

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ គឺជាខួប ៣៩ឆ្នាំហើយ នៃការដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ អ្នកស្រី ឱ មុំ បានចាត់ទុកថ្ងៃ ៧ មករា គឺជាថ្ងៃដ៏មានគុណបំណាច់បំផុតសម្រាប់ជីវិតរបស់អ្នកស្រី ព្រោះថ្ងៃនេះ បានធ្វើឲ្យជីវិតរបស់អ្នកស្រី បានរស់ឡើងវិញ។

អ្នកស្រី បន្តថា បើទោះបីពេលបច្ចុប្បន្នជីវិតរបស់អ្នកស្រីមិនធូរធាខ្លាំងក្តី តែជីវិតពេលបច្ចុប្បន្នមានសិទ្ធិសេរីសព្វបែបយ៉ាង ដែលផ្ទុយស្រឡះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ «ក្រោយថ្ងៃរំដោះ ៧ មករា គ្មានថ្ងៃណាសប្បាយចិត្តដូចពេលនេះទេ បើទោះបីខ្ញុំលំបាកក្នុងរកស៊ី។ តែខ្ញុំនៅតែចាំថ្ងៃ៧ មករា ជាថ្ងៃកំណើតថ្មីរបស់ខ្ញុំ ខ្ញុំលែងគិតទៀតហើយ...។ ថ្ងៃ ៧ មករា ខ្ញុំមិនអាចបំភ្លេចបានទេ ថ្ងៃ៧ មករា ជួយរំដោះខ្ញុំ បានសប្បាយរីករាយ ខ្ញុំអត់ភ័យព្រួយទោះបីខ្ញុំអត់សព្វថ្ងៃនេះ រកស៊ីខ្លួនឯង ហត់លំបាក ហត់នឿយយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែប្រាប់កូនក្មួយខ្ញុំថា កូនយើងរកបានហូបខ្លួនយើង កាលពីសម័យម៉ែនៅពីក្មេង ដាំដំឡូងបាន ចិញ្ចឹមមាន់បាន គេមិនឲ្យហើងហូបទេ»។

ក្រៅពីការរំលឹកនឹកគុណដល់ថ្ងៃ ៧ មករា ហើយនោះ អ្នកស្រី ឱ មុំ ក៏បានបង្ហាញការពេញចិត្តសម្រាប់ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលបច្ចុប្បន្នផងដែរ ដែលកំពុងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន។ អ្នកស្រី ឱ មុំ ដែលជីវិតធ្លាប់រង់ទុក្ខវេទនាក្នុងរបបខ្មែរក្រហម ចង់ឃើញខ្មែរក្នុងសម័យបច្ចុប្បន្ន ជាពិសេសយុវជនទាំងអស់ ត្រូវរួបរួមគ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន៕

ខាងក្រោមជាវីដេអូ ដែលអ្នកស្រី ឱ មុំ រំលឹកនូវប្រវត្តិដ៏ឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត៖