(តាកែវ)៖ តូបលក់ដូរនៅផ្សារកំពង់ជ្រៃថ្មី សរុប៣០៤តូប ស្ថិតនៅឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានប្រគល់ជូនដល់ក្រុមអាជីវករចូលលក់ដូរដោយសេរី និងឥតគិតថ្លៃ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រគល់ជូនពួកគាត់រួចមក។
ថ្លែងនៅក្នុងពិធីសម្ពោធផ្សារកំពង់ជ្រៃថ្មី ស្ថិតនៅឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ លោក ដួង តារា អនុរដ្ឋលេខាធិកាទីស្ដីការគណៈរដ្ឋមន្រ្តី បានថ្លែងថា តូបលក់ដូរនៅក្នុងផ្សារកំពង់ជ្រៃថ្មី គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋ និងអាជីវក កាលពីពេលថ្មីៗកន្លងទៅនេះ សរុបចំនួន៣០៤តូប ដោយឥតគិតថ្លៃ។
លោក ដួង តារា បានណែនាំ និងផ្តាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ ដែលមានឈ្មោះចាប់បានតូបលក់ នៅក្នុងផ្សារថ្មីនេះ សូមកុំព្រួយបារម្ភថា ទៅថ្ងៃមុខគេនឹងដកយកតូបពីបងប្អូនវិញនោះ គឺគ្មានទេ ព្រោះតូបទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនបងប្អូនលក់ដូរតកូនតចៅ ឲ្យតែបងប្អូននាំគ្នាចូលលក់តាមតូបរៀងៗខ្លួន។ តែបើសិនជាបងប្អូន ដែលចាប់ឆ្នោតបានតូបលក់ហើយ បែរជាមិនមកលក់ នោះគណៈកម្មការផ្សារនឹងដកយកតូបនោះវិញ តែបើបងប្អូនមកលក់ចាប់ពីរយៈពេលមួយឆ្នាំឡើងទៅ នោះបងប្អូននឹងទទួលបានប័ណ្ណកម្មសិទ្ធិ ផ្តាច់មុខលក់(តកូន តចៅ) ដោយគ្មានបង់ភាស៊ីអ្វីទាំងអស់។
នៅក្នុងឱកាសនោះផងដែរ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចាត់ទុកការប្រគល់តូប ជូនបងប្អូនអាជីវករលក់ ដោយឥតគិតថ្លៃពីសំណាក់សម្ដេចតេជោ ហ៊ុន សែន គឺជាគិតគូដល់សុខទុក្ឋ និងជីវភាពបងប្អូនអាជីវករ និយាយជារួម សម្ដេចតេជោ ហ៊ុន សែន និងប្រជាជន គឺតែមួយ ទីណាប្រជាជនមានទុក្ខលំបាក ទឺនោះមានសម្ដេចតេជោជួយជានិច្ច។
លោក ប៉ាវ លុយ ប្រធានសហគមន៍ផ្សារកំពង់ជ្រៃថ្មី បានឲ្យដឹងថា ផ្សារនេះ បានកសាងឡើងចំណាយថវិកាសរុប៦៤,៤៤៤៤៤ដុល្លារ ដែលបានចំណាយទៅលើការសាងសង់ ហេដ្ឋារចនាសម្ព័នជុំវិញផ្សារ បំពាក់ប្រព័ន្ធលូ ទឹកស្អាត បណ្ដាញអគ្គិសនី ចាក់ផ្លូវបេតុងជុំវិញផ្សារ ដើម្បីបំពេញនៅតំរូវការ កន្លែងលក់ដូរជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់ការប្រកបអាជីវកម្ម និងធ្វើឲ្យកំរិតសេដ្ឋកិច្ច ស្រុកទ្រាំង មានការរីកចំរើនឡើង ក៏ដូចជា ការទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបន្ថែមទៀត តាមរយៈសកម្មភាពប្រកបរបរអាជីវកម្មនៅក្នុងផ្សារកំពង់ជ្រៃថ្មីនេះ៕